សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញបំណងក្នុងការជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ម៉ាល់ឌីវ តាមរយៈការនាំចេញនាំចូលនូវទំនិញសក្តានុពលខ្ពស់មួយចំនួនរបស់កម្ពុជា។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចសន្និសីទសារព័ត៌មានរួមគ្នា ពីវិមានប្រធានាធិបតីនៃប្រទេសម៉ាល់ឌីវ ក្នុងដំណើរទស្សនិច្ចផ្លូវការនៅប្រទេសម៉ាល់ឌីវ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសង្ឃឹមថា ដោយសារតែអង្កររបស់កម្ពុជាល្បីល្បាញ ជាប់លេខ១ រយៈពេលពេល៥ដង គឺមានលទ្ធភាពខ្ពស់ ក្នុងការនាំចេញទៅកាន់ប្រទេសម៉ាល់ឌីវ សម្រាប់បម្រើឲ្យប្រជាជនម៉ាល់ឌីវផង និងសម្រាប់ភ្ញៀវទេសចរ មកកម្សាន្តនៅម៉ាល់ឌីវផង។

សម្តេចតេជោបន្ថែមទៀតថា ក្រៅពីអង្ករកម្ពុជា នៅមានកសិផលផ្សេងទៀត ដូចជាស្វាយចន្ទី ចេក ស្វាយ និងសម្លៀកបំពាក់ ដែលអាចឲ្យកម្ពុជានាំចូលមកម៉ាល់ឌីវបាន។
សម្រាប់ផលិតផលដែលម៉ាល់ឌីវ មានលទ្ធផលខ្ពស់ក្នុងការនាំចេញទៅកាន់កម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានលើកឡើង គឺជាត្រីខកំប៉ុងដែលផលិតនៅម៉ាល់ឌីវ និងផលិតផលត្រីមួយចំនួនទៀត។

ជាមួយគ្នានេះ កម្ពុជា-ម៉ាល់ឌីវ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ដោយផ្ដើមចេញពីកិច្ចការ ៦ចំណុច។ អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជានិងម៉ាល់ឌីវ ត្រូវបានចុះហត្ថលេខា នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ពោលគឺក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅកាន់ប្រទេសម៉ាល់ឌីវ។

អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជានិងម៉ាល់ឌីវរួមមាន៖
១. ជំរុញកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ទីក្រុង និងជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍សាសនាជាដើម។
២. ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចផ្លូវការរបស់មន្ត្រីជំនាញ និងផ្នែកឯកជន។
៣. ផលិតឯកសារផ្សព្វផ្សាយទាក់ទាញទេសចរណ៍រួមគ្នា។
៤. គាំទ្រនិងចូលរួមសិក្ខាសាលា កិច្ចប្រជុំ សន្និបាត និងកិច្ចការពាណិជ្ជកម្ម/ពិព័រណ៍ទេសចរណ៍។
៥. ការលើកទឹកចិត្តឲ្យមានសកម្មភាពសេដ្ឋកិច្ច វិនិយោគ ការតភ្ជាប់ការហោះហើរ។
៦. កិច្ចសហប្រតិបត្តិការផ្សេងៗទៀត៕