ភ្នំពេញ ៖ ក្នុងលោកនេះ គ្មាននរណាម្នាក់ចិត្តល្អដល់ថ្នាក់ប្រគល់ផ្ទះ ហិរញ្ញវត្ថុ ស្បៀងអាហារ ឱ្យទៅសត្រូវរបស់ខ្លួនដែលកំពុងក្រាញននៀល ប្រយុទ្ធតទល់នឹងរូបខ្លួននៅលើសមរភូមិ បានស្នាក់នៅស្រួល មានលុយចាយ ស៊ីឆ្ងាញ់នោះទេ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានផ្ញើសារដាស់តឿន លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន និងបានទុករយៈពេល១ខែ ដើម្បីឱ្យ លោក គង់ គាំ ប្រគល់ផ្ទះមកឱ្យក្រសួងការបរទេសវិញ, ហើយមួយថ្ងៃបន្ទាប់មកទៀត សម្ដេចតេជោ ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់ការទៅលើលោក គង់ គាំ តាមផ្លូវច្បាប់។

ខណៈនេះដែរ ក្រសួងការបរទេស តំណាងដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក៏បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួចទៅហើយដែរ ដើម្បីឱ្យចេញសាលក្រមកំណត់ឱ្យ លោក គង់ គាំ ប្រគល់អគារ និងដីមួយកន្លែងទំហំ ៥២៩០ម៉ែត្រការ៉េ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រឡប់មកក្រសួងការបរទេសវិញ ជាមួយនឹងការទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល។
ងាកមកមើលសាររបស់ សម្ដេចតេជោ ហ៊ុន សែន វិញ ដែលបានផុសនៅលើផេកផ្លូវការរបស់សម្ដេច, សម្ដេចតេជោ បានលើកឡើងថា «ខ្ញុំសូមផ្ញើសារ ដើម្បីជាការបញ្ជាក់បន្ថែមផង និងជាការដាស់តឿនផង ដល់ គង់ គាំ ដូចខាងក្រោម ៖
១- តាំងពីក្រោយឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន នៅកម្ពុជា ពុំមានឡើយនូវមុខតំណែងជា “អនុរដ្ឋមន្រ្តីទី១” គឺ នៅសម័យនោះ មានតែមុខតំណែងជា “អនុរដ្ឋមន្រ្តី” និង “ឧបការី” ប៉ុណ្ណោះ ហើយក៏ពុំមានដែរនូវមុខតំណែងជា “រដ្ឋលេខាធិការ”។

២- នៅក្នុងលិខិតបំភ្លឺផ្ញើទៅកាន់ ហ្រ្វេសញូវស៍, គង់ គាំ បានបញ្ជាក់ថា បានចូលទៅស្នាក់នៅនៅផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ដោយគ្រាន់ត្រឹមតែជាការ “ជូនព័ត៌មានមកខ្ញុំ ក្នុងឋានៈខ្ញុំជារដ្ឋមន្រ្តីការបរទេស នាពេលនោះប៉ុណ្ណោះ” ពុំមែនជា “ការស្នើសុំកាន់កាប់យកជាកម្មសិទ្ធិលើផ្ទះនោះទេ”។
សម្ដេចតេជោ ហ៊ុន សែន, ហេតុដូច្នេះ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាមានការយោគយល់ចំពោះការស្នាក់នៅផ្ទះរបស់ក្រសួងការបរទេស ប៉ុន្តែ ខ្ញុំពុំដែលបានសម្រេចប្រគល់ផ្ទះ និងដីនោះឱ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជននោះទេ, ហើយផ្ទះ និងដីនោះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេសដដែល។ រាល់ការរៀបចំឯកសារនានារបស់លោក គង់ គាំ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិលើដីនេះ គឺជាក្លែងបន្លំយកដី និងផ្ទះរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន។
ខ្លឹមសារដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតបំភ្លឺរបស់ខ្លួន ផ្ញើទៅហ្រ្វេសញូវស៍ដើម្បីផ្សព្វផ្សាយ គឺ ជាភស្តុតាងមិនអាចប្រកែកបាន ដែលលោក គង់ គាំ បានទទួលស្គាល់ចំពោះរឿងនេះ។ ដូចនេះ តាមផ្លូវច្បាប់ ផ្ទះ និងដីនេះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេស, ហើយវាដល់ពេលដែលក្រសួងការបរទេស មានតម្រូវការយកផ្ទះ និងដីនេះ ត្រឡប់មកវិញ ដើម្បីចាត់ចែងប្រើប្រាស់បម្រើឱ្យកិច្ចការរបស់ក្រសួងវិញ។

មិនត្រឹមតែជាការយកមកវិញនូវផ្ទះ និងដីប៉ុណ្ណោះនោះទេ សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យអនុវត្តតាមផ្លូវច្បាប់ថែមទៀត, សម្ដេចតេជោ សង្កត់ធ្ងន់ថា ដើម្បីពន្លឿនដំណើរការស្វែងរកការពិតជុំវិញការរៀបចំឯកសារបន្លំយកដី និងផ្ទះរបស់ក្រសួងការបរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ គង់ គាំ, នៅមុននេះបន្តិច ខ្ញុំបានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្រាវជ្រាវជាបន្ទាន់អំពីភាពមិនប្រក្រតីនានានៃការលួចបន្លំធ្វើប័ណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិលើដី និងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស និងចាត់វិធានការបន្តតាមផ្លូវច្បាប់ តាមការចាំបាច់ ដោយផ្អែកលើមូលដ្ឋាននៃលទ្ធផលដែលបានស្រាវជ្រាវរកឃើញ។
ដី និងផ្ទះ ដែល គង់ គាំ រៀបចំឯកសារបន្លំយកនេះ គឺជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយដី និងផ្ទះនេះ នឹងមិនត្រូវបាត់បង់ទៅណាឡើយ ដោយត្រូវយកមកវិញ តាមគ្រប់មធ្យោបាយដោយអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









