ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ដល់បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យ។
លោកជំទាវកិត្តិសង្គហបណ្ឌិត លើកឡើងបែបនេះ ក្នុងពិធីចែករំលែកអំណោយ និងជួបសំណេះសំណាលជាមួយបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ មកពីខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ សរុបជិត ៣០០នាក់ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

លោកជំទាវឧបនាយរដ្ឋមន្ត្រី បានពន្យល់ថា បច្ចុប្បន្ន ប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍ និងមានការរីកចម្រើនលើគ្រប់វិស័យ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចប្រកបរបអាជីវកម្មគ្រប់បែបយ៉ាងទៅតាមចំណេះ និងជំនាញរៀងខ្លួន។
បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ និងគិតគូរដល់បុគ្គលិកបម្រើការងារនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមឲ្យកាន់តែមានវិសាលភាព និងប្រសិទ្ធភាព ពង្រឹងសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ដើម្បីធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាអតិបរិមា។

លោកជំទាវឧបនាយរដ្ឋមន្ត្រី បាន អំពាវនាវដល់ម្ចាស់អាជីវកម្ម បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យរួមគ្នាថែរក្សាសុខសន្តិភាព និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាថ្នាក់ដឹកនាំ និងសម្រេចចិត្តទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាបានស្ថិរភាពការងារ ស្ថិរភាពការអភិវឌ្ឍ និងធានាដល់ការបង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាជនពេញវ័យ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN





