ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋប្រមាណ ២០០លានដុល្លារអាមេរិក គឺជាទំហំទឹកប្រាក់ថ្មីបន្ថែមទៀតនៅក្នុងឆ្នាំ២០២៣នេះ ពីលើទំហំគ្រោងបោះផ្សាយប្រមាណ ៣០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម មាស សុខសេនសាន បានឲ្យដឹងថា ការបោះផ្សាយលក់មូលបត្ររដ្ឋឆ្នាំ២០២៣នេះ អាចនឹងចាប់ផ្តើមពីដើមឆ្នាំតែម្តង ហើយចំពោះកាលបរិច្ឆេទជាក់លាក់ នៃការបោះផ្សាយ នឹងអាស្រ័យតាមស្ថានភាពជាក់ស្ដែងនៃទីផ្សារ។

ឯកឧត្តមអ្នកនាំពាក្យ បានលើកឡើងថា ជំហានដំបូង រាជរដ្ឋាភិបាលផ្តោតលើទីផ្សារដំបូង ដោយមានតែវិនិយោគិនស្ថាប័នសក្តានុពលប៉ុណ្ណោះ ដែលអាចចូលរួមវិនិយោគលើមូលបត្ររដ្ឋបាន មានជាអាទិ៍ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រូ ក្រុមហ៊ុនធានារ៉ាប់រង និងបេឡាជាតិសន្តិសុខសង្គម។ ដោយឡែក ចំពោះវិនិយោគិនផ្សេងទៀត រួមទាំងសាធារណជន អាចចូលរួមវិនិយោគលើមូលបត្ររដ្ឋបានក្នុងទីផ្សារបន្ទាប់ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងជំរុញរៀបចំកិច្ចការនេះឱ្យបានឆាប់។

យោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំប្រមាណ ៣០០លានដុល្លារអាមេរិក ក្នុងនោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ចែងការបោះផ្សាយលក់មូលបត្ររដ្ឋចំនួន ២លើករួចមកហើយ តាមរយៈការដេញថ្លៃលើ NEC Patform ក្នុងនោះលើកទី១ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ និងលើកទី២ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។ ការដេញថ្លៃទាំង ២លើកកន្លងមកនេះ មានគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ ចូលរួមសរុបចំគួន ១០គ្រឹះស្ថាន ដោយលើកទី១ មាន ៨គ្រឹះស្ថាន និងលើកទី២ មាន ៦គ្រឹះស្ថាន (៤ចាស់ និង ២ថ្មី) ដែលលទ្ធផលនៃការដេញថ្លៃមួយលើកៗ មានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់ធនាគារជាតិ នៃកម្ពុជា។

យោងតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ការបោះផ្សាយមូលបត្ររដ្ឋលើកទី១ មានទំហំទឹកប្រាក់ប្រមាណ ២៥លានដុល្លារ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញាកន្លងមកនេះ មានគ្រឹះស្ថានចូលរួមចំនួន៨ បានចូលរួមដេញថ្លៃ ជាមួយបរិមាណសរុប ៤ម៉ឺន ១៨០០ឯកតា និងអត្រាចំណូលដេញថ្លៃឈ្នះ ២,២ភាគរយ។ ចំណែកការបោះផ្សាយលក់មូលបត្ររដ្ឋ លើកទី២ ក្នុងទំហំប្រមាណ ២០០ពាន់លានរៀល ឬស្មើនឹង ៥០លានដុល្លារអាមេរិក កាលពីថ្ងៃទី២១ ខែកញ្ញានេះ មានគ្រឹះស្ថានចូលរួម ៦ស្ថាប័ន ប៉ុន្តែពុំមានគ្រឹះស្ថានណាមួយ ដេញថ្លៃបានជោគជ័យនោះឡើយ៕