ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសស្វាគមន៍ជាមុនដល់ភ្ញៀវទេសចរចិនដែលចង់មកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ខណៈកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរចិនយ៉ាងហោច២លាននាក់ នៅពេលរដ្ឋាភិបាលចិនបើកប្រទេសឡើងវិញនោះ។
ការថ្លែងស្វាគមន៍បែបនេះចំពោះភ្ញៀវទេសចរចិន គឺបានធ្វើឡើង ខណ:សម្ដេចតេជោ ហ៊ុន សែន រួមជាមួយ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដោយសម្ដេចលើកឡើងថា ពេលនេះ រដ្ឋាភិបាលចិន ត្រៀមបើកប្រទេស និងអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសបានឡើងវិញ នាដើមឆ្នាំ២០២៣, ដូច្នេះ យើងសូមប្រកាសស្វាគមន៍ជាមុនចំពោះអ្នកទេសចរចិនដែលចង់មកទស្សនាប្រទេសកម្ពុជា។

សម្រាប់ការបើកប្រទេសឡើងវិញតាំងពីជាងមួយឆ្នាំមុន និងការគ្រប់គ្រងបានល្អលើវិបត្តិកូវីដ-១៩ក្នុងប្រទេសកម្ពុជា ធ្វើឱ្យវិស័យសំខាន់មួយចំនួន គឺចាប់ផ្ដើមមានកំណើនឡើងវិញហើយ ដូចជាកសិកម្ម ឧស្សាហកម្ម សេវាកម្មជាដើម, ប៉ុន្តែក្នុងវិស័យសេវាកម្មនេះ គឺនៅសល់សេវាកម្មទេសចរណ៍ដែលកើនក្នុងកម្រិតទាប ពីព្រោះមុនពេលមានកូវីដ-១៩ កម្ពុជាទទួលបានភ្ញៀវទេសចរ ៦លាន៦សែននាក់ ឥលូវទទួលបានត្រឹមតែ ២លាន២សែននាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២២ ដូច្នេះ យើងសូមស្វាគមន៍ភ្ញៀវទេសចរចិន។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ មានសុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅ និងមានការត្រៀមខ្លួនរួចជាស្រេចចំពោះវត្តមានភ្ញៀវទេសចរចិន។ ឆ្នាំមុននេះ (២០២២) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ២លាន២សែននាក់ប៉ុណ្ណោះ តែក៏រំពឹងថានឹងទទួលបានអ្នកទេសចរចិន ២លាននាក់ផងដែរ ក្រោយពេលរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បើកឱ្យប្រជាជនខ្លួនចេញក្រៅប្រទេសបានឡើងវិញនាដើមឆ្នាំ២០២៣នេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN












