រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលចិនកំពុងតែបោះជំហានទៅមុខយ៉ាងលឿន ទាំងវិស័យយោធា បច្ចេកវិទ្យា និង អវកាសនោះ អង្គការណាសា (NASA) បានអះអាង ថា ក្រុងប៉េកាំង មិនត្រឹមតែអះអាង អំពីសមុទ្រចិនខាងត្បូង ជាកម្មសិទ្ធិរបស់ខ្លួនទាំងស្រុងនោះឡើយ សូម្បីតែដែនដី នៅលើឋានព្រះចន្ទ ក៏ចាត់ទុកជារបស់ខ្លួនផងដែរ ប្រសិនបើចិនឈ្នះ នៅក្នុងការរត់ប្រណាំងផ្នែកអវកាសថ្មីនេះ។
សារព័ត៌មាន The Eurasia Times បានចេញផ្សាយ កាលពីថ្ងៃទី៣ ខែមករា ថា បើតាមប្រធានរដ្ឋបាលអង្គការ NASA បានឲ្យដឹង ថា ចិន និង សហរដ្ឋអាមរិក បាន និង កំពុងតែរត់ប្រណាំងគ្នាផ្នែកអវកាសថ្មី ហើយគាត់បានព្រមាន ថា ប្រសិនបើចិនឈ្នះ ក្រុងប៉េកាំង អាចនឹងទាមទារកម្មសិទ្ធិដែនដី នៅលើឋានព្រះចន្ទ ជាដែនអធិបតេយ្យភាពរបស់ចិន។

លោក ប៊ីល ណែលសុន (Bill Nelson) ប្រធានរដ្ឋបាលអង្គការណាសា (NASA) និង ជាព្រឹទ្ធសភា ប្រចាំរដ្ឋហ្វ័រីដា (Florida) ហើយក៏ជាអតីតអវកាសយានិក បានប្រាប់ដល់សារព័ត៌មាន Politico ថា ប្រសិនបើចិន មានមូលដ្ឋានឈរជើង ជាលើកដំបូង នៅលើឋានព្រះចន្ទនោះ ក្រុងប៉េកាំង អាចការពារធនធានដ៏សម្បូរបំផុត នៅលើភពនោះ។
លោកប្រធានអង្គការណាសា (NASA) រូបនេះ បានបញ្ជាក់ ថា «វាជាការពិតណាស់ បច្ចុប្បន្ន យើងកំពុងតែរត់ប្រណាំងផ្នែកអវកាស។ ដូច្នេះ សហរដ្ឋអាមេរិក គួរតែមានការប្រយ័ត្នខ្ពស់ ព្រោះថា ក្រុងប៉េកាំង នឹងទៅដល់ណាកន្លែងមួយ នៅលើព្រះច័ន្ទ ក្រោមការសន្និដ្ឋាន នៃការសិក្សាបែបវិទ្យាសាស្ត្រ ហើយបញ្ហាក៏មិនហួស អំពីលទ្ធភាពជើងមេឃ ដែលពួកគេនិយាយ ថា «ចូរចាំថា យើងនៅទីនេះ ជាទឹកដីរបស់យើង»។
លោក Nelson បានបន្ដ ថា អត្ដចរិតយ៉ាងគឃ្លើនរបស់ក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង ជាកន្លែងរដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាង ជាដែនអធិបតេយ្យភាពរបស់ខ្លួន លើដែនទឹកដ៏ធំល្វឹងល្វើយ ដែលជាកម្មសិទ្ធិរបស់ប្រជាជាតិដទៃផងដែរ។

កាលពីអំឡុងខែធ្នូ កន្លងទៅនេះ រដ្ឋាភិបាលចិន បានប្រកាស អំពីផែនការរបស់ក្រុងប៉េកាំង សម្រាប់គម្រោងដ៏ធំសម្បើម រួមទាំងការបង្កើតប្រព័ន្ធគ្រប់គ្រងអវកាស និង សាងសង់ហេដ្ឋារចនាសម្ព័ន្ធអវកាស។ ជាមួយនឹងការប្រណាំងប្រជែងផ្នែកអវកាសនេះ ទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិក បាន និង កំពុងតែធ្វើការងារជាបន្ដបន្ទាប់ នៅលើគម្រោងរុករក ដោយមនុស្សយើង និង រ៉ូប៉ូត មានឈ្មោះ Artemis នៅក្នុងបេសកកម្ម លើភពព្រះចន្ទ។
ទោះជាយ៉ាងណា លោក លីវ ផេងយូ (Liu Penyu) អ្នកនាំពាក្យ ស្ថានទូតចិន ប្រចាំនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «មន្ត្រីសហរដ្ឋអាមេរិកមួយចំនួន បាននិយាយដោយអត់មានការទទួលខុសត្រូវ ដោយមានទម្លាប់មើលងាយនឹងកិច្ចខិតខំប្រឹងប្រែងផ្នែកអវកាស ដោយស្របច្បាប់របស់ក្រុងប៉េកាំង។ ចិន សូមច្រានចោលនូវការលើកឡើងបែបនេះ»។
សមុទ្រចិនខាងត្បូង មានទំហំប្រហែល ៣,៥លានគីឡូម៉ែត្រការ៉េ ជាទីសម្បូណ៌ទៅដោយធនធានធម្មជាតិ រ៉ែ និង ជីវចម្រុះ។ សមុទ្រចិនខាងត្បូងនេះ មានជម្រៅ ប្រហែល ១ ២១២ម៉ែត្រ ហើយក៏ជាច្រកដឹកជញ្ជូនតាមកប៉ាល់ដ៏សំខាន់ សម្រាប់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ ទៅកាន់ទីផ្សាររបស់ពិភពលោក ក្នុងមួយឆ្នាំៗ មានទំហំទឹកប្រាក់ រហូតដល់៣ពាន់ពាន់លាន ($3Trillion) ដុល្លារសហរដ្ឋអាមេរិក។
ក្រុងប៉េកាំង តែងតែទាមទារដែនទឹក នៅក្នុងសមុទ្រចិនខាងត្បូង ស្ទើរតែទាំងអស់ ជាដែនអធិបតេយ្យភាពរបស់ចិន។ ការអះអាងរបស់ក្រុងប៉េកាំង បាន និង កំពុងតែនាំឲ្យកើតមានជម្លោះជាមួយជិតខាង រួមមាន ប្រទេសវៀតណាម ហ្វីលីពីន ប៊្រុយណេ ម៉ាឡេស៊ី និង កោះតៃវ៉ាន់៕ រក្សាសិទ្ធិដោយ ៖ សារាយSN





















