មហាជនជាច្រើនបានសម្តែងនូវក្តីក្រៀមក្រំ និងមានការសោកស្ដាយជាពន់ពេក ចំពោះករណីឆក់ខ្សែភ្លើង ដែលបណ្តាលឲ្យគ្រួសារមួយ៣នាក់ ប្តី-ប្រពន្ធ និងកូនស្រី ស្លាប់យ៉ាងអាណោចអាធ័មបំផុត។ ហេតុការណ៍នេះបានកើតឡើងនៅភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។
ជនរងគ្រោះស្លាប់ទាំង៣នាក់រួមមាន៖ ទី១.ឈ្មោះ ប៊ុត វុទ្ធី អាយុ ៤៣ ឆ្នាំ ត្រូវជាប្តី, ទី២.ឈ្មោះ ជីប សុខុន អាយុ ៤២ឆ្នាំ ត្រូវជាប្រពន្ធ និងទី៣.ឈ្មោះ សេង ធីប អាយុ ១១ឆ្នាំ ត្រូវជាកូនស្រី។
តែអ្វីដែលកាន់តែរំជួលចិត្ត និងអាណិតអាសូរជាខ្លាំងទៀតនោះ គឺការស្លាប់របស់ប្តីប្រពន្ធ និងកូនស្រីខាងលើ គឺបានបន្សល់ទុកកូនប្រុសៗចំនួន ៣ នាក់ ទៀត ឲ្យកំព្រាគ្មានម្តាយហៅតទៅទៀត ទាំងនៅវ័យក្មេងៗ ដែលឃើញហើយពិតជាគួរឲ្យស្រណោះខ្លាំងណាស់។
នេះបើតាមសាច់ញាតិជនរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Mak Oun Vathana បានបង្ហោះឲ្យឃើញកូនប្រុស៣នាក់ ស្ថិតក្នុងទឹកមុខដ៏ក្រៀមក្រំ ភ្ជាប់សាររៀបរាប់ទាំងក្តីរំជួលចិត្តថា៖ «បងនិងចែរួមទាំងកូនស្រីលាគ្មានថ្ងៃត្រឡប់ក្រោយ បន្ស.ល់នូវកូនកំ.ព្រាបីនាក់ដែលមិនដឹងថាត្រូវពឹងអ្នកណា គ្មានអ្នកណាចង់ជួបបែបនេះទេ ត្រូវកំ.ព្រាឪពុកម្ដាយតាំងពីក្មេងៗ គួរឲ្យសង្វេគណាស់ក្មួយអើយក្មួយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








