ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទម្លាយឲ្យដឹងថា លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានទៅជួបជាមួយលោក ហ៊ុន ម៉ាណែត កាលពីប៉ុន្មានថ្ងៃមុន។ ដោយនៅក្នុងជំនួបនោះ លោកថាច់ សេដ្ឋា បាននិយាយពីរឿងចាប់ខ្លួនសមាជិកបក្សខ្លួនទៅលោក ហ៊ុន ម៉ាណែត។
ដោយលោក ហ៊ុន ម៉ាណែត បានឆ្លើយតបវិញថា បើមិនចង់ឱ្យចាប់ខ្លួនលុះត្រាតែសមាជិកបក្សលោក ថាច់ សេដ្ឋា កុំធ្វើខុសច្បាប់គឺបានហើយ។

ការទម្លាយឲ្យដឹងនេះ បានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានពង្រីក និងលើកគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា នៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា “និយាយឲ្យច្បាស់ទៅ ថាច់ សេដ្ឋា ថ្ងៃមុនទៅជួប ហ៊ុន ម៉ាណែត , ហ៊ុន ម៉ាណែត បានរាយការណ៍ឲ្យខ្ញុំ គេបានដឹងហើយថា ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគតបន្ទាប់ពីខ្ញុំ។ ថាច់ សេដ្ឋា បានទៅសុំជួប , ថាច់ សេដ្ឋា បានលើកឡើង ម៉ាណែត បានទូន្មាន ថាច់ សេដ្ឋា សូមឲ្យសមាជិក សមាជិកាអ្នកឯងកុំប្រព្រឹត្តខុសច្បាប់ នេះជាការទូនា្មនពីម៉ាណែត ត្រឡប់ទៅវិញ បើអ្នកឯងមិនធ្វើខុសច្បាប់តើអ្នកណាគេធ្វើអីអ្នកឯង”៕ រក្សាសិទ្ធិដោយៈ ចេស្តារ




