រដ្ឋធានីកៀវ៖ ស្របពេលសង្គ្រាមរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានអូសបន្លាយ អស់រយពេល៣១៥ថ្ងៃ គិតត្រឹមថ្ងៃទី៤ ខែមករា នេះ ការវា.យប្រយុទ្ធគ្នា រវាងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី កំពុងតែបន្ដបាញ់ប្រហារគ្នាយ៉ាងសាហាវស៊ីសាច់ហុតឈាមគ្នា បើទោះជាពួកគេធ្លាប់រស់នៅក្រោមដំបូលសហភាពសូវៀតតែមួយ ជាមួយគ្នាយ៉ាងណាក្ដី ហើយឥឡូវនេះ ក្រុងកៀវ បានអះអាង អំពីការបាញ់កម្ទេចឃ្លាំងស្ដុកគ្រាប់របស់ក្រុងមូស្គូ និង បានស.ម្លាប់ទាហានរបស់មេដឹកនាំវិមានក្រឹមឡាំង កើនឡើង ដល់ជាង ១០៨ ០០០០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាមដំបូង នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃនេះ។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៤ ខែមករា ថា នាយកដ្ឋានទំនាក់ទំនងយុទ្ធសាស្រ្ដរបស់កងទ័ពអ៊ុយក្រែន បានរាយការណ៍ ថា អង្គភាពប្រតិបត្តិការពិសេស នៃកងពលតូចមេកានិចលេខ៩២ ដែលដាក់ឈ្មោះ Ivan Sirko បានប្រើប្រាស់ដ្រូនវាយប្រហារកម្ទេចឃ្លាំងគ្រាប់រំសេវរបស់ទាហានរុស្ស៊ី នៅជាយក្រុងស្វាតូវ (Svatove) តំបន់លូហាន់ស្ក៍ (Luhansk)។ ការវាយប្រហារនោះ បានកើតឡើង ក្រោយពេលស៊ើបការណ៍ដឹង ថា ទាហានរុស្ស៊ី កំពុងតែដឹកជញ្ជូនគ្រាប់រំសេវ ទៅកាន់ឃ្លាំងស្ដុកគ្រាប់ នៅក្នុងទីក្រុង Svatove អស់រយៈពេលជិត២សប្ដាហ៍កន្លងមកហើយ។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ចេញរបាយការណ៍របស់ខ្លួន ហើយបានបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសហ៊ុក ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងទ័ពការពារទឹកដីអ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី ចំនួន៧៥០នាក់។ ជាមួយនឹងតួលេខថ្មីនេះ ធ្វើឲ្យក្រុងមូស្គូ បាត់បង់ទាហាន កើនឡើង រហូតដល់ ១០៨ ១៩០នាក់ គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបន្ដ ថា ក្រៅតែពីការស.ម្លាប់ទាហានរុស្ស៊ី អស់ជាង ១០៨ ០០០នាក់នោះ កងទ័ពអ៊ុយក្រែន ក៏បានបាញ់កម្ទេចគ្រឿងយុទ្ធោបករណ៍ទំនើបៗរបស់ក្រុងមូស្គូ អស់យ៉ាងច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត រួមមាន៖ យន្ដហោះចម្បាំង ចំនួន២៨៣គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន២៧០គ្រឿង, រថក្រោះ ចំនួន ៣ ០៣៦ គ្រឿង, រថពាសដែក ចំនួន ៦ ១០០គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន ២០៣៣គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ ចំនួន៤២៤គ្រឿង, ប្រព័ន្ធការពារដែនអាកាស ចំនួន ២១៤គ្រឿង, យានយន្ដ ចំនួន ៤ ៧៣៥គ្រឿង, នាវាចម្បាំងតូចធំ ចំនួន១៦គ្រឿង, ដ្រូន ចំនួន ១ ៨១៩គ្រឿង និង មីស៊ីលគ្រូស ចំនួន៧២៣គ្រាប់។
ទោះជាយ៉ាងណា អ៊ុយក្រែន មិនបានចេញផ្សាយតួលេខលម្អិត អំពីចំនួនពិតប្រាកដ នៃកងទ័ពរបស់ខ្លួនស្លាប់នោះឡើយ។ ប៉ុន្ដែកាលពីប៉ុន្មានខែមុននេះ មន្រ្ដីក្រុងកៀវ បានអះអាង ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ជាង១ម៉ឺននាក់ បានបាត់បង់ជីវិត។ ចំណែកតួលេខ នៃចំនួនទាហានរុស្ស៊ី បាត់បង់ជីវិតនេះ គ្រាន់តែជាការចេញផ្សាយ ពីភាគីអ៊ុយក្រែនតែប៉ុណ្ណោះ។

ដោយឡែក រុស្ស៊ី វិញ កម្រនឹងចេញផ្សាយជាសាធារណៈ អំពីចំនួនទាហានរបស់ខ្លួនស្លាប់ នៅលើសមរភូមិប្រយុទ្ធខ្លាំងណាស់ ដោយសារក្រុងមូស្គូ លើកហេតុផល ពីអាថ៌កំបាំងសន្ដិសុខជាតិ។ ប៉ុន្ដែទើបតែពេលថ្មីៗនេះ ក្រសួងការពារជាតិរុស្ស៊ី បានអះអាង ថា ការវាយប្រហាររបស់អ៊ុយក្រែន ទៅលើបន្ទាយទាហានបណ្ដោះអាសន្ន នៅតំបន់ភាគខាងកើត បានស.ម្លាប់ទាហានរុស្ស៊ី ចំនួន៦០នាក់។
ក្រសួងការពារជាតិរុស្ស៊ី បានចេញមុខ មកអះអាងដ៏កម្រនេះ បានកើតឡើង ក្រោយពេលក្រុងកៀវ បានបញ្ជាក់ ថា កងទ័ពការពារទឹកដី បានបាញ់ប្រហារទៅលើបន្ទាយទាហានរុស្ស៊ី ដែលទើបនឹងកេណ្ឌទ័ពមកថ្មី ដោយបានស.ម្លាប់ទាហានជាង៤០០នាក់ និង មនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស៕ រក្សាសិទ្ធិដោយ ៖ សារាយSN







