ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ចេញផ្សាយនាពេលថ្មី២នេះថា កំណើនត្រី ដែលចាប់បាននៅក្នុងគន្លងដាយ ឆ្លុះបញ្ចាំងពីបរិមាណត្រីទឹកសាបនៅក្នុងធម្មជាតិ មានការកើនឡើងជាងមុន ដែលជាលទ្ធផលនៃការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវបទល្មើសក្នុងបឹងទន្លេសាប ពីសំណាក់មន្ត្រីជលផល និងកងកម្លាំងមានសមត្ថកិច្ចចម្រុះទាំងអស់កាលពីរដូវត្រីពងក្នុងអំឡុង ឆ្នាំ២០២២កន្លងទៅ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ផលនេសាទដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅក្នុងឆ្នាំ២០២២-២០២៣ គិតមកដល់ថ្ងៃនេះ សម្រេចបានបរិមាណ ១៤៨១តោន។ បរិមាណនេះ កើនឡើងប្រមាណ ៤០ភាគរយ បើធៀបទៅនឹងផលនេសាទដោយតីនារដូវ នេសាទឆ្នាំ២០២១-២០២២ ដែលទទួលបានចំនួន ៨៩០តោន។

នៅពេលដែលផលត្រីកើនឡើង ប្រជានេសាទ និងប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋាន អាចរកត្រីទទួលទានបានងាយ និងមានតម្លៃសមរម្យ ដែលជាកត្តារួមចំណែកកាត់បន្ថយភាពក្រីក និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍។

ក្រសួងកសិកម្ម ថានឹងបន្តរកតុល្យភាពរវាងអភិរក្ស និងអភិវឌ្ឍ មិនត្រឹមតែនៅ បឹងទន្លេសាបប៉ុណ្ណោះទេ ប៉ុន្តែនៅទន្លេមេគង្គលើផងដែរ។ ទន្លេសាប ជាកន្លែងត្រីធំធាត់ រីឯទន្លេមេគង្គលើជាកន្លែងត្រីបន្តពូជ និងជាកន្លែងសត្វផ្សោតរស់នៅ។ ការរក្សាតំបន់ទាំងពីរនេះកុំឱ្យមានការនេសាទហួសកម្រិត នឹងនាំមកនូវភោគផលត្រីពោរពេញផ្ទៃប្រទេស។

បើតាមក្រសួងកសិកម្ម ប្រភេទត្រីដែលនេសាទបាន ក្នុងរដូវនេសាទនេះ រួមមាន៖ ត្រីរៀល ៤៥% ស្លឹកឫស្សី ៣០% ខ្នងវែង ៥% ត្រីកញ្ជ្រក ៣% ត្រីច្រកែង ២% ត្រីឈិត ៥% និងត្រីចម្រុះ ១០%។ ចំណែកប្រជាពលរដ្ឋដែល អញ្ជើញមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងលក់បន្ត មានចំនួនប្រមាណ ៨ ០០០នាក់ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណ ៩០% មកពីបណ្តាខេត្តផ្សេងៗ៕