Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពញាចក្រី ហេង សំរិន ៖ កម្ពុជា-ឥណ្ឌូនេស៊ី តែងបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិការទូតនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នេះ។

ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះសម្តេចដែលបានគាំទ្រ និងផ្តល់កិច្ចសហការល្អនាពេលកន្លងមក ក្នុងការជំរុញឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ។ ឯកឧត្តមបានគោរពស្នើសូមសម្តេចប្រធានរដ្ឋសភា និងមន្រ្តីរាជការពាក់ព័ន្ធរបស់កម្ពុជាបន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការល្អបន្តទៀត ដល់ឯកអគ្គរដ្ឋទូតថ្មីប្រទេសឥណ្ឌូនេស៊ី ដែលនឹងមកបន្តបេសកកម្ម ពីឯកឧត្តមនាពេលខាងមុខនេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ពីជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទាំងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នាពេលកន្លងមកនេះ។ ឯកឧត្តមបញ្ជាក់ថាជោគជ័យរបស់កម្ពុជានោះនឹងជំរុញដល់ប្រទេសឥណ្ឌូនេស៊ី ឱ្យខិតខំរៀបចំកិច្ចប្រជុំខាងលើនេះបន្តពីកម្ពុជាឱ្យបានល្អប្រសើរផងដែរ។

ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង បានលើកឡើងថានៅក្នុងរយៈពេលបំពេញបេសកកម្មនៅកម្ពុជា៥ឆ្នាំកន្លងមកនេះ ឯកឧត្តមបានសង្កេតឃើញថាកម្ពុជាមានការអភិវឌ្ឍរីកចម្រើននៅទូទាំងប្រទេស ពិសេសនៅរាជធានីភ្នំពេញ ដែលជាសញ្ញាមួយបញ្ជាក់ថានៅពេលខាងមុខដ៏ខ្លីនេះ កម្ពុជានឹងមានខឿនសេដ្ឋកិច្ចរឹងមាំជាមិនខានឡើយ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកនាមរបស់អតីតប្រធានាធិបតីឥណ្ឌូនេស៊ី ដាក់ឈ្មោះផ្លូវពីរខ្សែរនៅក្នុងរាជធានីភ្នំពេញ ដែលបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំនិងជិតស្និទ្ធនៃប្រទេសទាំងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងអាណត្តិ ការទូតរបស់ ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង ដែលបានរួមចំណែកដល់ការបន្តថែរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូនេស៊ី ឲ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។ បេសកកម្មការទូត របស់ឯកឧត្តម នៅកម្ពុជាពិតជាបានបង្កលក្ខណៈសម្បត្តិកាន់តែប្រសើរថែមទៀតក្នុងការលើកស្ទួយវឌ្ឍនភាព នៃចំណងការទូតរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានសន្ទុះខ្លាំងក្លាមួយកម្រិតទៀត។

កម្ពុជា-ឥណ្ឌូនេស៊ី មានទំនាក់ទំនងការទូតជាមួយគ្នាជាង៦០ឆ្នាំមកហើយ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រដ្ឋសភាកម្ពុជាពេញចិត្ត និងអបអរសាទរចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋាភិបាលនៃប្រទេស ទាំងពីរសម្រេចបាន ដែលពិតជាបាននាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។

ដោយឡែកនៅក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ក៏មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សាស្វែងយល់លើការងារនីតិកម្ម និងការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភារវាងរដ្ឋសភានៃប្រទេសទាំងពីរ។

ឆ្លៀតឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលបានរួមចំណែកក្នុងដំណើរការ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាតាមរយៈ ជំនួយអភិវឌ្ឍន៍ធនធានមនុស្ស លើកកម្ពស់ សមត្ថភាពកងទ័ព ជំនួយផ្នែកអាកាសចរណ៍ស៊ីវិល និងជំនួយមនុស្សធម៌ផ្សេងៗច្រើនទៀត នាពេលកន្លងមកនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×