Sunday, March 26, 2023

CDC អនុម័តលើគម្រោងវិនិយោគជិត ៤,៧ពាន់លានដុល្លារ កើនឡើង ៧,៥% នៅឆ្នាំ២០២២

spot_img

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគ ដែលមានទឹកប្រាក់សរុបជាង ៤,៦៨ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង ៧,៥ភាគរយ បើធៀបឆ្នាំ ២០២១ ដែលមាន ៤,៣៥ពាន់លានដុល្លារ។ នេះ​បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ប្រភពទុនវិនិយោគសំខាន់ៗរបស់កម្ពុជា ក្រៅតែការវិនិយោគដោយធុរជនក្នុងស្រុក គឺភាគច្រើនមកពីប្រទេសចិន, ជប៉ុន, កោះ Cayman Island, ថៃ និងសិង្ហបុរី ដោយភាគច្រើនស្ថិតក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ទេសចរណ៍ រោងចក្រ វាយនភណ្ឌ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ។

កំណើនទុនវិនិយោគនេះ ត្រូវបានរុញច្រើនដោយគម្រោងធំៗដូចជា គម្រោងវិនិយោគមជ្ឈមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ខេត្តកំពត ដែលមានទុនរហូតដល់ ១,៣ពាន់លានដុល្លារ, គម្រោងវិនិយោគវារីអគ្គិសនីស្ទឹងតាតៃលើ នៅខេត្តកោះកុង ដែលមានទុន ៣៨៩លានដុល្លារ និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត នៅខេត្តព្រះសីហនុ ដែលមានទុន ២៩៧លានដុល្លារ។

ក្រៅពីនេះ ក៏មានគម្រោងវិនិយោគធំៗចំនួន ៣ផ្សេងទៀត គឺការសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ដែលមានទីតាំងផ្សេងគ្នា នៅរាជធានីភ្នំពេញ ១កន្លែង និងក្រុងព្រះសីហនុចំនួនពីរកន្លែង ដែលមានទឹកប្រាក់សរុបជាង ៤៦១លានដុល្លារ។

ការកើនឡើងនៃការវិនិយោគឡើងវិញនេះ បានឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់ធុរកិច្ចមកលើ អនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ ចាប់តាំងពីថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ ២០២១ ក្នុងពេលដែលស្ថានភាពកូវីដ១៩ ក្នុងប្រទេសអាចគ្រប់គ្រងបានទាំងស្រុង។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន និងកំពុងព្យាយាមពន្លឿនការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា។ ជាក់ស្តែងនៅខែតុលា ឆ្នាំ ២០២១ កម្ពុជា បានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគ ដែលជាច្បាប់វិនិយោគថ្មី មានការកំណត់នូវការផ្តល់ការលើកទឹកចិត្ត និងការការពារដល់វិនិយោគិនជាក់លាក់ និងច្បាស់​លាស់ ក្នុងបំណងបង្កើនការទាក់ទាញការវិនិយោគសម្រាប់ប្រទេសកម្ពុជា៕

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២