Thursday, December 7, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការលាលែងតំណែងរបស់ប្រធានាធិបតី ង្វៀន សួនហ៊្វុក នឹងធ្វើឲ្យវៀតណាម ផ្លាស់ប្ដូរអំណាចដ៏ធំ

spot_img

រដ្ឋធានីហាណូយ៖ ការប្រកាសលាលែងពីតំណែងរបស់ប្រធានាធិបតីវៀតណាម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នឹងធ្វើឲ្យប្រទេសអាស៊ានមួយនេះ មានការផ្លាស់ប្ដូរអំណាចកំពូលដ៏កម្របំផុតមួយ នៅក្នុងចំណោមមេដឹកនាំគ្រប់គ្រងអំណាចតាមលទ្ធិកុម្មុយនិស្ដ ជាមួយនឹងការលេចឮ អំពីពាក្យចចាមអារ៉ាម នៃការប្រព្រឹត្ដអំពើពុករលួយ។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៨ ខែមករា ថា លោក ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) ប្រធានាធិបតីវៀតណាម បានប្រកាស ថា គាត់ នឹងចុះចេញពីតំណែងកំពូលនេះ។ ការប្រកាសរបស់គាត់ កំពុងតែធ្វើឲ្យមានការផ្លាស់ប្ដូរអំណាចដ៏ធំ នៅក្នុងចំណោមមេដឹកនាំប្រទេស គ្រប់គ្រងតាមបែបលទ្ធិកុម្មុយនិស្ដ។

ការចាកចេញពីតំណែងរបស់លោកប្រធានាធិបតី បានលេចចេញ ជាពាក្យចចាមអារ៉ាមរាលដាលយ៉ាងខ្លាំង ក្រោយពេលឧបនាយករដ្ឋមន្រ្ដីចំនួន២រូប ស្ថិតក្រោមអំណាចរបស់គាត់ បានបណ្ដេញចេញពីតំណែង។ ព័ត៌មាន ស្ដីអំពីការលាលែងតំណែងរបស់លោក ង្វៀន សួនហ៊្វុក បានកើតឡើង នៅក្នុងអំឡុងពេល មានយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ ដឹកនាំដោយក្រុមមេដឹកនាំប្រកាន់ភាពរឹងរូសខ្លាំង។ ជាមួយគ្នានេះដែរ សមាជិកបក្សកុម្មុយនិស្ដ មានចំនួនរាប់រយនាក់ កំពុងតែស្ថិតក្រោមការស៊ើបអង្កេត។

ដោយឡែក ការលាលែងពីតំណែងរបស់ប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ៊្វុក ក៏តម្រូវឲ្យមានការយល់ព្រម ពីសភាជាតិរបស់ប្រទេសកុម្មុនិស្ដអាស៊ានមួយនេះផងដែរ។ រដ្ឋសភាជាតិវៀតណាម នឹងរៀបចំការបោះឆ្នោតវិសាមញ្ញ នៅថ្ងៃពុធ ហើយគេរំពឹង ថា ការសម្រេចចិត្តចាកចេញពីអំណាចរបស់លោកប្រធានាធិបតី នឹងក្លាយជាផ្លូវការ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវវការរបស់វៀតណាម បានអះអាង ថា លោកប្រធានាធិបតី ង្វៀន សួនហ៊្វុក នឹងលាលែងពីតំណែង ក្រោយពេលមានការរំពឹងទុក អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកហើយ ថា គាត់នឹងចាកចេញពីមុខតំណែងកំពូល នៅក្នុងប្រទេសវៀតណាម។

គណៈកម្មាធិការមជ្ឈិម នៃបក្សកុម្មុយនិស្តវៀតណាម បានសម្រេចយល់ព្រមអនុញ្ញាតឱ្យប្រធានាធិបតី លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) លាលែងពីតំណែងរបស់គាត់ទាំងអស់ រួមទាំងសមាជិក នៃការិយាល័យនយោបាយ ក៏ដូចជា តំណែងនៅក្នុងគណៈកម្មាធិការមជ្ឈិមបក្ស ស្របតាមសំណើផ្ទាល់ខ្លួនរបស់គាត់។

ស្របគ្នានេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានចេញសេចក្តីថ្លែងការណ៍មួយ ក្រោយការកោះប្រជុំវិសាមញ្ញ ថា នៅក្នុងឋានៈជាប្រធានាធិបតី លោក ង្វៀន សួនហ៊្វុក បានបណ្ដែតបណ្តោយ ដល់ក្រុមមន្រ្តីរដ្ឋាភិបាលមួយចំនួន ដោយរួមទាំងឧបនាយករដ្ឋមន្រ្តី ចំនួន២នាក់ និង រដ្ឋមន្រ្តី ចំនួន២រូប ប្រព្រឹត្តទង្វើខុសឆ្គងជាច្រើន នាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

សេចក្តីថ្លែងការណ៍ដដែលនោះ បានបន្ថែម ថា វៀតណាម បានបណ្ដេញឧបនាយករដ្ឋមន្រ្តី ចំនួន២នាក់ ចេញពីតំណែង ហើយរដ្ឋមន្រ្តី ចំនួន២នាក់ និង ក្រុមមន្រ្តីមួយចំនួនទៀត កំពុងតែប្រឈមនឹងការចោទប្រកាន់ តាមផ្លូវច្បាប់។ ដោយសារតែសកម្មភាពរបស់ក្រុមមន្រ្ដីក្រោមឱវាទរបស់ខ្លួនប្រព្រឹត្ដខុសឆ្គង ទើបជំរុញឲ្យលោក ង្វៀន សួនហ៊្វុក ដឹងច្បាស់ អំពីការទទួលខុសត្រូវរបស់ខ្លួន ហើយបានសម្រេចចិត្ត ដាក់ពាក្យលាលែង ពីតំណែងទាំងអស់ ដើម្បីចូលនិវត្ដន៍ បញ្ចប់ជីវិតនយោបាយ។

លោក ង្វៀន សួនហ៊្វុក វ័យ៦៩ឆ្នាំ ធ្លាប់ធ្វើជាសមាជិក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត សមាជិកការិយាល័យនយោបាយ និង សមាជិករដ្ឋសភាជាច្រើនអាណត្តិ។ ចន្លោះពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៦ គាត់ បានធ្វើជាប្រធានគណៈកម្មាធិការប្រជាជន ប្រចាំខេត្តក្វាងណាំ (Quang Nam)។ លុះមកដល់ឆ្នាំ២០០៦ វៀតណាម បានតែងតាំងលោក ង្វៀន សួនហ៊្វុក ធ្វើជាប្រធានការិយាល័យរដ្ឋាភិបាល ហើយបានក្លាយជាឧបនាយករដ្ឋមន្រ្តី នៅក្នុងឆ្នាំ២០១១ មុនពេលគាត់បានក្លាយជានាយករដ្ឋមន្រ្តី នៅឆ្នាំ២០១៦ ហើយបានបន្ដឡើងកាន់តំណែងកំពូលជាចុងក្រោយរបស់គាត់ ក្រោយការជាប់ឆ្នោត ក្លាយជាប្រធានាធិបតីវៀតណាម នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×