ភ្នំពេញ ៖ «អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ» គឺជាពាក្យស្លោកថ្មីរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងក្នុងជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន លើកទី៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ដោយសម្តេច ចង់សង្កត់ន័យអ្នកសារព័ត៌មានធ្វើយ៉ាងណា ផ្សាយតែព័ត៌មានពិត ដើម្បីលុបបំបាត់ការផ្សាយព័ត៌មានក្លែងក្លាយ ដល់ពេលនោះព័ត៌មានពិត នឹងមានតម្លៃ ហើយក្រុមមន្ត្រី ឬក្រុមមនុស្សដែលខូច នឹងខ្លាចព័ត៌មានពិត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា កាលមុន ខ្ញុំបានដាក់ថា ” អ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃកាពិត ” ហើយឥលូវនេះ ខ្ញុំក៏គួរនិយាយបន្ថែមថា ” អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ ” អ៊អ៊ីចឹងយើងមានពាក្យស្លោក២… ត្រូវចាំ ព្រោះជួនកាលអាងតែខ្លូនមានហ្វេសប៊ុក ទូរស័ព្ទតែមួយគ្រឿង ផ្សាយទៅជេរគេជេរឯង ប្រម៉ាថគេ ប្រម៉ាថឯង ហើយតាំងខ្លួនជាចៅក្រមកាត់សេចក្តីប៉ាដោយ ឯលើកនេះ គឺខ្ញុំ ចេញសារមួយទៀត ដាក់ថា ” អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ” ។
សម្តេចតេជោ ហ៊៊ន សែន បានអំពាវនាវឱ្យពលរដ្ឋ និងស្ថាប័នសារព័ត៌មាន សូមបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ខណៈបច្ចុប្បន្ន តំណាងសារព័ត៌មាន របស់កម្ពុជា ក៏មាននៅក្នុងក្របខ័ណ្ឌស្ថាប័នជាតិអាស៊ាន ដែលតម្រូវឱ្យស្ថាប័នព័ត៌មានរបស់កម្ពុជាធ្វើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀត ព្រោះព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយជាផ្នែកចិត្តសាស្រ្ត ដែលធ្វើឱ្យសង្គមមានភាពចលាចល អស្ថេរភាពនយោបាយ អសន្តិសុខសង្គម និងកើតមានអរិយភាពជាមួយបរទេស។

បញ្ហាព័ត៌មានមិនពិតនេះ មិនមែនកើតមានតែនៅកម្ពុជាទេ គឺមាននៅ ទូទាំងពិភពលោក រាប់ទាំងនៅក្នុងអង្គការសហប្រជាជាតិ ផងដែរ គឺសុទ្ធតែលើកឡើងពីបញ្ហាព័ត៌មានក្លែងក្លាយនេះ។ តែយ៉ាងនេះក្តី ព័ត៌មានមិនពិតដែលត្រូវបានផ្សព្វផ្សាយចេញទៅ នឹងឆាប់សាបរលាប នៅពេលដែលអ្នកសារព័ត៌មានជាច្រើនទៀតដែលប្រកាន់ជំហរផ្សាយតែព័ត៌មានពិត ចូលមកដល់។ មួយវិញទៀត ក្រុមមនុស្ស ឬក្រុមអ្នកសារព័ត៌មាន ដែលចូលចិត្តផ្សាយព័ត៌មានក្លែងក្លាយ នឹងលែងមានអ្នកគាំទ្របន្តទៀត និងលែងមានប្រភពផ្តល់ព័ត៌មាន ឬផ្តល់បទសម្ភាសន៍ឱ្យទៀតផង។
ក្រឡេកមកមើលក្រុមមហាជន និងប្រជាពលរដ្ឋវិញ បាននាំគ្នាសាទរដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញពាក្យស្លោកថ្មី ” អ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ” ។ មហាជនលើកឡើងថា ត្រង់នេះ គឺសម្ដេចតេជោ ហ៊ុន សែន គ្រាន់តែចង់ប្រាប់អ្នកសារព័ត៌មាន កុំឱ្យផ្សាយព័ត៌មានប្រឌិតកំហុសដាក់មន្ត្រីស្មោះត្រង់ មន្ត្រីសកម្មនឹងការងារ ព្រមទាំងពាណិជ្ជករ អាជីវករ និងវិនិយោគិន ដែលគេរកស៊ីត្រឹមត្រូវ កុំប្រឌិតកំហុសដាក់គេ។

ប៉ុន្តែមិនមែនមិនឱ្យអ្នកសារព័ត៌មានផ្សាយពីកំហុសមន្ត្រីអសកម្ម ខូចខិលពុករលួយ កិបកេង យកអំណាចទឹកប្រាក់ អំណាចតួនាទីទៅគាបសង្កត់អ្នកទន់ខ្សោយ អ្នកក្រីក្រ, ជាពិសេសគាបសង្កត់ប្រជាពលរដ្ឋស្លូតត្រង់នោះទេ, ដូច្នេះ ត្រង់ចំណុចនេះ សូមមន្ត្រីខិលខូចទាំងឡាយ ដែលកំពុងបង្កប់ខ្លួនក្នុងសង្គម ក្នុងជួររាជរដ្ឋាភិបាល កុំសប្បាយចិត្ត ឬយល់ច្រឡំថា សម្ដេចតេជោ ហ៊ុន សែន មិនឱ្យផ្សាយពីកំហុសរបស់ខ្លួនឲ្យសោះនោះ។
ពោលគឺ កំហុស ភាពអសកម្ម ការប្រើអំណាចជិះជាន់ គាបសង្កត់ ការកិបកេង និងអំពើពុករលួយ ត្រូវតែផ្សាយដើម្បីលាងជម្រះភាពខ្មៅកខ្វក់ ភាពវឹកវរក្នុងសង្គម ធ្វើយ៉ាងណាទាញត្រឡប់មកវិញ គឺផ្ដល់យុត្តិធម៌សង្គម ដែលក្នុងនោះ មានរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

















