Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល្លឺម៉ង់-ចក្រភពអង់គ្លេស ឈប់ទិញប្រេងនិងឧស្ម័ន ពីរុស្ស៊ី

រដ្ឋធានីប៊ែរឡាំង៖ ក្រោយពេលប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានចេញក្រឹត្យមួយ ដាក់បម្រាម ដល់ការលក់ប្រេងទៅកាន់ប្រទេសណាមួយ ធ្វើតាមក្រុមប្រទេស G7 ដោយបានកំណត់តម្លៃប្រេងរបស់ក្រុងមូស្គូ ត្រឹមតែ៦០ដុល្លារនោះមក ប្រទេសអាល្លឺម៉ង់ បានសម្រេចបញ្ឈប់នូវការនាំចូលប្រេងរបស់រុស្ស៊ី តាមបំពង់បង្ហូរប្រេង ខណៈចក្រភពអង់គ្លេស ក៏បានបញ្ឈប់នូវការទិញឧស្ម័នរបស់រុស្ស៊ី ក្រោមហេតុផលដូចគ្នា។

គេហទំព័រ Oil Price បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២ ខែមករា ថា ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១ ខែមករា បានផ្អាកនូវការនាំចូលប្រេង តាមបំពង់បង្ហូរពីប្រទេសរុស្ស៊ី។ ការសម្រេចចិត្តរបស់ក្រុងប៊ែរឡាំង បានធ្វើឡើង តាមការសន្យាពីមុន ដើម្បីបញ្ឈប់ការទិញប្រេងឆៅ តាមបំពង់បង្ហូរប្រេងរបស់រុស្ស៊ី ថ្វីបើការហាមឃាត់របស់សហភាពអឺរ៉ុប មានការលើកលែងនូវការទិញប្រេង តាមបំពង់បង្ហូរ ពីប្រទេសរុស្ស៊ី មកកាន់តំបន់អឺរ៉ុប យ៉ាងក៏ដោយ។

សហភាពអឺរ៉ុប ហាមឃាត់ដល់ការនាំចូលប្រេងឆៅរបស់រុស្ស៊ី ដឹកចូលតាមច្រកសមុទ្រ ត្រូវបានចូលជាធរមាន កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ ប៉ុន្ដែបម្រាមនេះ មានការលើកលែងនូវការនាំចូលប្រេងរបស់រុស្ស៊ី តាមបំពង់បង្ហូរប្រេង ទៅកាន់បណ្ដារដ្ឋជាសមាជិក នៃសហភាពអឺរ៉ុប។

ទោះជាយ៉ាងណាក៏ដោយ អាល្លឺម៉ង់ និង ប៉ូឡូញ បានបញ្ជាក់ ថា ប្រទេសអឺរ៉ុបទាំងនេះ នឹងបញ្ឈប់នូវការនាំចូលប្រេងឆៅ មកពីប្រទេសរុស្ស៊ី តាមរយៈបំពង់បង្ហូរប្រេងឌ្រូសបា (Druzhba) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣នេះតទៅ។

បើតាមទីភ្នាក់ងារសារព័ត៌មានរបស់អាល្លឺម៉ង់ DPA បានផ្សាយ ថា ការផ្អាកនូវការនាំចូលប្រេងតាមបំពង់បង្ហូរប្រេងនេះ នឹងធ្វើឲ្យប៉ះពាល់ ដល់រោងចក្រចម្រាញ់ប្រេងនានា នៅក្នុងទីក្រុង Schwedt រដ្ឋប្រេនដែនប៊ឺគ (Bradenburg) និង ទីក្រុងលូណា (Leuna) រដ្ឋសាកសូនីអានហាល (Saxony-Anhatl) នាភាគខាងកើត ប្រទេសអាល្លឺម៉ង់។ ប៉ុន្ដែរដ្ឋាភិបាលក្រុងប៊ែរឡាំង បានបញ្ជាក់ ថា ជំនួសការផ្គត់ផ្គង់ ដល់រោងចក្រចម្រាញ់ប្រេងទាំងនោះ នឹងត្រូវទិញយក។

រដ្ឋាភិបាលអាល្លឺម៉ង់ បានដាក់អាជីវកម្មក្នុងប្រទេស សម្រាប់ក្រុមហ៊ុនប្រេងយក្ស Rosneft របស់រុស្ស៊ី ឱ្យស្ថិតក្រោមការធានា នៅក្នុងខែកញ្ញា ដោយប្រគល់នូវការគ្រប់គ្រង លើរោងចក្រចម្រាញ់ Schwedt ទៅឱ្យនិយតករទីផ្សារថាមពលរបស់ប្រទេស។ រោងចក្រ Schwedt នេះ ក្លាយជារោងចក្រចម្រាញ់ប្រេងដ៏ធំជាងគេលំដាប់លេខ៤ នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយត្រូវបានគ្រប់គ្រង រហូតដល់៥៤ភាគរយ ដោយក្រុមហ៊ុនប្រេងរដ្ឋរបស់រុស្ស៊ី។ រោងចក្រចម្រាញ់ប្រេងមួយនេះ បានទទួលប្រេងឆៅ តាមបំពង់បង្ហូរប្រេង Druzhba ហើយបានផ្គត់ផ្គង់ប្រេងឥន្ធនៈ រហូតដល់៩០ភាគរយ នៅក្នុងរដ្ឋធានីប៊ែរឡាំង។

ស្របគ្នានេះដែរ ចក្រភពអង់គ្លេស បានប្រកាសជាផ្លូវការ ថា ក្រុងឡុងដ៍ បញ្ឈប់នូវការនាំចូលឧស្ម័ន (LNG) មកពីប្រទេសរុស្ស៊ី។ ការិយាល័យកិច្ចការបរទេសរបស់ចក្រភពអង់គ្លេស បានចាត់ទុកនូវការទិញឧស្ម័នទាំងនេះ នឹងផ្ដល់ប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុ ជួយដល់សង្គ្រាមរបស់រុស្ស៊ី ដែលកំពុងតែបន្ដ នៅក្នុងប្រទេសអ៊ុយក្រែន។

ការិយាល័យកិច្ចការបរទេសរបស់ចក្រភពអង់គ្លេស បានបញ្ជាក់ នៅក្នុងបណ្ដាញសង្គម Tweet ថា «ថ្ងៃនេះ ចក្រភពអង់គ្លេស បានបញ្ចប់នូវការនាំចូលឧស្ម័ន មកពីប្រទេសរុស្ស៊ី ទាំងស្រុង។ យើងកំពុងតែកាត់ផ្ដាច់នូវមូលនិធិ ចេញពីលោក ពូទីន សម្រាប់យកលុយទៅផ្គត់ផ្គង់ដល់សង្គ្រាមរបស់គាត់ ហើយយើងក៏កំពុងតែគាំទ្រដល់បណ្ដាប្រទេសនានា នៅជុំវិញពិភពលោក ត្រូវតែកាត់បន្ថយនូវការពឹងផ្អែករបស់ពួកគេ ទៅលើប្រេង និង ឧស្ម័នរបស់រុស្ស៊ី»។

បច្ចុប្បន្ន សហរដ្ឋអាមេរិក ក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័ន (LNG) ដ៏ធំជាងគេបំផុត ដល់ចក្រភពអង់គ្លេស និង បណ្ដាប្រទេសផ្សេងៗទៀត នៅតំបន់អឺរ៉ុប។ អឺរ៉ុប បានខិតខំប្រឹងប្រែងយ៉ាងលំបាក សម្រាប់ការផ្តាច់ខ្លួន ចេញពីការទំនិញថាមពលរបស់រុស្ស៊ី ចាប់តាំងពីការឈ្លានពានរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ សហភាពអឺរ៉ុប បានហាមឃាត់ធ្យូងថ្មរបស់រុស្ស៊ី ហើយគ្រោងនឹងរារាំង ដល់ការនាំចូលប្រេង មកពីរុស្ស៊ី ភាគច្រើន នៅចុងឆ្នាំ២០២២ ដោយមានគោលបំណង ដកហូតប្រភពប្រាក់ចំណូលដ៏សំខាន់ ចេញពីក្រុងមូស្គូ យកទៅធ្វើសង្គ្រាម នៅក្នុងអ៊ុយក្រែន។

បើតាមសារព័ត៌មាន The Wall Street Journal បានរាយការណ៍ ថា ការនាំចូលឧស្ម័នរបស់រុស្ស៊ីរបស់ប្លុកសេរីមួយនេះ កើនឡើង ដល់៤១ភាគរយ នៅក្នុងឆ្នាំនេះ រហូតដល់ខែសីហា៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×