Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភាអាស៊ាន ស្នើឲ្យថៃស៊ើបអង្កេតលើមេដឹកនាំយោធាមីយ៉ាន់ម៉ា ទៅកាន់តុលាការឧក្រិដ្ឋកម្មពិភពលោក

spot_img

រដ្ឋធានីណៃពិដោរ៖ ស្របពេលមីយ៉ាន់ម៉ា កំពុងតែធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយកាន់តែជ្រៅៗទៅ ក្រោយអំពីរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់ លោកស្រី អ៊ោង សានស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយឥឡូវនេះ ក៏មានសេចក្ដីរាយការណ៍ជាបន្ដបន្ទាប់ អំពីកងទ័ពរបបសឹកមួយនេះ កំពុងតែប្រព្រឹត្ដអំពើឃោរឃៅ ខណៈសភាប្រជាជាតិអាស៊ាន ជំរុញឲ្យរដ្ឋាភិបាលថៃ បើកការស៊ើបអង្កេត ទៅលើលើទំនាក់ទំនងបណ្ដាញឧក្រិដ្ឋកម្មរបស់មេដឹករបបយោធា នៅក្នុងប្រទេសនេះ។

សារព័ត៌មានភូមា The Irrawaddy បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ថា សមាជិកសភាអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (APHR) បានអំពាវនាវឱ្យរដ្ឋាភិបាលថៃ បើកការស៊ើបអង្កេតអំពីទំនាក់ទំនងរបស់ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោកឧត្ដមសេនីយ៍ មីន អ៊ោង ហ្លាង (Min Aung Hlaing) ជាមួយនឹងឈ្មួញកណ្តាលលក់គ្រឿងសព្វាវុធរបស់ភូមា ដែលត្រូវបានចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០២២ នៅក្នុងរាជធានីបាងកក។

លោក ទុន មីន ឡាត (Tun Min Latt) អាយុ៥៣ឆ្នាំ ជាឈ្មួញកណ្ដាលលក់គ្រឿងសព្វាវុធរបស់របបសឹកមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួន ជាមួយនឹងជនជាតិថៃ ចំនួន៣នាក់ នៅក្នុងការឆ្មក់បង្ក្រាបមួយ នៅក្នុងទីក្រុងប៉ាងកក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។ លុះមកដល់ថ្ងៃទី១៣ ខែធ្នូ មេឈ្មួញអាវុធរូបនោះ ត្រូវបានចោទប្រកាន់ អំពីបទជួញដូរគ្រឿងញៀន លាងលុយកខ្វក់ និង ឧក្រិដ្ឋកម្មឆ្លងដែន។

លោក ឆាលស៍ សានទីយ៉ាហ្គោ (Charles Santiago) ប្រធានសិទ្ធិមនុស្ស នៃសភាអាស៊ាន ( APHR) បានបញ្ជាក់ ថា «អាជ្ញាធរថៃ គួរតែបើកការស៊ើបអង្កេតទៅលើទំនាក់ទំនងរបស់លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា និងក្រុមគ្រួសាររបស់គាត់ ជាមួយពិភពលោកខាងក្រៅ ហើយបង្ហាញនូវការរកឃើញរបស់ខ្លួន ជាសាធារណៈ។ ប្រសិនបើរដ្ឋាភិបាលក្រុងបាងកក រកឃើញ ថា ពួកគេបានបំពារបំពានច្បាប់ថៃ ពួកគេគួរតែត្រូវបានចោទប្រកាន់ នៅក្នុងតុលាការថៃ ផងដែរ»។

លោក Charles Santiago បានបន្ថែម ថា «ពួកឧត្ដមសេនីយ៍យោធាមីយ៉ាន់ម៉ា បាននិងកំពុងតែចូលរួម នៅក្នុងការធ្វើអាជីវកម្មខុសច្បាប់ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។ ក្រុមមន្ត្រីជាន់ខ្ពស់យោធានៅក្នុងប្រទេសអាស៊ានមួយនេះ មានដូចជា លោក Min Aung Hlaing មិនត្រឹមតែប្លន់យកធនធានធម្មជាតិរបស់ប្រទេសមីយ៉ាន់ម៉ា តាមរយៈការបង់ពន្ធប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងមានការជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ឬយ៉ាងហោចណាស់ ក៏បិទភ្នែកធ្វើមិនដឹងមិនឮ ជាថ្នូរនឹងការបង់ថ្លៃធ្វើអ្វីៗទាំងនោះផងដែរ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×