ភ្នំពេញ៖ របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទុនវិនិយោគផ្ទាល់ពីបរទេស (FDI)នៅកម្ពុជា មានចំនួន ១.៨៧៤ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២។

របាយការណ៍របស់ CDC បានបញ្ជាក់ថា ការវិនិយោគផ្ទាល់ពីប្រទេស មានទឹកប្រាក់សរុប ១.៨៧៤លានដុល្លារ ស្មើនឹង ៤៦,៤៦% ក្នុងនោះចិនឈរនៅកំពូលតារាង ក្នុងចំណោមវិនិយោ គិនបរទេសទាំងអស់ ដែលមានទឹកប្រាក់ ១.៦៩៤លានដុល្លារ។

ប្រទេសថៃ ស្ថិតនៅលំដាប់ថ្នាក់លេខពីរ ជាមួយទុនវិនិយោគចំនួនជិត ៤៤លានដុល្លារ, ជប៉ុន ឈរនៅលេខរៀងទី ៣ មានទុនវិនិយោគជាង ៣៩លានដុល្លារ និងកោះ ខេមិន អាយលែន ស្ថិតនៅលំដាប់ទី ៤ ដែលមានទុនវិនិយោគ ២០,៨លានដុល្លារ។ ក្រៅពីនោះ មានដូចជា ប្រទេសកូរ៉េ ចក្រភពអង់គ្លេស អាយលែន សិង្ហបុរី ម៉ាឡេស៊ី ហូឡង់ និងអូស្ត្រាលីជាដើម។

របាយការណ៍ CDC បានឲ្យដឹងថា ពេញមួយឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តគម្រោងវិនិយោគសរុបចំនួន ១៨៦គម្រោង ក្រោមទុនវិនិយោគសរុប ៤.០៣៣លានដុល្លារអាមេរិក និងអាចបង្កើតការងារប្រមាណ ១៤៤ពាន់កន្លែង។

គម្រោងវិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ទាក់ទាញបានទុនវិនិយោគប្រមាណជិត ៥៨៨លានដុល្លារ ខណៈដែលគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ច មានរហូតដល់ ៣.៤៤៤លានដុល្លារ។ អ្នកវិនិយោគក្នុងស្រុក បានបោះទុនវិនិយោគទឹកប្រាក់ ២.១៥៩ លានដុល្លារ ស្មើនឹង ៥៣.៥៤% នៃទុនវិនិយោគសរុប៕
