Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចក្រភពអង់គ្លេស កំពុងតែពិចារណាបញ្ជូនរថក្រោះប្រយុទ្ធដ៏ទំនើបរបស់ខ្លួន ទៅអ៊ុយក្រែន

spot_img

រាជធានីឡុងដ៍៖ ក្រោយពេលសហរដ្ឋអាមេរិក អាល្លឺម៉ង់ និង បារាំង បានសម្រេចបញ្ជូនរថចម្បាំងដ៏ទំនើបជាលើកដំបូងរបស់ខ្លួន ទៅឲ្យអ៊ុយក្រែន មិនបានប៉ុន្មានផង ឥឡូវនេះ ចក្រភពអង់គ្លេស កំពុងតែពិចារណា អំពីការបញ្ជូនរថក្រោះដ៏ទំនើបរបស់ខ្លួន ទៅជួយដល់ក្រុងកៀវ សម្រាប់ការវាយលុក បណ្ដេញទាហានរុស្ស៊ី ឲ្យចេញពីប្រទេសរបស់ពួកគេ។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍ Sky News បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៩ ខែមករា ថា ចក្រភពអង់គ្លេស កំពុងតែពិចារណា លើការផ្គត់ផ្គង់រថក្រោះប្រយុទ្ធ ផលិតនៅក្នុងប្រទេសរបស់ខ្លួន ជាលើកដំបូង សម្រាប់ជួយដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ប្រយុទ្ធនឹងកម្លាំងទាហានរបស់រុស្ស៊ី។

ប្រភពពីបស្ចិមលោក ដែលបានដឹង អំពីបញ្ហានេះ បានអះអាង ថា ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស បានកើតឡើង ត្រឹមតែប៉ុន្មានសប្ដាហ៍ ក្រោយការបញ្ជូនរថក្រោះប្រយុទ្ធ ប្រភេទ Challenger 2 (ឆែលឡែងជឺរ ធូ) ទៅឲ្យកងទ័ពអ៊ុយក្រែន។ សកម្មភាពបែបនេះ នឹងបង្ហាញសញ្ញា អំពីការបោះជំហានទៅមុខកាន់តែខ្លាំងឡើង នៅក្នុងការគាំទ្ររបស់បណ្ដាប្រទេសលោកខាងលិច ជួយដល់ប្រទេសអ៊ុយក្រែន ហើយក៏អាចជួយជំរុញ ដល់បណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់អង្គការណាតូផ្សេងទៀត បង្កើននូវការបង្ហូរគ្រឿងសឹកបន្ថែមទៀត ទៅជួយដល់ក្រុងកៀវ ដើម្បីប្រយុទ្ធការពារសេរីភាព និង ទឹកដីរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ទោះជាយ៉ាងណា រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunank) នៅមិនទាន់បានសម្រេចចិត្តនៅឡើយ អំពីបញ្ហានេះ។ ប៉ុន្ដែប្រសិនបើក្រុងឡុងដ៍ ចុះហត្ថលេខាលើការបញ្ជូនរថក្រោះដ៏ទំនើបនោះ ចក្រភពអង់គ្លេស នឹងក្លាយជាប្រទេសដំបូងគេ ដែលបានឆ្លើយតបតាមការអង្វររបស់មេដឹកនាំអ៊ុយក្រែន នៅក្នុងការបំពាក់រថក្រោះដ៏សាហាវខ្លាំងរបស់លោកខាងលិច។

ក្រុមប្រទេស ចំនួន៥០ ដឹកនាំដោយសហរដ្ឋអាមេរិក រួមទាំង ចក្រភពអង់គ្លេស ផងដែរ កំពុងតែផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ហើយនឹងត្រូវរៀបចំកិច្ចប្រជុំបន្ទាប់របស់ពួកគេ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ។ ការប្រកាសណាមួយ អំពីជំនួយថ្មី ដូចជា រថក្រោះ អាចនឹងត្រូវបានធ្វើឡើង ស្របពេលជាមួយនឹងការប្រមូលផ្តុំរបស់ក្រុមទំនាក់ទំនងទាំងនេះ។

