ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានកំណត់ថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្ដេជ្ញាចិត្តធានាឱ្យបាននូវបរិយាកាសសន្ដិសុខ ដែលបម្រើឱ្យការបោះឆ្នោត នាពេលខាងមុខនេះ ដោយគ្មានអំពើហិ.ង្សា និងប្រព្រឹត្តិទៅដោយសេរីភាព។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងនាមជាគណៈបញ្ជាការសន្ដិសុខសម្រាប់ការបោះឆ្នោត នឹងខិតខំធ្វើយ៉ាងណាសហការជាមួយ នឹងតួអង្គពាក់ព័ន្ធជាពិសេសជាមួយខាង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធ្វើយ៉ាងធានាបាននូវបរិយាកាសសន្ដិសុខល្អប្រសើរ ដែលបម្រើឱ្យការងារបោះឆ្នោត ដែលគ្មានអំពើហិង្សា ប្រព្រឹត្តិទៅដោយសេរី ទាំងនៅគ្រប់ដំណាក់កាលនៃការងារបោះឆ្នោត។

ពាក់ព័ន្ធទៅនឹងការងារនយោបាយ និងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ នៅកម្ពុជានាពេលខាងមុខ ឯកឧត្តមអគ្គរដ្ឋទូតអូស្ត្រាលី មានសេចក្ដីសង្ឃឹម ជឿជាក់ថា ដំណើរការបោះឆ្នោតនាពេលខាងមុខនេះ នឹងដំណើរទៅប្រកបដោយបរិយាកាសល្អប្រសើរ សេរី ត្រឹមត្រូវ ដែលនឹងផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធបានចូលរួមប្រកួតប្រជែង ដោយសេរី ក្នុងការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខនេះផងដែរ។
ចំពោះការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឯកអគ្គរដ្ឋទូតច ក៏មានសេចក្ដី រីករាយចំពោះកិច្ចសហប្រតិបត្តិការទៅលើការងារនេះ ហើយឯកឧត្តមក៏កត់សម្គាល់ក៏ដូចជា រំលឹកនូវបទពិសោធន៍ដ៏ល្អដែលមានជាមួយសម្ដេច នៅក្នុងដំណើរទស្សនកិច្ច ត្រួតពិនិត្យទៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ កាលពីពេលកន្លងទៅនៅក្នុងខេត្តបាត់ដំបង។
នារសៀលថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី មន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ទទួលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តម នឹងបញ្ចប់បេសកកម្មការទូតនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ។
ជាកិច្ចចាប់ផ្ដើម សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការស្វាគមន៍ និងសម្ដែងនូវសេចក្ដីរីករាយ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចបានកត់សម្គាល់នៅ កិច្ចការសំខាន់ៗមួយចំនួនដែលក្នុងនោះមានជាអាទិ៍ គឺ អូស្ត្រាលីបានដើរតួនាទីយ៉ាងសកម្មមួយផងដែរក្នុងការជួយគាំទ្រដល់ដំណើរការការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្ដេចចាត់ទុកថា ជោគជ័យដែលកម្ពុជាទទួលបាននៅក្នុងការងារប្រយុទ្ធប្រឆាំងនេះ ក៏ពិតជាមានការចូលរួមចំណែកជួយគាំទ្រពីរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីផងដែរ។ ក្រៅពីនោះក៏មានកិច្ចការសំខាន់ៗមួយចំនួនទៀតដូចជា ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរដ្ឋាភិបាលអូស្ត្រាលីក៏បានចូលរួមចំណែកជួយគាំទ្រផងដែរ ជាពិសេសទៅលើកិច្ចការគណនេយ្យភាពសង្គម ដែលអូស្ត្រាលីបានជួយគាំទ្រដំណើរការកិច្ចការនេះ។

សម្តេចបានលើកឡើងទៀតដែរថា ក្រៅពីនេះក៏មានកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់ រវាងនគរបាលជាតិកម្ពុជា ជាមួយនឹងនគរបាលសហព័ន្ធអូស្ត្រាលី រួមទាំងកិច្ចសហប្រតិបត្តិការលើការងារ បណ្តុះបណ្តាល និងកសាងសមត្ថភាពកម្លាំងអនុវត្តច្បាប់ផងដែរ ដែលភាគីទាំងពីរបានបន្តកិច្ចសហប្រតិបត្តិការនេះ ផ្អែកទៅលើឯកសារសហប្រតិបត្តិការដែលនៅមានជាធរមានជាមួយគ្នា ជា MOU និងជាកិច្ចព្រមព្រៀងនានាដែលកំពុងត្រូវបានអនុវត្ត។ មួយវិញទៀតសម្តេចក្រឡាហោម ក៏សូមថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ភាគីអូស្ត្រាលី ក្នុងការផ្តល់នូវការបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាព ដល់ការងារការប្រយុទ្ធប្រឆាំងទៅនឹងការសម្អាតប្រាក់ និងគ្រឿងញៀន ដែលកិច្ចការនេះក៏បានរួមចំណែកផងដែរដល់ការងារប្រយុទ្ធប្រឆាំងទៅនឹងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។
ក្រៅពីការវាយតម្លៃជារួមទៅលើកិច្ចសហប្រតិបត្តិការដ៏ល្អរវាងភាគីអូស្ត្រាលីជាមួយនឹងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏យកឱកាសនេះថ្លែងអំណរគុណ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ជូនចំពោះរដ្ឋាភិបាលអូស្ត្រាលី ក្នុងការផ្តល់នូវការជួយគាំទ្រដល់ការងារទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលជាការរួមចំណែកក្នុងការលើកកម្ពស់នូវសេដ្ឋកិច្ចសង្គមនៅកម្ពុជាផងដែរ។ ទន្ទឹមនេះ ទំនាក់ទំនងការផ្លាស់ប្តូរនូវប្រជាជន និងប្រជាជនដែលនិយាយជារួម គឺវិស័យទេសចរណ៍ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ជាពិសេសនៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩នេះ។
ជាការឆ្លើយតប ឯកឧត្ដមឯកអគ្គរដ្ឋទូតអូស្ត្រាលីបានជម្រាបជូនសម្ដេចថា ជាការពិតឯកឧត្តម បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានៅក្នុងអំឡុងពេលនៃការចាប់ផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក៏ប៉ុន្តែឯកឧត្ដមពិតជាមានសេចក្ដីរីករាយដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩។

ឯកឧត្តម ក៏បានជម្រាបជូនដែរថា ឯកឧត្ដមក៏មានសេចក្ដីរីករាយផងដែរ ក្នុងការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវការគាំទ្រក្នុងការរៀបចំនូវច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តសំខាន់ៗមួយចំនួន ដែលក្នុងនោះមានជាអាទិ៍ គឺ សេចក្ដីព្រាងច្បាប់ស្ដីពីការជួយគ្នាទៅវិញទៅមកលើវិស័យព្រហ្មទណ្ឌ ហើយមួយទៀត គឺពាក់ព័ន្ធទៅនឹងសេចក្ដីព្រាងច្បាប់ប្រឆាំងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញវត្ថុទានការរីកសាយភាយនៃអាវុធមហាប្រល័យ ដែលបច្ចុប្បន្ននេះ ច្បាប់ទាំងពីរនេះ គឺបានចូលជាធរមាន និងដាក់ឲ្យដំណើរការដោយរាជរដ្ឋាភិបាលកម្ពុជារួចមកហើយ ។
ក្រៅពីនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានឯកភាពដូចអ្វីដែលសម្ដេចបានលើកឡើង គឺឯកឧត្តម ពិតជាមានសេចក្ដីរីករាយដូចជា មានការវាយតម្លៃ និងកត់សម្គាល់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ នៅលើវិស័យអនុវត្តច្បាប់រវាងភាគីទាំងពីរ ជាពិសេសគឺរវាងនគរបាលនៃភាគីទាំងពីរ ដែលរួមមានការងារបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យអនុវត្តច្បាប់នៅក្នុងជួរនគរបាលជាតិ មួយទៀតគឺកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការការពារការកេងប្រវ័ញ្ចទៅលើកុមារ។ ចំពោះកិច្ចសហប្រតិបត្តិការនៅក្នុងការងារអន្តោប្រវេសន៍ក៏មានកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏ល្អផងដែរ ដោយភាគីអូស្ត្រាលីបានផ្តល់ការគាំទ្រជាវគ្គបណ្តុះបណ្តាលក៏ដូចជា សម្ភារៈផ្សេងៗគាំទ្រដល់ការងារអន្តោប្រវេសន៍។

ចំពោះការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឯកឧត្តម ក៏មានសេចក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការទៅលើការងារនេះ ហើយឯកឧត្តមក៏កត់សម្គាល់ក៏ដូចជា រំលឹកនូវបទពិសោធន៍ដ៏ល្អដែលមានជាមួយសម្ដេច នៅក្នុងដំណើរទស្សនកិច្ចត្រួតពិនិត្យទៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ កាលពីពេលកន្លងទៅនៅក្នុងខេត្តបាត់ដំបង។
ចំពោះពាក់ព័ន្ធទៅនឹងការងារនយោបាយ និងការបោះឆ្នោតនៅកម្ពុជា ឯកឧត្ដម មានសេចក្ដីសង្ឃឹមជឿជាក់ថា ដំណើរការបោះឆ្នោតនាពេលខាងមុខនេះ នឹងដំណើរការទៅប្រកបដោយបរិយាកាសល្អប្រសើរ សេរីត្រឹមត្រូវ ដែលនឹងផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធបានចូលរួមប្រកួតប្រជែងដោយសេរីនៅក្នុងការបោះឆ្នោតជាតិនាពេលខាងមុខនេះ។
ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង ជាថ្មីម្តងទៀតសូមថ្លែងអំណរគុណចំពោះ ទំនាក់ទំនងទ្វេភាគីដ៏ល្អដែលបាននាំមកនូវសមិទ្ធផលជាច្រើន ជាផ្លែផ្កានៃទំនាក់ទំនងរវាងភាគីអូស្ត្រាលី ជាមួយនឹងក្រសួងមហាផ្ទៃ ក៏ដូចជាអរគុណចំពោះការគាំទ្ររបស់អូស្ត្រាលីមកដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការគាំទ្ររបស់អូស្ត្រាលីដល់ការលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលជាតិកម្ពុជា។
ពាក់ព័ន្ធទៅនឹងដំណើរការត្រៀមលក្ខណៈសម្រាប់ការងារបោះឆ្នោត សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតថា ក្នុងនាមគណៈបញ្ជាការសន្តិសុខសម្រាប់ការបោះឆ្នោត សម្តេចនឹងខិតខំធ្វើយ៉ាងណាសហការជាមួយនឹងតួអង្គពាក់ព័ន្ធ ជាពិសេសជាមួយនឹងខាង គ.ជ.ប ដើម្បីធ្វើយ៉ាងណាធានាបាននូវបរិយាកាស សន្តិសុខល្អប្រសើរ បម្រើឲ្យការងារបោះឆ្នោត គ្មានអំពើហិង្សា និងប្រព្រឹត្តទៅដោយសេរី ទាំងនៅគ្រប់ដំណាក់កាលនៃការងារបោះឆ្នោត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី






