សៀមរាប ៖ ក្នុងពិធីសម្ពោធអគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាទៅកាន់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ជនទុច្ចរិតដែលបំផ្លិចបំផ្លាញ កាប់គាស់កាយ និងជួញដូរសម្បត្តិបេតិកភណ្ឌ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលស្រឡាញ់វត្ថុបុរាណ សូមស្ម័គ្រចិត្តប្រគល់វត្ថុបុរាណទាំងនោះមកឱ្យអាជ្ញាធរមានសមត្ថកិច្ច ដើម្បីគ្រប់គ្រងថែរក្សា។

អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរនេះ ស្ថិតនៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប, ឱកាសសម្ពោធអគារនេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់អាជ្ញាធរខេត្តសៀមរាប អង្គភាពនគរបាលការពារបេតិកភណ្ឌ ត្រូវបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរជាតិអប្សរាក្នុងកិច្ចការថែរក្សា ការពារបេតិកភណ្ឌជាតិក្នុងរមណីយដ្ឋានអង្គរ និងខេត្តសៀមរាប ជាពិសេសកិច្ចការស្រាវជ្រាវ និងអនុវត្តវិធានការឱ្យបានជាដាច់ខាតក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបរាល់អំពើល្មើសច្បាប់ ការបំផ្លិចបំផ្លាញ ការជីកកកាយវត្ថុបុរាណ ការកាប់បំផ្លាញព្រៃឈើ ការលួចលាក់ ប្លន់ ការទិញ លក់ និងការដឹកជញ្ជូនបេតិកភណ្ឌសម្បត្តិវប្បធម៌ប្រវត្តិសាស្រ្តដែលជាភារកិច្ចចម្បងរបស់ខ្លួន។

អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អង្គភាពនគរបាលការពារបេតិកភណ្ឌ និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តខិតខំថែរក្សាបរិស្ថានធម្មជាតិដែលជាផ្នែកមួយនៃទេសភាពវប្បធម៌របស់រមណីយដ្ឋានអង្គរ តាមរយៈការដាំដើមឈើឡើងវិញ បង្កើនភាពបៃតង បន្តស្តារប្រព័ន្ធធារាសាស្រ្តបុរាណដើម្បីពង្រឹងកិច្ចការអភិរក្ស ក៏ដូចជាបង្កើតបាននូវផាសុកភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើទស្សនាចរណ៍៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













