Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាធារណរដ្ឋឥណ្ឌូនេស៊ី ជាអ្នកចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា ឲ្យមានសន្តិភាព រហូតសព្វថ្ងៃនេះ និងសម្រេចដាក់ឈ្មោះផ្លូវ២ខ្សែ ជូនថ្នាក់ដឹកនាំនៃប្រទេសនេះ

ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឲ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ រហូតមកដល់សព្វថ្ងៃនេះ ។ ជាមួយនឹងគុណបំណាច់នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ឈ្មោះផ្លូវ២ខ្សែជូនថ្នាក់ដឹកនាំនៃប្រទេសនេះផងដែរ។

ការសំដែងនូវការអរគុណពីសំណាក់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ លោក ស៊ូឌីម៉ាន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅសាលារាជធានីភ្នំពេញ។ ក្រោយពីជំនួបសម្តែងការគួរសម និងជម្រាបលាហើយ ឯកឧត្តម ឃួង ស្រេង និងលោក ស៊ូឌីម៉ាន ហាសេង ក៏បានចុះទៅពិនិត្យទីតាំងផ្លូវ ដើម្បីដាក់ឈ្មោះ វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ជាឈ្នោះផ្លូវ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឲ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ រហូតមកដល់សព្វថ្ងៃនេះ ។ ដើម្បីឆ្លើយតបជាមួយនិងគុណបំណាច់នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ឈ្មោះផ្លូវ២ខ្សែ ជូនថ្នាក់ដឹកនាំនៃប្រទេសនេះផងដែរ។

ឯកឧត្តម ឃួង ស្រេង បានបន្តថា ក្រោយពីមានការណែនាំពីសម្តេចតេជោហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញបានកសាងផ្លូវ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វា ដើម្បីរំដោះចរាចរ ពិសេសរំដោះចរាចរ ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ។ ផ្លូវ២ខ្សែនេះ នឹងត្រូវដាក់ឈ្មោះជា វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ដើម្បីតបស្នងថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឲ្យប្រទេសកម្ពុជា មានសន្តិភាពពេញលេញ មកដល់សព្វថ្ងៃនេះ ។

លោក ស៊ូឌីម៉ាន ហាសេង ក្នុងឱកាសនោះបានសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះព័ត៌មានដ៏ល្អបំផុត ដែលផ្លូវនៅរាជធានីភ្នំពេញចំនួន២ខ្សែ ត្រូវបានថ្នាក់ដឹកនាំកម្ពុជាដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺវិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ។

បន្ថែមពីនេះ លោក ស៊ូឌីម៉ាន ហាសេង ក៏បានមានប្រសាសន៍លើកឡើង ពីការរីកចម្រើនយ៉ាងឆាប់រហ័ស របស់រាជធានីភ្នំពេញផងដែរ ដោយលោកបញ្ជាក់ថា រាជធានីភ្នំពេញ មុនលោកមកកាន់តំណែងជាឯកអគ្គរដ្ឋទូត អគារខ្ពស់ៗ អាចរាប់បានដោយម្រាមដៃ តែពេលនេះ អគារខ្ពស់ៗបានរីកដូចផ្សិត មិនអាចរាប់ដោយម្រាមដៃបានដូចមុននោះទេ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×