Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការទាហានស៊ីឈ្នួលរុស្ស៊ីម្នាក់ រត់ចោលសមរភូមិប្រយុទ្ធ

spot_img

រាជធានីអូស្លូ (Oslo)៖ សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានអូសបន្លាយអស់រយៈពេល៣២៨ថ្ងៃ គិតត្រឹមថ្ងៃទី១៧ ខែមករា ខណៈជម្លោះរវាងប្រទេសធ្លាប់រស់នៅក្រោមដំបូលអតីតសហភាពសូវៀតទាំង២នេះ កំពុងតែបន្ដវាយប្រយុទ្ធស៊ីសាច់ហុតឈាមគ្នាយ៉ាងសាហាវ ហើយកំពុងតែបង្កនូវមហាវិនាសកម្ម និង សម្លាប់មនុស្ស រាប់សែននាក់ ប៉ុន្ដែឥឡូវនេះ មានសេចក្ដីរាយការណ៍ អំពីមេបញ្ជាការទាហានស៊ីឈ្នួលម្នាក់ បានសុខចិត្តបោះបង់កាំភ្លើងចោល រត់ទៅសុំសិទ្ធិជ្រកកោណ នៅក្នុងប្រទេសលោកខាងលិច។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៧ ខែមករា ថា លោក អេនដ្រេ មេដវេដេវ (Andrey Medvedev) អាយុ២៦ឆ្នាំ ជាអតីតមេបញ្ជាការទាហានស៊ីឈ្នួលមួយរូបរបស់ក្រុមហ៊ុន Wagner Group បានរត់ទៅសុំសិទ្ធិជ្រកកោណ នៅក្នុងប្រទេសន័រវ៉ែស។ គាត់បានឆ្លងកាត់ព្រំដែន ចូលទៅក្នុងប្រទេសអឺរ៉ុបខាងជើងមួយនេះ កាលពីថ្ងៃសុក្រមុន ក្រោយពេលចាកចេញពីទាហានស៊ីឈ្នួល ហើយក៏ត្រូវបានឆ្មាំការពារព្រំដែន ចាប់ឃាត់ខ្លួនសួរនាំ។

លោក ប៊្រីនជូលហ្វ៍ រ៉ៃស្នេស (Brynjulf Risnes) ជាមេធាវីរបស់ទាហានស៊ីឈ្នួលរូបនេះ បានប្រាប់ដល់បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC ថា ឥឡូវនេះ លោក អេនដ្រេ មេដវេដេវ (Andrey Medvedev) ត្រូវបានឃុំខ្លួន នៅក្នុងទីក្រុងអូស្លូ។ កូនក្ដីរបស់គាត់ ត្រូវប្រឈមមុខនឹងការការចោទប្រកាន់ ពីការចូលមកក្នុងប្រទេសន័រវ៉ែស ដោយខុសច្បាប់។

លោកមេធាវី Brynjulf Risnes បានបញ្ជាក់ ថា កូនក្ដីរបស់គាត់ បានចាកចេញពីក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី Wagner ក្រោយពេលផ្ដល់សក្ខីកម្មឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។

ឆ្មាំការពារព្រំដែនរបស់ប្រទេសន័រវ៉ែស បានប្រាប់ដល់ BBC ថា បុរសជនជាតិរុស្សីម្នាក់នេះ ត្រូវបានឃុំខ្លួន ក្រោយពេលគាត់ឆ្លងកាត់ព្រំដែន ប្រវែង១៩៨គីឡូម៉ែត្រ ជាប់ជាមួយនឹងប្រទេសរុស្ស៊ី។ ប៉ុន្តែឆ្មាំព្រំដែន មិនអាចធ្វើអត្ថាធិប្បាយអ្វីបន្ថែមនោះដែរ ដោយលើកឡើង អំពី«ហេតុផលសុវត្ថិភាព និង ឯកជនភាពរបស់ទាហានស៊ីឈ្នួលរូបនេះ»។

