Sunday, March 26, 2023

កម្ពុជា សម្រេចបានការដោះដូរទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុប ក្នុងឆ្នាំ ២០២២ កើនឡើង ក្នុងតម្លៃទឹកប្រាក់ជាង ៥២ពាន់លានដុល្លារ

spot_img

ភ្នំពេញ៖ កម្ពុជា សម្រេចបានការដោះដូរទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុប ក្នុងឆ្នាំ ២០២២ កើនឡើង ក្នុងតម្លៃទឹកប្រាក់ប្រមាណ ៥២,៤២ ពាន់លានដុល្លារ កើនឡើង ៩,២% បើធៀបកាលពីឆ្នាំ ២០២១ ដែលមានតម្លៃទឹកប្រាក់សរុប ៤៨ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញទៀតថា ប្រទេសកម្ពុជា បាននាំចេញមុខទំនិញនានាពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២២ បានកើនឡើង ១៦,៤% ពីចំនួនទឹកប្រាក់ ១៩,៣០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ ដល់ ២២,៤៨ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២។

ដោយឡែកការនាំចូលរបស់កម្ពុជា នៅឆ្នាំ ២០២២ ក៏សម្រេចបានតម្លៃទឹកប្រាក់ ២៩,៩៤ពាន់លានដុល្លារ កើនឡើងត្រឹម ៤,៣% បើធៀបនឹងឆ្នាំ ២០២១ ដែលកាលនោះ មានទំហំទឹកប្រាក់ ២៨,៧០ពាន់លានដុល្លារ។

ផលិតផលនាំចេញភាគច្រើនរបស់កម្ពុជា មានដូចជា សម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ, ផលិតផលកសិកម្ម ផលិតផលឧស្សាហកម្មមិនមែនកាត់ដេរ ក្នុងនោះរួមមាន បំណែកគ្រឿងអេឡិចត្រូនិក សម្ភារ​អគ្គិសនី គ្រឿងបង្គុំរថយន្ត កង់ គ្រឿងសង្ហារឹម និងប្រ្លាស្ទីក ជាដើម ខណៈទីផ្សារនាំចេញធំៗរបស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប វៀតណាម ជប៉ុន អាល្លឺម៉ង់ និងកាណាដា។

គួរបញ្ជាក់ថា ប្រទេសដៃគូពាណិជ្ជកម្មនាំចូលសំខាន់ៗរបស់កម្ពុជា មានដូចជា៖ ប្រទេសចិន វៀតណាម ថៃ សិង្ហបុរី ស្វីស និងកោះតៃវ៉ាន់ ហើយទំនិញភាគច្រើនដែលកម្ពុជា នាំចូលពីប្រទេសទាំងនោះ រួមមាន វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ, ផលិតផលត្បូងចម្រុះ និងគ្រឿងអលង្ការមានតម្លៃ, ប្រេងឥន្ធនៈ, សម្ភារសំណង់, គ្រឿងអេឡិចត្រូនិក, យានយន្ត, ឱសថ និងបរិក្ខាពេទ្យ ព្រមទាំងគ្រឿងឧបភោគបរិភោគជាដើម៕

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២