ភ្នំពេញ៖ យោងតាមទិន្នន័យ ដែលចេញផ្សាយដោយក្រុមហ៊ុនប្រតិបត្តិករផ្លូវល្បឿនលឿន កាលពីម្សិលមិញ បានឲ្យដឹងថា ក្នុងរយៈពេល ៣ ខែ ចាប់តាំងពីការបើកសម្ពោធក្នុងខែតុលាឆ្នាំមុន មានយានជំនិះជាង ១ លានគ្រឿង បានធ្វើដំណើរនៅលើផ្លូវល្បឿនលឿនដំបូងគេបង្អស់ដែលវិនិយោគដោយចិននៅកម្ពុជា។

ទិន្នន័យរបស់ក្រុមហ៊ុន Cambodia PPSHV Expressway បានបង្ហាញថា “ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២ បរិមាណរថយន្តចរាចរណ៍សរុបនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានចំនួន ១,១១២,៥៩០ គ្រឿង។

ផ្លូវល្បឿនលឿន មានប្រវែង ១៨៧ គីឡូម៉ែត្រ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ដែលវិនិយោគដោយសាជីវកម្មផ្លូវ និងស្ពានចិន ក្នុងតម្លៃ ២ពាន់លានដុល្លារ។ យានជំនិះនឹងអាចទៅដល់គោលដៅ ក្នុងរយៈពេលពីរម៉ោង តាមរយៈផ្លូវល្បឿនលឿននេះ ដែលមានបួនគន្លងក្រាលដោយបេតុងកៅស៊ូ២ គន្លងទៅ ២ គន្លងមក។

បើយោងតាមអ្នកគ្រប់គ្រងស្ថានីយគិតលុយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានឲ្យដឹងថា ផ្លូវល្បឿនលឿននេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធដឹកជញ្ជូនក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ដោយសារមានផ្លូវល្បឿនលឿន ការធ្វើដំណើរមានភាពងាយស្រួល ជួយសន្សំប្រាក់កាស និងកាត់បន្ថយពេលវេលាធ្វើដំណើរជាដើម ដោយចំណាយត្រឹម២៤ ដុល្លារ សម្រាប់រថយន្ត គ្រួសារ សម្រាប់ការធ្វើដំណើរគោលដៅទាំងពីរ៕

