ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងកសិកម្ម និងរុក្ខា ប្រមាញ់ នៃសាធារណរដ្ឋតួកគី និងគណៈកម្មាការទំនាក់ទំនងសេដ្ឋកិច្ចបរទេស តួកគី បានរៀបចំកិច្ចពិភាក្សា ធុរកិច្ច កម្ពុជា-តួកគី ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋ មន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម សាស្ត្រាចារ្យ វ៉ាហ៊ីត គីរីហ្ស៊ី (Vahit Kirisci) រដ្ឋមន្ត្រីក្រសួងកសិកម្ម និង រុក្ខា ប្រមាញ់នៃសាធារណរដ្ឋ តួកគី និងអ្នក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណង ដើម្បីជំរុញពាណិជ្ជកម្ម និង វិនិយោគរវាង ប្រទេសទាំងពីរ លើវិស័យសំខាន់ ៗ រួមមាន៖ វិស័យទេសចរណ៍ កាត់ដេរសម្លៀកបំពាក់ សំណង់ វេជ្ជសាស្ត្រ ម្ហូបអាហារ និង យានយន្តជាដើម។

កម្ពុជា និងតួគី មានទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ ដែលជាចំណងកាទូតនឹងគ្នា ចាប់តាំងពីឆ្នាំ១៩៥៩។ ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងអំពីការចូលរួមយ៉ាងសកម្ម របស់វិស័យឯកជនប្រទេសទាំងពីរ ក្នុងការចូលរួមជំរុញពាណិជ្ជកម្ម និងវិនិយោគប្រទេសទាំងពីរ រួមមានការរៀបចំវេទិកាធុរកិច្ច ទស្សនកិច្ចធុរកិច្ច និង ការបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជាតួកគី ដែលមានតួនាទីជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងឧស្សាហកម្ម ក៏ដូចជាតភ្ជាប់រវាងធុរជនប្រទេសទាំងពីរ។

អ្នកឧកញ៉ាប្រធាន បានជំរុញ និងលើកទឹកចិត្តធុរជនតួកគី ពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា និងបានជម្រាប គណៈប្រតិភូអំពីកាលានុវត្តភាព និងសក្តានុពលសេដ្ឋកិច្ចកម្ពុជា ព្រមទាំងទីផ្សារដ៏ទូលាយ សម្រាប់ផលិតផលកម្ពុជា ដែលអាចនាំចេញទៅកាន់ទីផ្សារពិភពលោក ក្រោមក្របខណ្ឌកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា កូរ៉េ និងកិច្ចព្រមព្រៀងផ្សេងៗទៀត។

អ្នកឧកញ៉ាប្រធាន ស្នើឲ្យមានការហោះហើរត្រង់ទៅមកកម្ពុជា-តួកគី កិច្ចប្រជុំជាទៀងទាត់មួយឆ្នាំម្តង រវាងក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-តួកគី និងការរៀបចំវេទិកាធុរកិច្ចពីរដងក្នុងមួយឆ្នាំ។

កិច្ចពិភាក្សាធុរកិច្ច បានបញ្ចប់ទៅប្រកបដោយជោគជ័យ ដោយទទួលបានលទ្ធផលជាផ្លែផ្កា ដែលក្នុងនោះ ធុរជន និងវិនិយោគិនប្រទេសទាំងពីរ បានផ្លាស់ប្តូរបទពិសោធន៍ធុរកិច្ច កាលានុវត្តភាព បច្ចុប្បន្នភាពគោលនយោបាយ និងពិភាក្សាលើវិស័យសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការរួម៕