Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ផ្ដល់មីស៊ីលទំនើបៗជួយដល់អ៊ុយក្រែន ទប់ទល់ការវាយប្រហារពីរុស្ស៊ី

រដ្ឋធានីកៀវ៖ នៅដើមឆ្នាំថ្មីនេះ សហរដ្ឋអាមេរិក បានសម្រេចផ្ដល់ជំនួយយោធា មានតម្លៃរាប់ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន ដោយរួមទាំងមីស៊ីលទំនើបៗ សម្រាប់ទប់ទល់នឹងការប្រហារ ដោយមីស៊ីលពីកងទ័ពរុស្ស៊ី ។

សារព័ត៌មាន The Eurasia Times បានចេញផ្សាយ កាលពីថ្ងៃទី៨ ខែមករា ថា សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ បានប្រកាស អំពីកញ្ចប់ជំនួយគ្រឿងសព្វាវុធ មានតម្លៃ៣,៧៥ពាន់លានដុល្លារ សម្រាប់ជួយដល់ការតស៊ូរបស់អ៊ុយក្រែន ប្រឆាំងនឹងការវាយប្រហារ ដោយឥតឈប់ឈរ ពីកម្លាំងទាហានរបស់រុស្ស៊ី។ មីស៊ីលការពារដែនអាកាស ប្រភេទ Sea Sparrow របស់អាមេរិក ដែលអ៊ុយក្រែន កំពុងតែចង់នោះ បានក្លាយជាកញ្ចប់ថ្មី សម្រាប់ការផ្គត់ផ្គង់ដល់ក្រុងកៀវ ដោយរួមទាំងរថពាសដែក ប្រភេទ Bradley ផងដែរ។

សហរដ្ឋអាមេរិក បានផ្ដល់រថពាសដែក ប្រភេទ Bradley នេះ មានគោលបំណងជួយដល់ប្រទេសអ៊ុយក្រែន ការពារខ្លួន ប្រឆាំងនឹងមីស៊ីល និង ដ្រូនអត្ដឃាតរបស់រុស្ស៊ី ខណៈកំពុងតែប្រឈមមុខនឹងការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅតំបន់ភាគខាងកើត។

ក្រសួងការពារជាតិអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា «ពលរដ្ឋអាមេរិកាំង មិនអាចដឹង អំពីអ្វីដែលយើងស្រឡាញ់ ចំពោះពួកគេនោះឡើយ»។

សារព័ត៌មាន Politico បានរាយការណ៍ ថា មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក មិនបានបង្ហាញចំនួនមីស៊ីលបាញ់ពីលើដីទៅអាកាស ប្រភេទ RIM-7 សម្រាប់ការបញ្ជូនទៅឲ្យប្រទេសអ៊ុយក្រែន នោះឡើយ។ មីស៊ីលទាំងនេះ នឹងត្រូវប្រើប្រាស់ សម្រាប់ប្រព័ន្ធការពារដែនអាកាស ប្រភេទ Buk ផលិតនៅក្នុងសម័យសូវៀត ដែលប្រតិបត្តិការរួចហើយជាមួយកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ។

ប្រភពចំនួន២ សុំមិនបង្ហាញអត្ដសញ្ញាណ បានរាយការណ៍ ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន អាចប្រើប្រាស់កាំភ្លើងបាញ់មីស៊ីល Buk ផលិត នៅក្នុងសម័យសហភាពសូវៀត សម្រាប់ការបាញ់មីស៊ីល Sea Sparrow ប៉ុន្ដែប្រភពទាំងនោះ ក៏មិនបានបង្ហាញព័ត៌មានលម្អិតនោះដែរ។

មីស៊ីលប្រឆាំងនឹងយន្ដហោះចម្បាំង Sea Sparrow អាចបាញ់ចេញពីលើសមុទ្រ ឬ នៅលើដី ដើម្បីប្រឆាំងនឹងយន្ដហោះចម្បាំង ឬ មីស៊ីលគ្រូស។ មីស៊ីលប្រឆាំងនឹងយន្ដហោះចម្បាំងទាំងនេះ នឹងជួយរារាំង ដល់ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ទៅលើទីក្រុងផ្សេងៗរបស់អ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×