Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពសហរដ្ឋអាមរិក បង្កើនសកម្មភាពនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ចំពេលមានការគំរាមកំហែងពីចិន

spot_img

រដ្ឋធានីស៊េអ៊ូល៖ ជាមួយនឹងការបង្កើនសកម្មភាពយោធារបស់ក្រុងប៉េកាំង នៅក្នុងតំបន់ ធ្វើឲ្យប្រទេសជប៉ុន និង កូរ៉េខាងត្បូង និង សម្ពន្ធមិត្ត ចាត់ទុកជាការគំរាមកំហែងដល់សន្ដិសុខជាតិរបស់ខ្លួន ទើបសហរដ្ឋអាមេរិក បានបង្កើនការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយនឹងកងទ័ពរបស់ប្រទេសជិតខាងចិន។

សារព័ត៌មាន The Eurasia Times បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១០ ខែមករា ថា កងទ័ពសហរដ្ឋអាមេរិក បាន និង កំពុងតែធ្វើសមយុទ្ធ កាន់តែច្រើនឡើងៗ ជាមួយសម្ពន្ធមិត្តរបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់បង្កើននូវការត្រៀមខ្លួនរបស់ពួកគេ និង ពង្រឹងទំនាក់ទំនងដល់សន្តិសុខជាតិ ចំពេលមានភាពតានតឹង នៅក្នុងតំបន់។

នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ សហរដ្ឋអាមេរិក បានចូលរួមធ្វើសមយុទ្ធយោធាយ៉ាងច្រើន ជាមួយនឹងប្រទេសមហាអំណាចសេដ្ឋកិច្ចនានា នៅជុំវិញប្រទេសចិន រួមមាន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និង តៃវ៉ាន់…ជាដើម។ ការបង្កើនសកម្មភាពយោធារបស់ក្រុងវ៉ាស៊ីនតោន កំពុងតែធ្វើឲ្យក្រុមអ្នកជំនាញ ប៉ាន់ប្រមាណ អំពីគោលបំណង បញ្ជូនសារព្រមាន ទៅដល់ក្រុងប៉េកាំង និង រារាំងដល់សកម្មភាពយោធារបស់កូរ៉េខាងជើង។

សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ បានធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ដោយមានចូលរួម ពីយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ B-52H, យន្ដហោះចម្បាំងបំកាយ F-22 ជាច្រើនគ្រឿង និង យន្ដហោះបំបាំងកាយ F-35A ហើយយន្ដហោះប្រដេញ F-15K របស់កូរ៉េខាងត្បូង។ ការធ្វើសមយុទ្ធយោធារួមគ្នានេះ ក៏ជាការបង្ហាញវត្ដមានយន្ដហោះបំបាំងកាយដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសកូរ៉េខាងត្បូង ជាលើកដំបូង ចាប់តាំងពីខែឧសភា ឆ្នាំ២០១៨មក។

សមយុទ្ធកងទ័ពអកាសនេះ បានធ្វើឡើង ត្រឹមតែរយៈពេល២ថ្ងៃ ក្រោយពេលកូរ៉េខាងជើង បានអះអាង អំពីការអនុវត្ដនូវការបាញ់សាកល្បងផ្កាយរណបឈ្លបយកការណ៍យោធា ដែលអាចនឹងធ្វើឡើង នៅដើមឆ្នាំ២០២៣។ ស្របពេលកូរ៉េខាងជើង កំពុងតែបង្កើននូវការគំរាមកំហែងកាន់តែខ្លាំងក្លាឡើងនោះ សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង បានប្តេជ្ញា ថា នឹងបង្កើននូវការត្រៀមខ្លួនប្រយុទ្ធ និង ធ្វើអន្តរប្រតិបត្តិការរបស់ប្រទេសទាំង២។

ចន្លោះពីខែតុលា ដល់ ខែវិច្ឆិកា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំ នៅក្នុងរយៈពេលជាច្រើនឆ្នាំ។ សមយុទ្ធយោធានេះ មានការចូលរួមពីយន្ដហោះចម្បាំងជាង២០០គ្រឿង និង មានកងទ័ពរាប់ម៉ឺននាក់ មកពីកងទ័ពអាកាសរបស់កូរ៉េខាងត្បូង និង កងទ័ពអាកាស កងម៉ារីន កងទ័ពជើងទឹក កងទ័ពជើងគោករបស់សហរដ្ឋអាមេរិក។

ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក ក៏បានបញ្ជូននាវាផ្ទុកយន្ដហោះ ដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទ USS Ronald Reagan សម្រាប់ការធ្វើសមយុទ្ធយោធា ជាមួយនឹងកូរ៉េខាងត្បូង។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក្រុងសេអ៊ូល បានប្រកាស អំពីផែនការធ្វើសមយុទ្ធយោធារួមគ្នា ទ្រង់ទ្រាយធំ ជាមួយនឹងកងទ័ពសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២៣ ដោយរួមទាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ នៅក្នុងរយៈពេល៦ឆ្នាំបន្ដទៅមុខទៀត។

ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីខែសីហា ឆ្នាំ២០២២ បានអនុម័តនូវកញ្ចប់គ្រឿងសព្វាវុធ មានទំហំទឹកប្រាក់ ១,១ពាន់លានដុល្លារ សម្រាប់តៃវ៉ាន់ ក្រោយពេលមានភាពតានតឹតជាមួយនឹងតៃវ៉ាន់ នៅច្រកសមុទ្រតៃវ៉ាន់ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេររិក លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) នៅក្នុងទីក្រុងតៃប៉ិ ចន្លោះពីថ្ងៃទី២-៣ ខែសីហា។ កញ្ចប់គ្រឿងសព្វាវុធទាំងនោះ មានទាំងកម្មវិធីរ៉ាដាស៊ើបការណ៍សម្ងាត់, មីស៊ីល Harpoon ចំនួន៦០ដើម ផលិតដោយក្រុមហ៊ុន Boeing និង មីស៊ីលបាញ់ពីលើអាកាសតាក់តិក ប្រភេទ Sidewinder ចំនួន១០០ដើម ផលិតដោយក្រុមហ៊ុនរ៉ៃថុន (Raytheon) ។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីខែធ្នូ បានចុះហត្ថលេខាលើច្បាប់អនុញ្ញាតការពារជាតិ (National Defense Authorization Act) ដោយបានបែងចែកប្រាក់ ចំនួន១០ពាន់លានដុល្លារ សម្រាប់ជំនួយសន្ដិសុខ សម្រាប់កោះតៃវ៉ាន់ នៅក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត។ សកម្មភាពរបស់ក្រុងវ៉ាស៊ីនតោន បានផ្ដល់មាគ៌ាមួយបន្ថែមទៀត សម្រាប់ការផ្ទេរគ្រឿងសឹកចម្បាំង បន្ថែមពីការលក់គ្រឿងយុទ្ធោបករណ៍ទំនើបៗ ដល់ក្រុងតៃប៉ិ។

ច្បាប់នេះ ក៏ផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតីសហរដ្ឋអាមេរិក អាចបង្ហូរគ្រឿងយុទ្ធភណ្ឌ ដែលមានស្រាប់ ចេញពីឃ្លាំងអាវុធរបស់កងទ័ពអាមេរិក សម្រាប់ផ្ទេរទៅកោះតៃវ៉ាន់ នៅក្នុងករណីមានការវាយប្រហារពីប្រទេសចិន ឬ សកម្មភាពឈ្លានពានណាមួយ មានលក្ខណៈស្រដៀងទៅនឹងអ្វីដែលរដ្ឋបាលរបស់លោក Biden កំពុងតែធ្វើ សម្រាប់អ៊ុយក្រែន។

ការបង្កើនសមត្ថភាពការពារជាតិរបស់តៃវ៉ាន់ កំពុងតែក្លាយជាអាទិភាពបន្ទាន់មួយ សម្រាប់សហរដ្ឋអាមេរិក ក្រោយពេលក្រុមមន្រ្ដីជាន់ខ្ពស់ នៃមន្ទីរបញ្ចកោណ បានព្រមាន ថា កងទ័ពចិន កំពុងតែធ្វើដំណើរឆ្ពោះទៅមុខ បង្កើនសមត្ថភាព វាយប្រហារទៅលើតៃវ៉ាន់ នៅក្នុងឆ្នាំ២០២៧៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×