Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន សាងសង់មូលដ្ឋានទ័ពអាកាសថ្មី សម្រាប់យន្ដហោះចម្បាំងអាមេរិក

spot_img

រាជធានីតូក្យូ៖ ជាមួយនឹងការភ័យខ្លាច អំពីការគំរាមកំហែង ពីប្រទេសចិននោះ កម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន កំពុងតែចាប់ផ្តើមសាងសង់មូលដ្ឋានកងទ័ពអាកាសថ្មីមួយ នៅលើកោះ Mage ដែលជាកោះគ្មានមនុស្សរស់ ស្ថិតក្នុងខេត្តកាហ្គោស៊ីម៉ា (Kagoshima) ដែលគេស្គាល់ថា ម៉ាហ្គេស៊ីម៉ា (Mageshima)។

សារព័ត៌មាន Aero Time បានចេញផ្សាយ កាលពីថ្ងៃទី១៥ ខែមករា ថា ក្រុមមន្រ្ដីការពារជាតិជប៉ុន បានអះអាង ថា មូលដ្ឋានកងទ័ពអាកាស ដែលកំពុងតែសាងសង់ថ្មីនេះ មានគោលបំណង សម្រាប់ដាក់យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក ដែលបានផ្លាស់ប្តូរទីតាំង ចេញពីកោះ Iwoto ដែលគេស្គាល់ថា ជាកោះ Iwo Jima។ មូលដ្ឋានកងទ័ពអាកាសនេះ មានទីតាំងនៅប៉ែកខាងកើត សមុទ្រចិនខាងត្បូង ហើយមូលដ្ឋានកងទ័ព Mage នឹងផ្តល់នូវទីតាំងដ៏ល្អប្រសើរជាងមុន សម្រាប់មូលដ្ឋានយោធា។

បើតាមសារព័ត៌មាន Japan Times បានឲ្យដឹងថា លោក ហ៊ីរ៉ូកាហ្ស៊ូ ម៉ាតស៊ូណូ (Hirokazu Matsuno) ប្រធានខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្ដីជប៉ុន បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ថា «ដោយសារតែបរិយាកាសសន្តិសុខដ៏ធ្ងន់ធ្ងរ និង ស្មុគស្មាញបំផុត នាយុគសម័យ ក្រោយសង្គ្រាមលោកលើកទី២នោះ រដ្ឋាភិបាលក្រុងតូក្យូ នឹងសាងសង់មូលដ្ឋានកងទ័ពអាកាស នៅកន្លែងនេះ ហើយចាប់ផ្តើមដំណើរប្រតិបត្តិការរបស់ខ្លួន ជាលើកដំបូង»។

ក្រុមមន្រ្ដីជប៉ុន បានពន្យល់ ថា ការសម្រេចចិត្តសាងសង់មូលដ្ឋានកងទ័ពអាកាស នៅលើកោះនេះ បានចាត់ទុកជាប្រតិកម្ម ចំពោះការទាមទារទឹកដីរបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង។

ចាប់តាំងពីសតវត្សទី១៤រហូតមក កោះ Mage មានតែប្រជានេសាទរស់នៅ។ ចំណែកការទាយយកផលប្រយោជន៍កសិកម្មអចិន្ត្រៃយ៍ ក៏បានបង្កើតឡើង នៅទីនោះ ក្រោយសង្គ្រាមលោកលើកទី២។ ទោះយ៉ាងណាក៏ដោយ នៅចន្លោះពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់១៩៨០ អ្នកស្រុកទាំងអស់ បានចាកចេញ ដោយសារតែស្ថានភាពរស់នៅលើកោះ មានការលំបាកខ្លាំង។

រហូតមកដល់ឆ្នាំ២០០៩ ក្រុមហ៊ុនក្នុងស្រុកមួយ បានចាប់ផ្តើមសាងសង់ផ្លូវរត់យន្ដហោះហោះ នៅលើកោះនេះ ជាមួយនឹងផែនការជួលកោះ ធ្វើជាកន្លែងហ្វឹកហាត់ សម្រាប់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ គម្រោងនេះបានកើតមានរឿងអាស្រូវដ៏ធំមួយ ពាក់ព័ន្ធនឹងការក្លែងបន្លំពន្ធ និង សកម្មភាពខុសច្បាប់ផ្សេងៗទៀត។ លុះមកដល់ឆ្នាំ២០១១ ផែនការជាច្រើន បានប្រែក្លាយកោះនោះ ឲ្យទៅជាមូលដ្ឋានកងទ័ព ជាអចិន្ត្រៃយ៍ ហើយទទួលបានការជំរុញបន្ថែម នៅក្នុងអំឡុងឆ្នាំ២០១៨ ហើយនៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុន ក៏បានទិញយកកោះ Mage។

កោះ Mage នឹងក្លាយជាផ្នែកមួយដ៏ធំ ដើម្បីបង្កើនវត្ដមានរបស់កងទ័ពសហរដ្ឋអាមេរិក និង កងទ័ពស្វ័យការពាររបស់ជប៉ុន នៅក្នុងតំបន់។ ដោយឡែក ប្រទេសចិន បានចាត់ទុកសមុទ្រចិនខាងត្បូង ជាទឹកដីរបស់ខ្លួន ដែលជាទិដ្ឋភាព នាំឲ្យប៉ះទង្គិចជាមួយច្បាប់អន្តរជាតិ និង ការទាមទារ ពីប្រទេសផ្សេងៗទៀត នៅជុំវិញតំបន់នោះ រួមទាំង ប្រទេសជប៉ុន ផងដែរ។

ប្រទេសចិន មានមហិច្ឆតាសាងសង់គម្រោងជាច្រើន នៅលើកោះ ការលុកលុយចូលទៅលើដែនអាកាសរបស់ប្រទេសដទៃ និង សកម្មភាពយោធាផ្សេងៗទៀត នាំឱ្យមានភាពតានតឹង នៅក្នុងតំបន់ កាន់តែខ្លាំងឡើង។

រដ្ឋាភិបាលរបស់លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) បានបង្កើតច្បាប់យុទ្ធសាស្រ្ដសន្ដិសុខ និង ការពារជាតិថ្មី ដោយត្រូវចំណាយថវិកា លើវិស័យការពារជាតិ រហូតដល់៤៣ពាន់ពាន់លានយ៉េន (លុយជប៉ុន) ឬស្មើនឹង ៣២៣,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ចន្លោះពីឆ្នាំ២០២៣ ដល់២០២៧ ដោយកើនឡើង រហូតដល់៥០ភាគរយ លើសពីថវិកា រយៈពេលប្រាំឆ្នាំមុននេះ ក្រោមច្បាប់យុទ្ធសាស្រ្ដសន្ដិសុខ និង ការពារជាតិថ្មី។ ដូច្នេះ ក្រុងតូក្យូ នឹងបង្កើនការទិញគ្រឿងយុទ្ធោបករណ៍ទំនើបៗ អាចបាញ់ រហូតដល់ចម្ងាយ ជាង២០០០គីឡូម៉ែត្រ សម្រាប់បំពាក់ដល់កងទ័ពរបស់ខ្លួន ដើម្បីប្រឈមមុខនឹងបច្ចាមិត្ដ។

ការបង្កើតយុទ្ធសាស្រ្ដសន្ដិសុខជាតិថ្មីរបស់ជប៉ុន បានកើតឡើង ស្របពេលចិនកំពុងតែគំរាមកំហែង ទៅលើកោះតៃវ៉ាន់ ខណៈរុស្ស៊ី កំពុងតែបន្ដឈ្លានពាន ទៅលើអ៊ុយក្រែន និង កូរ៉េខាងជើង កំពុងតែបង្កើនមហិច្ឆតា លើអាវុធមហាប្រល័យលោក ហើយការបាញ់ផ្លោងមីស៊ីលឥតឈប់ឈរ បង្កឲ្យប៉ះពាល់ដល់សន្ដិសុខ ទាំងនៅក្នុងតំបន់ និង ពិភពលោក។

នៅក្នុងការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង កាលពីឆ្នាំ២០២២ ក៏មានមីស៊ីលផ្លោង ចំនួន១គ្រាប់ ហោះរំលងប្រទេសជប៉ុន ខណៈចិន បានធ្វើសមយុទ្ធយោធា ឡោមព័ទ្ធកោះតៃវ៉ាន់ ហើយបានបាញ់មីស៊ីលមួយគ្រាប់ ធ្លាក់ចូលទៅក្នុងទឹកដីជប៉ុន ក្រោយពេលក្រុងប៉េកាំង បានខឹងសម្បា ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី បានមកបំពេញទស្សនកិច្ច នៅក្នុងទីក្រុងតៃប៉ិ ចន្លោះពីថ្ងៃទី២-៣ ខែសីហា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×