រដ្ឋធានីកៀវ៖ ដោយសារតែការធ្វើសង្គ្រាម ប្រឆាំងនឹងក្រុងកៀវ មិនទទួលបានជោគជ័យ ធ្វើឲ្យក្រុងមូស្គូ មិនសប្បាយចិត្ត ដោយបានផ្លាស់ប្ដូរតំណែងមេទ័ពកំពូលៗជាញឹកញាប់ ហើយឥឡូវនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានដកហូតតំណែងរបស់មេទ័ពកំពូល ទទួលបន្ទុកសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ក្រោយពេលទទួលបានឋានៈដ៏ខ្ពង់ខ្ពស់មួយនេះ ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។

សារព័ត៌មាន BBC របស់ចក្រភពអង់គ្លេស បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានដកហូតតំណែងមេទ័ពកំពូលទទួលបន្ទុកសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ចេញពីលោកឧត្ដមសេនីយ៍ ស៊ើហ្គេ ស៊ូរ៉ូវីគីន (Sergei Surovikin) ក្រោយពេលកាន់កាប់តំណែងនេះ បានត្រឹមតែរយៈពេល៣ខែ។ លោកឧត្ដមសេនីយ៍ រូបនេះ មានមានប្រវត្ដិខាងការប្រព្រឹត្ដយ៉ាងឃោរឃៅ នៅក្នុងការដឹកនាំធ្វើសង្គ្រាម។
មេដឹកនាំវិមានក្រឹមឡាំង លោក ពូទីន បានសម្រេចតែងតាំងលោកឧត្ដមសេនីយ៍ វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី ជាអ្នកដឹកនាំធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន តាមអ្វីដែលគាត់ហៅ ជាប្រតិបត្ដិការយោធាពិសេស។ លោក Sergei Surovikin ជាអ្នកដឹកនាំឲ្យមានការវាយប្រហារយ៉ាងឃោរឃៅ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងប្រទេសអ៊ុយក្រែន កាលពីពេលថ្មីៗនេះ នៅក្នុងអំឡុងពេលគាត់ កាន់តំណែងជាមេទ័ព សម្រាប់ធ្វើសង្គ្រាម អស់រយៈពេល៣ខែមកនេះ។
ការផ្លាស់ប្ដូរតំណែងមេទ័ពកំពូលជាបន្ដបន្ទាប់នេះ បានកើតឡើង ស្របពេលទាហានរុស្ស៊ី បានអះអាង ថា កម្លាំងប្រដាប់អាវុធរបស់ក្រុងមូស្គូ មានស្ទុះទៅមុខ នៅលើសមរភូមិ នាភាគខាងកើត ប្រទេសអ៊ុយក្រែន ក្រោយការទទួលបរាជ័យ ជាបន្ដបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ។

លោកឧត្ដមសេនីយ៍ Gerasimov បានស្ថិតក្នុងតំណែង ជាមេទ័ពកំពូល ចាប់តាំងពីឆ្នាំ២០១២ រហូតមក។ គាត់ក្លាយជានាយអគ្គសេនាធិការកងទ័ពរុស្ស៊ី កាន់តំណែងនេះ បានយូរជាងគេបំផុត ក្រោយសម័យសហភាពសូវៀត។
លោកឧត្ដមសេនីយ៍ Surovikin ដែលបច្ចុប្បន្នជាអនុប្រធានរបស់គាត់ ត្រូវបានគេដាក់ឈ្មោះជា ឧត្ដមសេនីយ៍ Armageddon (អាម៉ាហ្គេដដុន) សម្រាប់កលល្បិចដ៏ឃោរឃៅរបស់គាត់ នៅក្នុងសង្គ្រាមមុនៗ ដោយរួមទាំងប្រតិបត្តិការរបស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរី ជាពិសេស ការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ ទៅលើទីក្រុងអាឡែបប៉ូ (Aleppo)។
នៅក្នុងរយៈពេលដ៏ខ្លី ក្រោយពេលលោកឧត្ដមសេនីយ៍ Sergei Surovikin បានទទួលតំណែង ជាមេទ័ពកំពូល ដឹកនាំប្រតិបត្ដិការ នៅក្នុងខែតុលា ឆ្នាំ២០២២ នោះមក កម្លាំងទាហានរុស្ស៊ី បានចាប់ផ្ដើមបើកយុទ្ធនាការ វាយប្រហារកម្ទេចនូវហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅទូទាំងប្រទេសអ៊ុយក្រែន ដោយបានធ្វើឲ្យមនុស្សរាប់លាននាក់ គ្មានភ្លើងអគ្គិសនី និង ទឹកស្អាតប្រើប្រាស់ នៅក្នុងអំឡុងរដូវរងាខ្លាំង។ លោកឧត្ដមសេនីយ៍ ក៏បានបញ្ជាឲ្យដកកងទ័ព ចេញពីតំបន់ភាគខាងត្បូង ទីក្រុងខឺរសុន (Kherson) ដែលនាំឲ្យកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ទទួលបានជោគជ័យដ៏ធំធេង។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ ថា ការសម្រេចចិត្តតែងតាំងលោកឧត្ដមសេនីយ៍ វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី ដឹកនាំប្រតិបត្ដិការយោធាពិសេស ជំនួសលោកឧត្តមសេនីយ៍ Surovikin មានគោលបំណងរៀបចំ«ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ រវាងអង្គភាពកងកម្លាំងប្រដាប់អាវុធផ្សេងៗ ការកែលម្អគុណភាព និងប្រសិទ្ធភាព សម្រាប់ការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ី»។
ដោយឡែក អ្នកវិភាគយោធា លោក រ៉ូប លី (Rob Lee) បានសរសេរ នៅលើបណ្ដាញសង្គម Twitter ថា «នៅក្នុងឋានៈជាមេបញ្ជាការបង្រួបបង្រួមកម្លាំងរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន លោកឧត្ដមសេនីយ៍ Surovikin បានក្លាយជាអ្នកមានអំណាចខ្លាំង ហើយទំនងជាបានធ្វើការងាររំលងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ើហ្គេ ស៊ួយហ្គូ (Sergei Shoigu) និង លោកឧត្ដមសេនីយ៍ Gerasimov ខណៈនិយាយជាមួយនឹងមេដឹកនាំវិមានក្រឹមឡាំង លោក ពូទីន» ៕រក្សាសិទ្ធិដោយ ៖ សារាយSN













