ថ្មីៗនេះ នារីម្នាក់បានបញ្ចេញរឿងរ៉ាវដ៏តក់ស្លុតមួយ ចែករំលែកឲ្យបងប្អូននៅក្នុងបណ្តាញសង្កម បានដឹង និងទុកជាការប្រុងប្រយ័ត្ន នោះគឺនៅពេលនាងជិះម៉ូតូពេលយប់ផ្លូវស្ងាត់ បានជួបបុរស២នាក់ ដែលសន្មត់ជាចោរតែម្តង ដោយមិនដឹងប៉ុនប៉ងប្លន់ម៉ូតូ ឬ មានបំណងអាក្រក់អ្វីមកលើរូបនាងនោះទេ ព្រោះថាបានជិះម៉ូតូដេញតាមនាងយ៉ាងជាប់ ពោលគឺនៅពេលនាងឈប់ គឺពួកគេក៏ឈប់ដែរ។
នេះបើយោងតាមស្រីស្អាតដែលមានគណនីហ្វេសប៊ុកឈ្មោះ Amnikah Vuitton បានបង្ហោះសារជាការដាស់តឿន ទៅដល់ស្រីៗដូចគ្នាឲ្យដឹងថា៖ «ចោរជិះតាមតាំងពីផ្សារដីហ៊ុយមកដល់ ភូមិដំណាក់ជិតផ្សារឈូកមាស ខ្ញុំឈប់វាឈប់ ខ្ញុំទៅមុខវាទៅមុខដែរ ខ្លាចពេកឈប់មុខផ្ទះគេឲ្យគេជួយ សំណាងគ្រាន់ស្រែកហៅម្ចាស់ផ្ទះឲ្យចេញមកវា ជិះចេញទៅវិញយ៉ាងលឿន។ ភ័យណាស់ជិះតែម្នាក់ផង អារម្មណ៍ពេលនោះពិបាកពណ៌នាណាស់។
នាងបានបន្តទាំងអារម្មណ៍រន្ធត់ចិត្តថា៖ «ខ្ញុំចង់បាក់ស្បាតហើយ ញ័រដៃបុកទ្រូងតែព្យាយាមជិះឲ្យលឿនឲ្យដល់កន្លែងមានមនុស្សច្រើន តែវានៅឈប់តាមទៀត ដូច្នេះស្រីៗកុំជិះទៅណាមកណាម្នាក់ឯង។ ទោះពេលនេះមានសុវត្ថិភាពហើយ តែខ្ញុំនៅតែនឹកឃើញហើយតក់ស្លុត គិតថាបើពេលនោះមិនមានមនុស្សតើខ្ញុំទៅជាយ៉ាង បើវាលួចហើយមិនធ្វើបាប និងមិនអីទេ ព្រោះរបស់អាចរកមកវិញបាន ចុះបើវាចាប់រំលោភ រឺវ៉ៃខ្ញុំ មិនដឹងជាយ៉ាងណាទេ»។
ដោយឡែក នៅពេលមានគេរិះគន់ថា មកពីដើរផឹកស៊ីយប់អាធ្រាតចឹងហើយ នាងក៏បានបញ្ជាក់ឲ្យដឹងថា «បញ្ជាក់កុំមានអ្នកខ្លះខមិនពាក្យមិនល្អ មុនកើតហេតុ ខ្ញុំមិនបានទៅដើរស៊ីផឹក ហើយជួបរឿងបែបនេះទេ ខ្ញុំមកពីផ្ទះខ្ញុំនៅផ្សារដីហ៊ុយទៅផ្ទះខ្ញុំមួយទៀតនៅភូមិដំណាក់ជិតផ្សារឈូក ហើយរាល់ដងខ្ញុំមិនដែលជិះម្នាក់ឯងទេ ខ្ញុំជិះគ្នាពីរៗនាក់ ទើបតែថ្ងៃនេះខ្ញុំជិះម្នាក់ឯង ហើយម៉ោង7ជិត8 ទេ មិនទាន់យប់ជ្រៅនៅឡើយ តែដោយសារផ្លួវវាស្ងាត់ទើបវាតាម មួយទៀតកាបូបញុមអត់ស្ពាយទេ ដាក់ក្រោមកែបម៉ូតូ…»។
នាងបានបញ្ជាក់បន្ថែមថា៖ «វាឃើញខ្ញុំជិះម្នាក់ឯង ពេលនៅដីហ៊ុយហ្នឹង ខ្ញុំកាន់ទូរស័ព្ទឈប់យាយវាក៏ឈប់ពីក្រោយ ដល់ពេលខ្ញុំជិះមកមុខ វានៅតែជិះតាមទៀតដែរ មកទល់កន្លែងខ្ញុំថតផុស ខ្ញុំឈប់វាឈប់ដែរ»។
ទោះជាយ៉ាងណា នេះជាសារដាស់តឿនមួយ ដែលនារីៗត្រូវមានការប្រុងប្រយ័ត្ន ជាពិសេស ការធ្វើដំណើរតាមផ្លូវស្ងាត់តែឯង មិនថាថ្ងៃ ឬពេលយប់នោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








