ភ្នំពេញ៖ រដ្ឋាភិបាលចិន ត្រៀមបើកប្រទេស និងអនុញ្ញាតឱ្យប្រជាជនខ្លួន ចេញក្រៅប្រទេសបានឡើងវិញ នាដើមឆ្នាំ២០២៣ខាងមុខនេះ។ ខណៈរដ្ឋាភិបាលចិន បានត្រៀមបើកប្រទេស និងអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសបែបនេះ កម្ពុជា បានប្រកាសស្វាគមន៍ជាមុន ចំពោះភ្ញៀវទេសចរចិន ដែលចង់មកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា។

ដើម្បីត្រៀមទទួលភ្ញៀវទេសចរចិន រដ្ឋាភិបាលក៏បានបន្តពង្រឹងគុណភាព សេវាកម្មទទួលទេសចរចិន (China Ready) ទ្បើងវិញ ដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ទទួលទេសចរចិនមកវិញ។ កម្ពុជារំពឹងខ្ពស់ពីកំណើនទេសចរចិន បន្ទាប់ពីរដ្ឋាភិបាលចិន បានប្រកាសពីការបើកប្រទេស និងអនុញ្ញាតិឱ្យអ្នកដំណើរចាកចេញពីប្រទេស ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ខាងមុខនេះតទៅ ដែលជាសញ្ញាវិជ្ជមានមួយ សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការវិនិយោគរបស់កម្ពុជា។កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរចិនយ៉ាងហោច២លាននាក់ នៅពេលរដ្ឋាភិបាលចិនបើកប្រទេសឡើងវិញនោះ។

ឯកឧត្តម ស៊ិន ច័ន្ទសេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣នេះទៅ ប្រទេសចិននឹងបើកចំហប្រទេសរបស់គាត់ ឲ្យអ្នកដំណើរចេញចូលធម្មតាទៅកាន់ទិសដៅ ដែលគាត់ចង់ទៅ។ ដោយឡែកប្រទេសកម្ពុជា ក៏បានស្វាគមន៍ និងមានលិខិតស្វាគមន៍ហោះហើរឡើងវិញ តភ្ជាប់ជាមួយក្រុមហ៊ុនចិន ក្នុងខេត្តទាំងឡាយណា ដែលមានសក្តានុពលចំពោះប្រទេសកម្ពុជា។

ឯកឧត្តមបន្តថា ចរន្តហោះហើរពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា ត្រូវទាមទារពេលវេលា ដោយសារ រហូតមកទល់ពេលនេះ នៅមិនទាន់ដល់កាលកំណត់ នៃការបើកប្រទេសចិនឡើងវិញនៅឡើយ ទោះបីជាមានក្រុមហ៊ុនចិនមួយចំនួន បានពាក្យស្នើសុំចំណតបម្រុងទុកក្តី ក៏ត្រូវរង់ចាំពិនិត្យមើលលើការចុះចត និងចំនួននៃការមកដល់នៃអ្នកដំណើរចិនជាក់ស្តែងម្តងទៀត។

យោងតាមលោក វ៉ាន វិនធាន ដែលជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា ជាប្រទេសនៃគោលដៅរបស់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចិនលំដាប់ទី១នៅក្នុងតំបន់ ដោយសារទំនាក់ទំនងល្អរវាង រដ្ឋាភិបាលនៃប្រទេសទាំងពីរ។

យោងតាមក្រសួងទេសចរណ៍ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរចិនជាង៩ម៉ឺននាក់ ក្នុងអត្រាកំណើន១១៣,៨% ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់ឆ្នាំ២០២៣។ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានវាយតម្លៃថា កាលពីមុនពេលមានជំងឺកូវីដ១៩ ប្រទេសចិនគឺជាប្រភពទីផ្សារទេសចរណ៍ដ៏ធំជាងគេ នៅលើពិភពលោក ភ្ញៀវទេសចរណ៍ចិន បានចេញទៅកម្សាន្តនៅក្រៅប្រទេស រហូតដល់ជាង២០០លាននាក់ ខណៈកម្ពុជាមានគោលដៅ ទាក់ទាញឱ្យបាន២លាននាក់ ប៉ុន្តែកំណើននេះ ក៏បានធ្លាក់ចុះយ៉ាងគំហុកទៅវិញ ដោយសារតែវិបត្តិជំងឺកូវីដកាលពីចុងឆ្នាំ២០១៩៕
