រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងការបង្ហូរគ្រឿងសព្វាវុធទំនើបៗ ចេញពីឃ្លាំងស្ដុកអាវុធរបស់បណ្ដាប្រទេស ជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ឬ អូតង់ បានជួយដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន មានសមត្ថភាពគ្រប់គ្រាន់ វាយបំពាក់កម្លាំងទាហានរបស់រុស្ស៊ី ដែលជាមហាអំណាចយោធាលំដាប់លេខ២ នៅលើពិភពលោក ឲ្យបាក់អំនួតជាបន្ដបន្ទាប់ ហើយឥឡូវនេះ សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តលោកខាងលិច កំពុងតែរៀបចំកញ្ចប់ជំនួយយោធាថ្មី កាន់តែធំឡើងបន្ថែមទៀត សម្រាប់ជួយដល់ក្រុងកៀវ។

ទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៦ ខែមករា ថា ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ក្រុងវ៉ាស៊ីនតោន នឹងបញ្ជូនកញ្ចប់ជំនួយយោធាថ្មីបន្ថែមទៀត មានទំហំទឹកប្រាក់ ជិត៣ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន។ កញ្ចប់ជំនួយដ៏ធំសម្បើមនេះ ក៏ជាលើកដំបូងផងដែរ ដោយរាប់បញ្ចូលទាំងរថចម្បាំងដ៏ទំនើប ប្រភេទ Bradley រាប់សិបគ្រឿង។ នេះជាការបោះជំហានចុងក្រោយបង្អស់ នៃរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងការបង្កើននូវការបញ្ជូនគ្រឿងសព្វាវុធដ៏សាហាវ និង មានអានុភាពយ៉ាងខ្លាំងក្លា ជួយដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន វាយបណ្ដេញកម្លាំងទាហានរបស់រុស្ស៊ី ឲ្យចេញពីប្រទេសរបស់ពួកគេ។

ស្របគ្នានេះដែរ សម្ពន្ធមិត្ដនៅតំបន់អឺរ៉ុបរបស់ក្រុងវ៉ាស៊ីនតោន ក៏បានបោះជំហានទៅមុខ ចំពោះការប្ដេជ្ញាចិត្តរបស់ពួកគេ នៅក្នុងការបញ្ជូនគ្រឿងសឹកចម្បាំង ទៅជួយដល់ប្រទេសអ៊ុយក្រែន។ អាល្លឺម៉ង់ ជាប្រទេសដ៏មានឥទ្ធិពល និង មានសេដ្ឋកិច្ចដ៏ខ្លាំងក្លាជាងគេបំផុត នៅក្នុងតំបន់អឺរ៉ុប បានប្រកាស ថា ក្រុងប៊ែរឡាំង នឹងផ្គត់ផ្គង់រថពាសដែកដឹកកងទ័ពជាច្រើនគឿង និង ប្រព័ន្ធការពារដែនអាកាសដ៏ទំនើប ប្រភេទ Patriot (ផេទ្រីយ៉ូត) ទៅឲ្យប្រទេសអ៊ុយក្រែន។ ទន្ទឹមគ្នានេះ បារាំង ក៏បានបញ្ជាក់ ថា ក្រុងប៉ារីស នឹងចរចានាពេលឆាប់ៗនេះ ស្ដីអំពីវិធីសាស្រ្ដ នៅក្នុងបញ្ជូនរថចម្បាំងជាច្រើនគ្រឿង ទៅជួយដល់ក្រុងកៀវ ផងដែរ។
ទោះជាយ៉ាងណា ការប្រកាស អំពីការបញ្ជូនគ្រឿងយុទ្ធោបករណ៍របស់ប្រទេសមហាអំណាចបស្ចិមលោកទាំងនេះ នៅតែមិនទាន់បានបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ ទៅជួយដល់អ៊ុយក្រែន នៅឡើយ។ ដូច្នេះ វានៅតែមានបញ្ហាស្មុគស្មាញ សម្រាប់កងទ័ពការពារទឹកដីរបស់ក្រុងកៀវ ដែលត្រូវការប្រើប្រាស់កាំភ្លើងបាញ់ប្រហារ ទៅលើគោលដៅ នៅក្នុងចម្ងាយឆ្ងាយ។ រថចម្បាំង Bradley គ្រាន់តែជាប្រភេទរថពាសដែក អាចដឹកកងទ័ព ទៅប្រយុទ្ធ ហើយវាក៏មិនមែនជារថក្រោះនោះដែរ ប៉ុន្ដែវាក្លាយជាអ្នកពិឃាដរថក្រោះដ៏ល្បីល្បាញ ដោយសារតែមានបំពាក់មីស៊ីល ប្រឆាំងនឹងរថក្រោះ។

ជំនួយយោធាថ្មីបន្ថែមចុងក្រោយរបស់សហរដ្ឋអាមេរិក មានទឹកប្រាក់ សរុបប្រហែល ២,៨៥ពាន់លានដុល្លារ ដោយរាប់បញ្ចូលទាំង រថពាសដែក ប្រភេទ Bradley (ប្រេដឡេ) ប្រហែល៥០គ្រឿងផងដែរ។ នេះជាកញ្ចប់ជំនួយយោធាដ៏ធំបំផុតមួយ នៅក្នុងចំណោមកញ្ចប់ជំនួយជាបន្ដបន្ទាប់ ដែលមន្ទីរបញ្ចកោណ បាន និង កំពុងតែបង្ហូរ ចេញពីឃ្លាំងស្ដុកអាវុធរបស់ខ្លួន បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ ទន្ទឹមគ្នានេះ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក មានគោលបំណងផ្ដល់គ្រឿងសព្វាវុធ ឲ្យកាន់តែច្រើន ជួយដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន មានលទ្ធភាពប្រយុទ្ធ នៅក្នុងសង្គ្រាមរដូវរងា នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយមានការរំពឹង ថា នឹងមានការប្រយុទ្ធកាន់តែខ្លាំងក្លាឡើង។
លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក និង លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃព្រហស្បតិ៍ ថា ក្រុងវ៉ាស៊ីនតោន នឹងផ្គត់ផ្គង់រថចម្បាំង ប្រភេទ Bradley ជាច្រើនគ្រឿង ជួយដល់ប្រទេសអ៊ុយក្រែន ខណៈក្រុងប៊ែរឡាំង ក៏នឹងផ្ដល់រថពាសដែកដឹកកងទ័ព ប្រភេទ Marder ផងដែរ។ ប៉ុន្ដែសេចក្ដីថ្លែងការណ៍នោះ មិនបានផ្ដល់ព័ត៌មានលម្អិត អំពីចំនួនរថចម្បាំង ជាក់លាក់ ឬ ការចំណាយសរុប ទៅលើកញ្ចប់ជំនួយទាំងនោះដែរ។

លោប្រធានាធិបតី បៃដិន បានបញ្ជាក់ នៅក្នុងអំឡុងកិច្ចប្រជុំ ជាមួយនឹងគណៈរដ្ឋមន្រ្ដីរបស់គាត់ នៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ថា «យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើទៅបាន សម្រាប់ជួយដល់ប្រជាជនអ៊ុយក្រែន ទប់ទល់ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ហើយក្រុងមូស្គូ ក៏នៅតែមិនព្រម ព្យាយាមកាត់បន្ថយល្បឿន នៃអំពើឃោរឃៅនោះដែរ។ សកម្មភាពរបស់ពួកគេ កំពុងតែធ្វើ គឺព្រៃផ្សៃ ដូចកាលពីមួយឆ្នាំមុន ហើយរុស្ស៊ី ក៏នៅតែមិនព្រមចុះចាញ់នោះឡើយ»។
ការប្រកាសរបស់មេដឹកនាំ ប្រទេសមហាអំណាចបស្ចិមលោក មិនបានប៉ុន្មានផង ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បានថ្លែងនូវពាក្យដឹងគុណតបវិញ ថា «ថ្ងៃនេះ ខ្ញុំចង់ថ្លែងអំណរគុណ ដោយផ្ទាល់ ជូនដល់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និង លោកអធិការបតីអាល្លឺម៉ង់ Olaf Scholz សម្រាប់ការសម្រេចចិត្ត ពង្រឹងកិច្ចការពារជាតិរបស់យើង ដែលជាការសម្រេចចិត្តដ៏សំខាន់បំផុត។ យើងនឹងមានប្រព័ន្ធការពារ Patriot មួយផ្សេងទៀត និង រថពាសដែកដ៏មានអានុភាពខ្លាំងក្លា។ នេះពិតជាជ័យជម្នះដ៏អស្ចារ្យ សម្រាប់រដ្ឋរបស់យើង និង ប្រជាជាតិរបស់យើង»។
សហរដ្ឋអាមេរិក កាលពីខែមុន បានបញ្ជូនប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតរបស់បស្ចិមលោក ប្រភេទ Patriot ជាលើកដំបូង ទៅជួយដល់អ៊ុយក្រែន ក្រោយពេលប្រទេសអឺរ៉ុបខាងកើតមួយនេះ បានរងការបាញ់ប្រហារយ៉ាងខ្លាំង កម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ បង្កឡើង ដោយកម្លាំងទាហានរុស្ស៊ី។ ប៉ុន្ដែនៅដើមឆ្នាំនេះ កងទ័ពអ៊ុយក្រែន ហាក់បីដូចជាកំពុងតែមានប្រៀប ហើយវាយកាន់តែខ្លាំង ទៅលើទីតាំងឈរជើងដ៏រឹងមាំរបស់រុស្ស៊ី ទាំងនៅភាគខាងកើត និង ភាគខាងត្បូង ប្រទេស៕ រក្សាសិទ្ធិដោយ ៖ សារាយSN













