ម៉ាល់ឌីវ ៖ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទព័ត៌មានរួមគ្នាជាមួយ លោក មហាម៉េត អ៉ីប្រាហ៉ីម សូឡេះ (Ibrahim Mohamed Solih) ប្រធានាធិបតីម៉ាល់ឌីវ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអរគុណដល់ប្រធានាធិបតីម៉ាល់ឌីវ ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងសម្ដេចតេជោ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន១០រូប សម្រាប់និស្សិតម៉ាល់ឌីវ មកសិក្សានៅថ្នាក់ឧត្តមសិក្សានៅកម្ពុជាវិញផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំពិតជាមានការអរគុណចំពោះ ឯកឧត្តមប្រធានាធិបតី ដែលបានផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា លើការហ្វឹកហាត់ហែលទឹក និងផ្តល់អាហារូបករណ៍លើមុខជំនាញបដិសណ្ឋារកិច្ចចំនួន ២០នាក់ សម្រាប់ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា, ខ្ញុំក៏សុំយកឱកាសនេះបញ្ជាក់ជូនថា កម្ពុជាបានផ្តល់ឱកាសផ្តល់អាហារូបករណ៍ចំនួន១០រូប សម្រាប់និស្សិតរបស់ម៉ាល់ឌីវ ដើម្បីសិក្សានៅថ្នាក់ឧត្តមសិក្សានៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យម៉ាល់ឌីវ ពិនិត្យមើលលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលទាក់ទងនឹងវប្បធម៍ និងស្នើឱ្យរដ្ឋមន្ត្រីការបរទេសកម្ពុជា- ម៉ាល់ឌីវ ពិនិត្យពង្រីកទៅដល់វិស័យដែលគ្របដណ្តប់ទៅលើវិស័យវប្បធម៍នៃប្រទេសទាំង២បន្ថែទៀត។
ទាក់ទងនឹងវិស័យទេសចរណ៍វិញនោះ សម្តេចតេជោបញ្ជាក់ថា ម៉ាល់ឌីវ គឺជាភាពអស្ចារ្យនៅក្នុងមហាសាគរនៃមហាសមុទ្រឥណ្ឌា ដែលមានមណ្ឌលទេសចរណ៍ដ៏គួរឲ្យទាក់ទាញបំផុត និងបានកោតសរសើរដល់ប្រទេសម៉ាល់ឌីវ ដែលបានធ្វើការអភិវឌ្ឍនមហាសាគរ ក្លាយជាកន្លែងដ៏គួរឱ្យទាក់ទាញល្បីល្បាញលើពិភពលោក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN





