ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្តម បានបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបង្ហាញពីក្តីរីករាយដែលបានជួបជាមួយឯកឧត្ត Pablo Kang ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា ដែលបានបញ្ចប់បេសកកម្មការទូត ប្រកបដោយជោគជ័យនៅកម្ពុជា ដែលចាត់ទុកថានេះជាបេសកកម្មមួយ នៅក្នុងដំណាក់កាលដែលឯកឧត្តម Pablo Kang ជាឯកអគ្គរដ្ឋទូត បានឆ្លងកាត់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ គឺការរៀបចំកិច្ចប្រជុំកំពូលលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាក្នុងឋានៈកម្ពុជា ធ្វើជាប្រធានអាស៊ាន ហើយក៏ចាត់ទុកថា ជាការខិតខំពុះពារ ដើម្បីឲ្យរួចផុតពីវិបត្តិកូវីត19 ក្នុងនោះអូស្រ្តាលីក៏បានជួយជ្រោមជ្រែង ដើម្បីឲ្យវិបត្តិនេះបានធូរស្រាលក្នុងពិភពលោក និងព្រះរាជាណាចក្រកម្ពុជា។ ចំពោះការងារធនធានមនុស្ស យើងឃើញថារដ្ឋាភិបាលអូស្រ្តាលី បានជួយផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី ជាបន្តបន្ទាប់ក្នុងចំនួនច្រើនជាងប្រទេសដទៃទៀត នៅលើពិភពលោកដោយក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី តែងតែបានផ្តល់ការលើកទឹកចិត្ត ដល់និស្សិតកម្ពុជាដែលបានទទួលអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលីផងដែរ។

ដោយឡែកចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងអំណរគុណដល់ឯកឧ Pablo Kang ដែលបានសហការនិងឆ្លើយតបតាមសំណើ របស់ក្រសួងដោយបានបញ្ជូនអ្នកជំនាញ មកជួយគាំទ្រលើសុវត្ថិភាពក្នុងវិស័យសំណង់នៅកម្ពុជា និងបានបញ្ជូនអ្នកសិក្សាស្រាវជ្រាវ ដើម្បីមកសិក្សាស្រាវជ្រាវក្នុងវិស័យសំណង់ នៅកម្ពុជាក្នុងដំណាក់កាលជួបវិបត្តិកូវីត19។
ឯកឧត្តមមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជាអាចនិយាយបានថាមានសុវត្ថិភាព ផាសុកភាពក៏ដូចជា កំណើនសេដ្ឋកិច្ចប៉ាន់ស្មាន ក្នុងឆ្នាំ២០២២កន្លងមកនេះ គឺមានប្រមាណ៥,៥%។ កិច្ចការដែលក្រសួងកំពុងតែសកម្មនោះ គឺការចុះបញ្ជីដីធ្លីដែលបច្ចុប្បន្ននេះបាន៩៦,២%ហើយ។ រីឯវិស័យសំណង់វិញ គឺក្រសួងបានបញ្ចប់ការសាងសង់ មន្ទីរពិសោធន៍សំណង់ជាតិផងដែរ។ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា និងជាស្ថាប័នថ្នាក់ជាតិ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា សង្ឃឹមថាបេសកកម្មរបស់ឯកឧត្តម Pablo Kang ពិតជាបានទទួលនូវផ្លែផ្កាសម្រាប់ជាផលប្រយោជន៍ ក្នុងកិច្ចសហប្រតិបត្តិការពង្រឹងសាមគ្គីភាព ចំណងមិត្តភាពយូរអង្វែងរវាងប្រជាជនកម្ពុជា និងអូស្រ្តាលី និងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីជាផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក និងបន្តគាំទ្រគ្នាទៅវិញទៅមកដើម្បីសន្តិសុខ សុវត្ថិភាពនិងការអភិវឌ្ឍ។

ជាការឆ្លើយតប ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហាញពីក្តីរីករាយដែលបានបំពេញការងារជាមួយសហការី ក្នុងការជួយដល់ប្រទេសកម្ពុជាជាពិសេសក្នុងដំណាក់កាលជួបវិបត្តិកូវីត19។ ឯកឧត្តមបន្តថាប្រទេសអូស្រ្តាលី បានផ្តល់ជំនួយជាវ៉ាក់សាំងប្រឆាំងកូវីត19 ប្រភេទPfizer និងទូត្រជាក់សំរាប់ស្តុកទុកវ៉ាក់សាំងចំនួន១៣៣ទូ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសកូវីត19។
អូស្រ្តាលីបានផ្តល់ការគាំទ្រដល់វិស័យសុខាភិបាល នៅកម្ពុជា អស់រយៈពេលជាង២ទស្សវត្សរ៍មកហើយ និងបានធ្វើការជាមួយមន្ទីរពេទ្យខេត្ត និងមណ្ឌលសុខភាពនានាដើម្បីផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋនៅទីជនបទ។ ឯកឧត្តមបានទទួលយកនិងពិនិត្យ មើលលើសំណើររបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងមណ្ឌលសុខភាពស្រុកក្រូចឆ្មារ ដោយពិភាក្សាជាមួយក្រុមការងារដែលធ្វើការនៅក្នុងកម្មវិធីស្ម័គ្រចិត្ត ដើម្បីបញ្ជូនពួកគាត់មកជួយលើផ្នែកសុខាភិបាល នៅមណ្ឌលសុខភាពស្រុកក្រូចឆ្មារ ដែលយើងក៏ធ្លាប់មានអ្នកស្ម័គ្រចិត្ត ជាជនជាតិអូស្រ្តាលីដែលបានមកកម្ពុជា កាលពីចុងឆ្នាំមុននិងមានអ្នកស្ម័គ្រចិត្ត ដែលពាក់ព័ន្ធនឹងវិស័យសុខាភិបាលផងដែរ ដើម្បីមកជួយលើវិស័យសុខាភិបាលនៅកម្ពុជា។

ឯកឧត្តមបានបង្ហាញពីក្តីរីករាយ ដែលក្នុងអាណត្តិការទូតរបស់ឯកឧត្តម គឺឯកឧត្តមបានជួបជាមួយរដ្ឋមន្រ្តីគ្រប់ក្រសួងទាំងអស់ នៅកម្ពុជាក្នុងនោះ មានក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ផងដែរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជួយដល់កម្ពុជាលើគ្រប់ផ្នែក គ្រប់វិស័យ សំដៅពង្រឹងចំណងទាក់ទងមិត្តភាពសាមគ្គីភាពគ្នាទៅវិញទៅមក រវាងកម្ពុជានិងអូស្រ្តាលី ឲ្យកាន់តែប្រសើរឡើងថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី








