ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញប្រារព្ធពិធីអបអរសាទរខួប ៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា ផ្តើមពីការយកឈ្នះលើជំងឺកូវីដ១៩ ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកើនឡើង ក្នុងរង្វង់ ៥,៥ភាគរយ នៅឆ្នាំ២០២២ និងរំពឹងសម្រេចបាន ៦,៦ភាគរយ នៅឆ្នាំ២០២៣នេះ។

ការរំពឹងទុកនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ នឹងសម្រេចបានក្នុងអត្រាកំណើន ៦,៦ ភាគរយ ខណៈផលិតផលក្នុងស្រុកសរុប ផសស សម្រាប់មនុស្សម្នាក់ នឹងកើនដល់ ១៩២៤ ដុល្លារ។

សម្រាប់អត្រាអតិផរណានៅក្នុងឆ្នាំ២០២៣នេះ ត្រូវរំពឹងថា នឹងកើនឡើងក្នុងរង្វង់ ២,៥ ភាគរយ ដោយសារការរំពឹងទុកលើការវិលត្រឡប់ទៅរកនិន្នាការធម្មតាវិញនៃថ្លៃប្រេងអន្តរជាតិ។ ដោយឡែកអត្រាប្តូរប្រាក់រៀលធៀបទៅនឹងប្រាក់ដុល្លារអាមេរិក រំពឹងថា នឹងនៅបន្តមានស្ថិរភាពក្នុងរង្វង់ ៤០៦៥ រៀល ក្នុង១ដុល្លារអាមេរិក។

វិស័យសេដ្ឋកិច្ច បានងើបឡើងវិញយ៉ាងឆាប់រហ័ស ដោយសារការខិតខំប្រឹងប្រែង ប្រកបដោយភាពបុរសកម្ម និងភាពម្ចាស់ការរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញវិធានការ រក្សាលំនឹងសង្គម-សេដ្ឋកិច្ច ទាន់ពេលជាបន្តបន្ទាប់។ លើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើន ក្នុងរង្វង់ ៥,៥%នេះ ក្នុងឆ្នាំ២០២២ និងត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើន ៦,៦%ផងដែរ នៅឆ្នាំ២០២៣។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលបានឆ្លងរាតត្បាតយ៉ាងខ្លាំង ក្នុងឆ្នាំ២០២០-២០២១ បានទទួលជោគជ័យ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ការអនុវត្តយុទ្ធសាស្ត្រ និងវិធានការដ៏មុតស្រួច នានាប្រកបដោយប្រសិទ្ធភាព និងការចូលរួមដ៏សកម្មរបស់ប្រជាជន ដែលបានពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូរីដ-១៩។

បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៣ នឹងត្រូវគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗចំនួន ៣ គឺឧស្សាហកម្ម, សេវាកម្ម, និងកសិកម្ម»។ វិស័យឧស្សាហកម្ម ត្រូវព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៩,២ ភាគរយ ក្នុងឆ្នាំ ២០២៣ ដោយសារការរំពឹងទុកលើការបន្តកំណើនរឹងមាំនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់ត្រូវបានព្យាករថា នៅបន្តងើបឡើងវិញក្នុងអត្រាកំណើនទាបជាងនិន្នាការធម្មតា (មុនវិបត្តិកូវីដ ១៩), វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងបន្តកើនឡើងក្នុងអត្រា ៦,៦ ភាគរយ ក្នុងឆ្នាំ ២០២៣ ពីកំណើន ៤,៣ ភាគរយក្នុងឆ្នាំ ២០២២ ដោយសារការបន្តងើបឡើងនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត, និងវិស័យកសិកម្ម ត្រូវបានរំពឹងថា នៅបន្តនិន្នាការកើនឡើងក្នុងអត្រា ១,១ ភាគរយ ក្នុងឆ្នាំ ២០២៣ ធៀបនឹង ០,៧ ភាគរយ ក្នុងឆ្នាំ ២០២២ ដោយសារការរំពឹងទុកលើការបន្តរក្សាកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ ស្របពេលអនុវិស័យនេសាទ ត្រូវបានរំពឹងថានឹងងើបឡើងវិញផងដែរ៕

