ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាបាននឹងកំពុងពិចារណា ក្នុងការដាក់ឈ្មោះ ផ្លូវនៅរាជធានីភ្នំពេញ តាមឈ្មោះរបស់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី

ភ្នំពេញៈ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីអំពីការវាយតម្លៃខ្ពស់របស់កម្ពុជាចំពោះតួនាទីដ៏សំខាន់ និងការរួមចំណែកដ៏ចាំបាច់របស់ឥណ្ឌូនេស៊ី នៅក្នុងដំណើរការសន្តិភាពនៅក្នុងប្រទេសកម្ពុជា ដោយមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងពិចារណា ក្នុងការដាក់ឈ្មោះផ្លូវនៅរាជធានីភ្នំពេញ តាមឈ្មោះរបស់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី។ ការបញ្ជាក់នេះ ក្នុងអំឡុងពេលដែលឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់ឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកសរសើរចំពោះការរួមចំណែករបស់ ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់ឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ក៏ដូចជា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងប្រជាជាតិទាំងពីរ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដមឯកអគ្គរដ្ឋទូត Haseng បានពិនិត្យមើលឡើងវិញនូវទំនាក់ទំនងទ្វេភាគីដែលកំពុងតែរីកលូតលាស់ និងបានពិភាក្សាអំពីមធ្យោបាយនានាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។

ចំពោះវិស័យសេដ្ឋកិច្ច ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្ដមឯកអគ្គរដ្ឋទូត បានកត់សម្គាល់ដោយក្តីរីករាយ ចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី និងបានចែករំលែកក្តីសង្ឃឹមរួម ចំពោះការចាប់ដំណើរការឡើងវិញ នូវជើងហោះហើរត្រង់រវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីលទ្ធភាពសម្រាប់ការចូលរួមរបស់ឥណ្ឌូនេស៊ីក្នុងគម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា រួមទាំងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផងដែរ។

ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ឯកឧត្ដមឯកអគ្គរដ្ឋទូត បានអបអរសាទរកម្ពុជាចំពោះតួនាទីដ៏ជោគជ័យរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២២ ក៏ដូចជា ការធ្វើជាម្ចាស់ផ្ទះ និងការរៀបចំផ្នែកពិធីការ និងបដិសណ្ឋារកិច្ចដ៏ល្អ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ឥណ្ឌូនេស៊ី ដែលបានគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងបានរំលឹកជាថ្មីអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះតួនាទីរបស់ឥណ្ឌូនេស៊ី ជាប្រធានអាស៊ាននៅឆ្នាំនេះ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរឥណ្ឌូនេស៊ី ដែលបានរៀបចំកិច្ចប្រជុំកំពូល G-20 ប្រកបដោយជោគជ័យ នៅឆ្នាំ២០២២ ផងដែរ៕ រក្សាសិទ្ធិដោយៈចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម