កោះកុង៖ មន្ត្រីសង្គមស៊ីវិល ប្រជាពលរដ្ឋ មន្ត្រីរាជការ ពិសេសភ្ញៀវទេសចរ ដែលធ្វើដំណើរទៅកម្សាន្ត ឬចេញចូលទៅកាន់ប្រទេសថៃ បង្ហាញអារម្មណ៍រីករាយ នៅគ្រា ការធ្វើដំណើរដោយមធ្យោបាយគ្រប់ប្រភេទ ឆ្លងកាត់ ស្ពានឆ្លងសមុទ្រ ដែលគេនិយមហៅថា «ស្ពានកោះកុង ឬស្ពានលីយ៉ុងផាត់» នាខេត្តកោះកុង ដោយមិនតម្រូវឲ្យបង់ប្រាក់ដូចពេលមុនទៀត។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តកោះកុង លោក អ៊ិន គង់ជិត ផ្តល់សម្ភាសឲ្យអ្នកយកព័ត៌មាន cen.com.kh ប្រចាំខេត្តកោះកុងនៅថ្ងៃទី១១ ខែវិច្ឆិកាថា សាធារណៈជនទូទៅ បាន អបអរសាទរ និងបង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទិញស្ពានឆ្លងសមុទ្រ ឬស្ពានកោះកុង ពីឯកជន ឬពីលោក លី យ៉ុងផាត់ ដាក់ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សនិស្សិត និងភ្ញៀវទេសចរជាតិអន្តរជាតិ បានធ្វើដំណើរឆ្លងកាត់ ដោយមិនបង់ប្រាក់នៅពេលនេះ។
លោកបន្តថា មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានបង្ហាញវត្តមានច្រើន ឬបានធ្វើដំណើរមកទស្សនាខេត្តនេះ និងបានឆ្លងកាត់ស្ពានកោះកុង ឆ្ពោះទៅកាន់ព្រំដែនអន្តរជាតិកម្ពុជា-ថៃ ច្រកចាំយាមក្នុងទឹកមុខរីករាយ។ លោកថា ពួកគេម្នាក់ៗ បានបង្ហាញអារម្មណ៍សប្បាយ កាលបើបានឃើញផ្ទាល់ភ្នែកថា គ្រប់មធ្យោបាយធ្វើដំណើរ ឬយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានកោះកុង ពេលនេះ គឺអាចឆ្លងកាត់ដោយមិនបង់ប្រាក់ ចាប់តាំងពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧មក។
ចំណែក ភ្ញៀវទេសចរ និងប្រជាពលរដ្ឋភាគច្រើន ដែលអ្នកយកព័ត៌មាន cen.com.kh ប្រចាំខេត្តកោះកុង បានជួបសម្ភាសបានបង្ហាញអារម្មណ៍ប្រហាក់ប្រហែលគ្នាថា ពួកគេចង់ឲ្យមនុស្សគ្រប់ៗរូប ដែលធ្លាប់និយមហៅ ស្ពានឆ្លងសមុទ្រមួយនេះពីមុនថា «ស្ពានកោះកុង ឬស្ពានលីយ៉ុងផាត់» ប៉ុន្តែនៅថ្ងៃខាងមុខ គួរហៅងាកមកហៅថា «ស្ពានសម្តេចហ៊ុនសែន»ជំនួសវិញទើបត្រឹមត្រូវជាង ព្រោះសម្តេច ហ៊ុន សែន បានទិញស្ពាននេះ ពីឯកជន ដើម្បីដាក់ជូនសាធារណៈជនធ្វើដំណើរឆ្លងកាត់ដោយពុំគិតលុយទៀតទេ។
បន្ថែមលើនេះ ប្រជាពលរដ្ឋមួយចំនួន ដែល cen.com.kh បានជួបសម្ភាស បន្ទាប់ពីពួកគេបាន ធ្វើដំណើរឆ្លងកាត់ស្ពានកោះកុង ឆ្ពោះទៅព្រំដែនច្រកចាំយាម គឺពួកគេភាគច្រើន ចង់ឲ្យសាធារណៈជន ហៅឈ្មោះស្ពានឆ្លងដៃសមុទ្រ ឬស្ពានកោះកុង គួរត្រូវប្តូរ ឬការហៅថាទៅជា «ស្ពានសម្តេចហ៊ុនសែន»វិញ នាថ្ងៃអនាគត។
កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកោះកុង និងក្រសួងស្ថាប័នពាក់ព័ន្ធ បានរៀបចំពិធីប្រគល់ និងទទួលស្គាល់ជាផ្លូវការ ស្ពានកោះកុង ដើម្បីដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ។
ពិធីនេះ រៀបចំនៅខេត្តកោះកុង ដោយមាន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និង លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ព្រមទាំងមន្ត្រីរាជការ នៅតាមមន្ទីរស្ថាប័នរដ្ឋជាច្រើនទៀតចូលរួម។
នាឱកាសនោះ លោកស្រី មិថុនា ភូថង មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺរាជរដ្ឋាភិបាល បានចាត់ទុកវិស័យឯកជនជាដៃគូរអភិវឌ្ឍមិនអាចខ្វះបាន ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិ ឲ្យរីកចំរើនលើគ្រប់វិស័យ។ ព្រមគ្នានេះ លោកស្រី មិថុនា បានថ្លែងការអគុណ ដែលកន្លងមក លោក លី យ៉ុងផាត់ បានចំណាយប្រាក់វិនិយោគនិងកសាងស្ពានកោះកុង ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋចេញចូលឆ្លងសមុទ្រ និងឆ្លងកាត់ទៅកាន់ប្រទេសថៃតាមច្រកចាំយាម តាំងពីឆ្នាំ២០០២មក។
ពិសេសជាងនេះ លោកស្រី មិថុនា ក៏បានថ្លែងអំណរគុណ ចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្តល់កាដូដ៏មានសារៈសំខាន់ គឺស្ពានកោះកុង ដែលពីមុនជាទ្រព្យសម្បត្តិឯកជន មកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រង ហើយប្រគល់ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ដោយមិនបង់ប្រាក់ ចាប់ពីពេលនេះតទៅ។
ចំណែក លោក ស៊ុន ចាន់ថុល បានឲ្យដឹងក្នុងឱកាសនោះដែរថា ចាប់ពីពេលនេះតទៅ ស្ពានកោះកុង ត្រូវបានរាជរដ្ឋាភិបាល ទិញពីក្រុមហ៊ុន របស់លោក លី យ៉ុងផាត់ ដោយស្របច្បាប់ និងត្រូវសិក្សារប្រគល់ប្រាក់ជូនក្រុមហ៊ុនវិញឲ្យបានគ្រប់ចំនួន ដើម្បីឲ្យអ្នកវិនិយោគទុនទាំងអស់ មានទំនុកចិត្ត មកលើរាជរដ្ឋាភិបាល ឲ្យបានច្រើនថែមទៀតនាថ្ងៃអនាគត។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ជូនសាធារណៈជន កុំឲ្យយល់ច្រលំថា រាជរដ្ឋាភិបាលកម្ពុជា បានយកស្ពានកោះកុងនេះពី លោក លី យ៉ុងផាត់ ដោយទទេៗនោះ ព្រោះក្រុមហ៊ុនវិនិយោគទាំងអស់នៅកម្ពុជា មុននឹងវិនិយោគ ឬស្នើការអភិវឌ្ឍអ្វីមួយ គឺពួកគេបានធ្វើកុងត្រាត្រឹមត្រូវ ជាមួយរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធស្របច្បាប់និវិយោគ។
បន្ថែមលើនេះ លោក ស៊ុន ចាន់ថុល បានឲ្យដឹងដែរថា ទិសដៅទៅថ្ងៃអនាគត រាជរដ្ឋាភិបាល មានគម្រោងស្តារ ពង្រីកផ្លូវជាតិ ៤៨ នាខេត្តកោះកុង ឲ្យបានធំទូលាយ និងឲ្យមានគុណភាពជាងមុន ហើយការងារស្ថាបនាពង្រីកផ្លូវជាតិនេះ រដ្ឋាភិបាល បានប្រគល់សិទ្ធិជូន ក្រុមហ៊ុន វិនិយោគ មកពីប្រទេសជនជាតិកូរ៉េ ដើម្បីស្ថាបនា។ ក្នុងនោះ រាជរដ្ឋាភិបាល នឹងកសាងផ្លូវតភ្ជាប់ ពីខេត្តបាត់ដំបង ឆ្ពោះមកកាន់ទីរួមខេត្តកោះកុង ដោយរដ្ឋាភិបាល បានផ្តល់សិទ្ធិវិនិយោគស្ថាបនាផ្លូវនេះ ជូនក្រុមហ៊ុននិយោគ របស់មកពីប្រទេសចិន៕ ដោយ៖ ដែន សីមា