លោក តាជេ ស៊ើរម៉ា-ថែលឡេហ្វសេន (Tarjei Sirma-Tellefsen) មេប៉ូលិសន័រវ៉ែស ប្រចាំនៅតំបន់ Finnmark (ហ៊្វិនម៉ាក) បានបញ្ជាក់ ថា បុរសរុស្ស៊ីម្នាក់នេះ ត្រូវបានឃាត់ខ្លួន សួរនាំដោយក្រុមឆ្មាំល្បាតព្រំដែន ហើយគាត់ក៏បានដាក់ពាក្យសុំសិទ្ធិជ្រកកោណផងដែរ។

ក្រុមសិទ្ធិមនុស្សរុស្ស៊ី Gulagu (ហ្គូឡាហ្គូ) ដែលបានជួយលោក Medvedev ឲ្យចាកចេញ ពីប្រទេសរុស្ស៊ី បានបញ្ជាក់ អំពីអត្តសញ្ញាណរបស់គាត់។ ការរត់គេចខ្លួនរបស់បុរសរុស្ស៊ីម្នាក់នេះ ត្រូវគេជឿ ថា ក្លាយជាករណីលើកដំបូង សម្រាប់ទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុន Wagner (វ៉ែកណឺរ) បានរត់គេចខ្លួនទៅកាន់ប្រទេសលោកខាងលិច។

លោក វ៉្លាឌីមៀ អូសេចឃីន (Vladimir Osechkin) ស្ថាបនិកក្រុមសិទ្ធិមនុស្សរុស្ស៊ី Gulagu បានប្រាប់ដល់ BBC ថា លោក មេដវេដេវ បានចូលរួមជាមួយនឹងក្រុមទាហានប៉ារ៉ា Wagner នៅក្នុងខែកក្កដា ឆ្នាំ២០២២ ដោយមានកិច្ចសន្យា រយៈពេល៤ខែ។ ប៉ុន្ដែគាត់បានបោះបង់ចោលការងារ នៅក្នុងក្រុមហ៊ុនទាហានស៊ីឈ្នួល ក្រោយពេលមើលឃើញ អំពីការរំលោភសិទ្ធិមនុស្ស និង ឧក្រិដ្ឋកម្មសង្គ្រាមជាច្រើន នៅក្នុងអំឡុងពេលបំពេញការងារ នៅក្នុងប្រទេសអ៊ុយក្រែន។

ស្ថាបនិកអង្គការសិទ្ធិមនុស្សរុស្ស៊ី រូបនេះ បានបញ្ជាក់ ថា លោក មេដវេដេវ ជាអតីតទាហាន នៅក្នុងជួរកងទ័ពរុស្ស៊ី ហើយក្រោយមក គាត់បានជាប់ពន្ធនាគារ ចន្លោះឆ្នាំ២០១៧-១៨ មុនពេលចូលបម្រើការងារមួយនឹងក្រុមហ៊ុន Wagner Group ។ គាត់ត្រូវបានក្រុមហ៊ុន Wagner បញ្ជូនទៅធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ជាកន្លែងដែលគាត់គ្រប់គ្រងទាហាន ចន្លោះប្រហែល៣០-៤០នាក់។

អង្គការសិទ្ធិមនុស្សរុស្ស៊ី Gulagu បានបង្ហាញនូវឃ្លីបវីដេអូមួយ អំពីការអះអាងរបស់លោក មេដវេដេវ ថា គាត់បានចាកចេញពីប្រទេសអ៊ុយក្រែន កាលពីខែវិច្ឆិកា ក្រោយពេលទទួលបានព័ត៌មាន ថា ក្រុមហ៊ុនទាហានស៊ីឈ្នួល មានចេតនា ពង្រីកកិច្ចសន្យារបស់គាត់ គ្មានពេលកំណត់។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃចន្ទ ថា អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា រុស្ស៊ី បានបាត់បង់កម្លាំងទាហាន កើនដល់១១៦ ០៨០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×