បើតាមប្រភពមួយផ្សេងទៀត បានលើកឡើង ថា ចក្រភពអង់គ្លេស អាចនឹងផ្តល់រថក្រោះ ប្រភេទ Challenger 2 ប្រហែល១០គ្រឿង ហើយវានឹងល្មមគ្រប់គ្រាន់ នៅក្នុងការបំពាក់ឲ្យដល់កងទ័ពរបស់អ៊ុយក្រែន។ ចំណែកក្រុងកៀវ បានស្នើសុំរថក្រោះ Leopard II (ឡេអូផាត២) ផលិតដោយអាល្លឺម៉ង់ អស់រយៈពេលជាយូរមកហើយ។ រថក្រោះប្រភេទនេះ ត្រូវបានប្រើប្រាស់ដោយកងទ័ពរបស់សម្ពន្ធមិត្តអឺរ៉ុបមួយចំនួន រួមមាន អាល្លឺម៉ង់ ប៉ូឡូញ ហ្វាំងឡង់ដ៍ ហូឡង់ដ៍ និង អេស្ប៉ាញ ជាដើម។

ជាមួយគ្នានេះ ប៉ូឡូញ និង ហ្វាំងឡង់ដ៍ បានបង្ហាញឆន្ទៈរបស់ពួកគេរួចមកហើយ នៅក្នុងការបញ្ជូនរថក្រោះជាច្រើន ប្រភេទ Leopard ទៅឲ្យក្រុងកៀវ។ ប៉ុន្ដែបញ្ហានេះ ទាមទារឲ្យមានការអនុញ្ញាត ពីប្រទេសអាល្លឺម៉ង់ ផងដែរ ដោយសារក្រុងប៊ែរឡាំង ជាអ្នកកាន់អាជ្ញាប័ណ្ណនាំចេញ។

លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានអនុម័តវិធីសាស្រ្តយ៉ាងប្រុងប្រយ័ត្នជាងមុន នៅក្នុងការបំពាក់គ្រឿងសឹកប្រភេទនេះ ទៅដល់កងទ័ពអ៊ុយក្រែន ច្រើនជាងប្រទេសដទៃទៀត ដូចជា ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក។

នៅក្នុងសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ មានរយៈពេល៣២១ថ្ងៃ កន្លងមកហើយ ខណៈចក្រភពអង់គ្លេស មាននាយករដ្ឋមន្រ្ដី រហូតដល់ទៅ៣នាក់។ ប៉ុន្ដែក្រុងឡុងដ៍ នៅតែប្រកាន់គោលនយោបាយការបរទេស សម្រាប់អ៊ុយក្រែន ដូច លោក បូរីស ចនសុន (Boris Johnson) ដដែល។ លោក ចនសុន នៅក្នុងឋានៈជានាយករដ្ឋមន្ដ្រី បានទៅបំពេញទស្សនកិច្ចដល់រដ្ឋធានីកៀវ ចំនួន៣លើក ដើម្បីបង្ហាញ អំពីការគាំទ្ររបស់ចក្រភពអង់គ្លេស សម្រាប់ពលរដ្ឋអ៊ុយក្រែន និង សិក្សាអំពីតម្រូវការរបស់ពួកគេ។

ជាមួយគ្នានេះដែរ លោក រីស៊ី ស៊ុនណាក់ នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស ក៏បានទៅបំពេញទស្សនកិច្ច ដល់ក្រុងកៀវ ដើម្បីពិភាក្សាគ្នាជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី។ ចក្រភពអង់គ្លេស ជាប្រទេសផ្ដល់ជំនួយយោធាដ៏ធំមួយរបស់បស្ចិមលោក ជួយដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីការផ្ទុះសង្គ្រាមឈ្លានពានរបស់រុស្ស៊ី រហូតមក៕ រក្សាសិទ្ធិដោយ ៖​ សារាយSN

spot_img
×