កំពត-កែប៖ ការបោះបង់របស់ក្រុមអ្នកផលិតអំបិលនៅខេត្តកំពត-កែប កំពុងក្លាយជាក្តីកង្វល់ដល់ការផលិតអំបិលនៅកម្ពុជា ត្បិតវាអាចធ្វើឲ្យកម្ពុជាប្រឈមនឹងខ្វះអំបិល ដែលផលិតផលយុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់។

មន្រ្តីមន្ទីរឧស្សាហកម្មខេត្តកែប បានអះអាងថា ក្រុមអ្នកផលិតអំបិល បានបោះបង់ការផលិតអំបិលនៅឆ្នាំនេះ ក្រោយការផលិតអំបិលនៅប៉ុន្មានឆ្នាំចុងក្រោយ ទទួលបានទិន្នផលទាប ប្រាក់ឈ្នួលពលកម្មឡើងថ្លៃ និងកង្វះដើមទុនជាដើម។
ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប លោក ប៊ុន យោង បានឲ្យដឹងថា ការផលិតអំបិលនៅខេត្តកែប បានចាប់ដំណើរការហើយ ដោយបច្ចុប្បន្នមានពលរដ្ឋតែ៤០គ្រួសារស្មើនឹង៧ក្រុមប៉ុណ្ណោះ បានបន្តអាជីពមួយនេះ។
បច្ចុប្បន្នខេត្តកែប មានផ្ទៃដីផលិតអំបិលចំនួន ៥៥៩ហិកតា។ កាលពីឆ្នាំ២០២២ ខេត្តនេះ ផលិតអំបិលបានចំនួនជិត ៣ពាន់តោន ធ្លាក់ចុះជាង៧០% បើធៀបនឹងឆ្នាំមុន ដែលមានជិត១ម៉ឺនតោន ដោយចំនួននេះ បានរួមចំណែក ១០% ប៉ុណ្ណោះនៃតម្រូវការអំបិលទូទាំងប្រទេស។ ខេត្តកំពត និងកែប មានផ្ទៃដីផលិតអំបិលប្រមាណ៤.៥០០ហិកតា ដោយ១ហិកតា អាចផលិតអំបិលបានជាង ២០តោនក្នុង១ឆ្នាំ ប្រសិនបើអាកាសធាតុអំណោយផល។ កាលពីឆ្នាំ២០១៨ កម្ពុជាបាននាំចូលអំបិលពីចិន១ម៉ឺនតោន និងនៅឆ្នាំ២០១៩ បាននាំចូលអំបិលពីឥណ្ឌា និងចិន ក្នុងរង្វង់៣ម៉ឺនតោន។

បើតាមការវាយតម្លៃរបស់មន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បញ្ហាកង្វះកម្លាំងពលកម្មក្នុងផលិតកម្មអំបិលរបស់កម្ពុជា អាចបណ្តាមកពីប្រជាពលរដ្ឋ ដែលបម្រើការងារក្នុងវិស័យនេះបានផ្លាស់ទៅបម្រើការងារក្នុងវិស័យផ្សេងៗ ដែលក្នុងនាមកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍អាចជម្រើសការងារច្រើនសម្រាប់ពួកគេ។ កត្តានេះហើយ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលក្នុងការរក្សា និងគាំពារកម្លាំងពលកម្មក្នុងវិស័យផលិតអំបិលនៅកម្ពុជា។
គួរបញ្ជាក់ថា បើតាមមន្រ្តីក្រសួងឧស្សាហកម្ម ឆ្នាំ២០២២ កម្ពុជា ផលិតអំបិលបានប្រមាណ ៤ម៉ឺនតោន ខណៈកម្ពុជាមានតម្រូវការអំបិលសម្រាប់ប្រើប្រាស់ក្នុងរង្វង់១០ម៉ឺនតោនក្នុង១ឆ្នាំ។ តែយ៉ាងណា កម្ពុជានឹងមិនជួបបញ្ហាខ្វះអំបិលសម្រាប់ប្រើប្រាស់នោះទេ ខណៈបច្ចុប្បន្ន កម្ពុជានៅសល់អំបិល ដែលនាំចូលពីក្រៅប្រទេសជាង១ម៉ឺនតោនក្នុងស្តុក៕