ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-អង់គ្លេស ឯកភាពលើជំហរចំពោះការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអធិបតេយ្យភាពរបស់រដ្ឋឯករាជ្យ

ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកអគ្គរាជទូត នៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) បានសម្តែងនូវសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ ភាគីទាំងពីរក៏បានឯកភាពលើជំហរចំពោះការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអធិបតេយ្យភាពរបស់រដ្ឋឯករាជ្យ។ ការលើកឡើងនេះ នៅក្នុងជំនួបពិភាក្សាការងារនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) អតីតរដ្ឋមន្រ្តីការបរទេស នៃចក្រភពអង់គ្លេស កាលពីខែមិថុនា ឆ្នាំ២០២១ ដែលបានបង្ហាញអំពីសារៈសំខាន់ដែលចក្រភពអង់គ្លេសបានផ្តល់ចំពោះទំនាក់ទំនងជាមួយកម្ពុជា និងតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេសដែលបានផ្តល់ជំនួយដល់កម្ពុជា រួមមាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការបោសសម្អាតមីន អាហារូបករណ៍ដល់និស្សិតកម្ពុជា និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ឯកឧត្តមឯកអគ្គរាជទូត វីល្លៀម បានអបអរសាទរកម្ពុជាចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជា ហើយទាំង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវសេចក្តីរីករាយចំពោះស្ថានភាពនៃទំនាក់ទំនងទ្វេភាគី។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដមឯកអគ្គរាជទូត វីល្លៀម បានស្វាគមន៍ចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ហើយបានបង្ហាញក្តីសង្ឃឹមថា ការចរចាលើសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់ស្តីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញពាណិជ្ជកម្មបន្ថែមទៀត។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្ដមឯកអគ្គរាជទូត វីល្លៀម បានកត់សម្គាល់ដោយសេចក្តីសោមនស្សចំពោះការរៀបចំកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សកម្ពុជា-ចក្រភពអង់គ្លេសប្រកបដោយជោគជ័យ និងមានទស្សនៈដូចគ្នាក្នុងការបន្តកិច្ចសន្ទនានេះ ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដមឯកអគ្គរាជទូត បានពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍មួយចំនួន ដែលប្រទេសទាំងពីរនឹងអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំនេះ ដែលជា ឱកាសដ៏ល្អក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងពីលទ្ធផលនៃកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្ស និងបានស្នើឲ្យបង្កើនកម្រិតនៃកិច្ចសន្ទនានេះទៅជាការពិគ្រោះយោបល់នយោបាយ ជាពិសេសនៅក្នុងឆ្នាំនេះតែម្ដង ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏មានអត្ថន័យខាងលើ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដមឯកអគ្គរដ្ឋទូត វីល្លៀម ក៏បានពិភាក្សាអំពីវិធីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗផងដែរ រួមមាន ពាណិជ្ជកម្ម ថាមពល ការប្រែប្រួលអាកាសធាតុ ការអប់រំ និងការពារជាតិ ជាដើម។

នៅក្នុងក្របខ័ណ្ឌអាស៊ាន-ចក្រភពអង់គ្លេស ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរជាថ្មីចំពោះចក្រភពអង់គ្លេស ដែលបានក្លាយជាដៃគូសន្ទនារបស់អាស៊ាន និងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយចក្រភពអង់គ្លេស ដើម្បីជំរុញភាពជាដៃគូនេះ។

ឯកឧត្ដមបានកត់សម្គាល់ដោយក្ដីពេញចិត្តចំពោះភាពជោគជ័យនៃរៀបចំសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយចក្រភពអង់គ្លេស (PMC) ជាលើកដំបូង កាលពីខែសីហា នៅរាជធានីភ្នំពេញនិងចំពោះកិច្ចពិភាក្សាប្រកប ដោយផ្លែផ្កានាពេលនោះរបស់ឯកឧត្ដម ជាមួយ លោកជំទាវ Amanda Milling អនុរដ្ឋមន្រ្ដីទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភព អង់គ្លេស។ ឯកឧត្ដមឯកអគ្គរាជទូត វីល្លៀម បានកោតសរសើរដល់កម្ពុជាចំពោះតួនាទីជាប្រធាន អាស៊ានប្រកបដោយជោគជ័យ និង «ការងារដ៏ល្អអស្ចារ្យ» របស់កម្ពុជាក្នុងការធានាឱ្យបាននូវដំណើរការដ៏រលូន នៃគ្រប់កិច្ចប្រជុំទាំងអស់ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដមឯកអគ្គរាជទូត វីល្លៀម ក៏បានផ្លាស់ប្តូរ ទស្សនៈលើការវិវត្តនានានៅក្នុងតំបន់ និងអន្តរជាតិ និងបានឯកភាពលើជំហរចំពោះការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអធិបតេយ្យភាពរបស់រដ្ឋឯករាជ្យ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម