ភ្នំពេញ ៖ រឿងក្ដៅ និងទុក្ខភ័យរបស់ លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន បានរំកិលមកដល់ដំណាក់កាលធូរស្រាលវិញហើយ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចមិនប្តឹងលោកទៀតនោះទេ បន្ទាប់ពីលោកយល់ព្រមប្រគល់ ដី និងផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេសត្រឡប់មកវិញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើហ្វេសប៊ុកផ្លូវការរបស់សម្ដេចកាលពីយប់ម្សិលមិញ ទី១២ ខែមករា ឆ្នាំ២០២៣ ថា ទីបំផុត ដី និងផ្ទះ ដែលជាសម្បត្តិរដ្ឋត្រូវបាន លោក គង់ គាំ និងភរិយា បានផ្តិតមេដៃប្រគល់ជូនរដ្ឋវិញហើយ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយ លោក គង់ គាំ និងគ្រួសារ រយៈពេល៣ម៉ោងកន្លះ។ កុំឱ្យយប់យូរសុបិនច្រើន ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេ គឺបញ្ចប់ត្រឹមការប្រគល់ ដី និងផ្ទះនេះ ជូនក្រសួងការបរទេសវិញ ដែលអាចធ្វើកិច្ចការនេះនៅសប្តាហ៍ក្រោយ។

សម្ដេចតេជោ ហ៊ុន សែន ឱ្យដឹងថា នៅមុននេះបន្តិច លោក គង់ គាំ បានជូនព័ត៌មានទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ព្រមប្រគល់ដី និងផ្ទះ ដែលខ្លួនកំពុងស្នាក់នៅ ជូនទៅក្រសួងការបរទេសវិញ។ លោក គង់ គាំ បានទទួលស្គាល់ថា ខ្លួនមានការឆ្គាំឆ្គង និងយល់មិនបានអស់អំពីបែបបទនៃការសុំកាន់កាប់ផ្ទះ និងដី។
បើតាមលិខិតរបស់ លោក គង់ គាំ បញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញថា លោក គង់ គាំ បានថ្លែងអំណរគុណដល់អង្គភាពប្រឆាំងអំពើពុករលួយ រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុគ្រោះដល់ការឆ្គាំឆ្គងរបស់លោក។
សូមបញ្ជាក់ថា ផ្ទះ និងដី ដែលលោក គង់ គាំ និងគ្រួសារ កំពុងរស់នៅ ហើយប្រកាសប្រគល់ឱ្យរដ្ឋវិញនៅពេលនេះ គឺជាដីកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយត្រូវបានលោកចូលទៅរស់នៅកាលពីឆ្នាំ១៩៨២ ពេលលោកនៅជាសមាជិកបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋមន្ត្រីការបរទេស, ផ្ទះ និងដីនេះ មានទំហំ ៥២៩០ម៉ែត្រការ៉េ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា មុននេះបន្តិច ក្រសួងការបរទេស តំណាងដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានដាក់ពាក្យប្ដឹង លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឱ្យចេញសាលក្រមកំណត់ឱ្យ លោក គង់ គាំ ប្រគល់អគារ ផ្ទះ និងដីមួយកន្លែងទំហំ ៥២៩០ម៉ែត្រការ៉េ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញនេះ ត្រឡប់មកក្រសួងការបរទេសវិញ ជាមួយនឹងការទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN






