Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេទ័ពកំពូលសហរដ្ឋអាមេរិក និង អ៊ុយក្រែន ស្កាត់ជួបគ្នា រៀបចំផែនការយុទ្ធសាស្រ្ដថ្មី

spot_img

រដ្ឋធានីវ៉ាសាវី៖ មេទ័ពកំពូលរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅជួប និយាយទល់មុខគ្នាដោយផ្ទាល់ ជាលើកដំបូង ជាមួយនឹងសមភាគីអ៊ុយក្រែន ស្របពេលកម្លាំងទាហានរុស្ស៊ី កំពុងតែធ្វើសង្គ្រាមឈ្លានពាន នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ។

ទីភា្នក់ងារសារព័ត៌មាន AP បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៨ ខែមករា ថា លោកឧត្ដមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) នាយកអគ្គសេនាធិការចម្រុះរបស់កងទ័ពសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានធ្វើដំណើរទៅកាន់កន្លែងមួយ នាភាគឦសាន ជិតព្រំដែន រវាងប្រទេសអ៊ុយក្រែន និង ប៉ូឡូញ ដើម្បីជួយចរចាដោយផ្ទាល់ ជាមួយនឹងសមភាគីអ៊ុយក្រែន។ ជំនួបរវាងមេទ័ពកំពូលទាំង២នេះ ក៏បានបញ្ជាក់ អំពីទំនាក់ទំនងយោធា ដែលកំពុងតែរីកចម្រើន រវាងកងទ័ពសហរដ្ឋអាមេរិក- អ៊ុយក្រែន នាពេលខាងមុខ ហើយវាបានកើតឡើង ចំពេលវេលាដ៏សំខាន់មួយ ខណៈសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេលជិតមួយឆ្នាំមកហើយ។

លោកឧត្ដមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) នាយកអគ្គសេនាធិការចម្រុះរបស់កងទ័ពសហរដ្ឋអាមេរិក និង សមភាគីអ៊ុយក្រែន លោកឧត្ដមមសេនីយ៍ វ៉ាឡេរី ហ្សាលូស្នី (Valerii Zaluzhnyi) បានជួបពិភាក្សាគ្នា ប្រហែល២ទៅ៣ម៉ោង ដោយមិនបានបង្ហាញ អំពីទីតាំង នៅក្នុងប្រទេសប៉ូឡូញ នោះឡើយ។ មេទ័ពកំពូលទាំង២នេះ តែងតែនិយាយគ្នាជាញឹកញាប់ អំពីតម្រូវការខាងយោធារបស់អ៊ុយក្រែន និង ស្ថានភាពសង្រ្គាម កាលពីឆ្នាំមុន ប៉ុន្តែមិនដែលជួបគ្នានោះដែរ។

កិច្ចប្រជុំរវាងមេទ័ពកំពូលទាំងនេះ បានធ្វើឡើង ស្របពេលសហគមន៍អន្តរជាតិ កំពុងតែបង្កើនកញ្ចប់ជំនួយយោធាបន្ថែមទៀត ជួយដល់អ៊ុយក្រែន រួមទាំងការពង្រីកនូវការហ្វឹកហ្វឺនកងទ័ពរបស់អ៊ុយក្រែន រៀបចំឡើងដោយសហរដ្ឋអាមេរិក និង ការផ្តល់មីស៊ីល Patriot (ប៉ាទ្រីយ៉ូត) រថក្រោះប្រយុទ្ធ ហើយការបង្កើនប្រព័ន្ធការពារដែនអាកាស និង ប្រព័ន្ធគ្រឿងសព្វាវុធផ្សេងៗទៀត ផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង សម្ពន្ធមិត្តដទៃទៀត។ នេះជាការកត់សម្គាល់ សម្រាប់ពេលវេលាដ៏សំខាន់ នៅក្នុងសង្គ្រាម ស្របពេលកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែប្រយុទ្ធយ៉ាងខ្លាំងក្លា នៅភាគខាងកើត ខេត្តដូណែតស្ក៍ (Donetsk) ជាសមរភូមិ ដែលទាហានរុស្ស៊ី រួមកម្លាំងគ្នាជាមួយនឹងទាហានស៊ីឈ្នួលរាប់ពាន់នាក់ មកពីក្រុមហ៊ុន Wagner Group ដើម្បីព្យាយាមស្ដារស្ថានការណ៍សង្គ្រាម ក្រោយពេលពួកគេបានទទួលបរាជ័យ ជាបន្ដបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ។

លោកវរសេនីយ៍ ដាវ ប៊ុតល័រ (Dave Butler) អ្នកនាំពាក្យរបស់លោកនាយអគ្គសេនាធិការចម្រុះ មីលឡេ បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ថា «មេទ័ពកំពូលទាំងពីរ មានអារម្មណ៍ ថា វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជំនួបដោយផ្ទាល់នេះ ហើយពួកគាត់បាននិយាយយ៉ាងលម្អិត អំពីប្រព័ន្ធការពារ ដែលអ៊ុយក្រែន កំពុងតែព្យាយាម ធ្វើសង្គ្រាម ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី»។

ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះ បានបន្ថែម ថា គាត់មានក្ដីសង្ឃឹមខ្លះៗ ថា លោកឧត្ដមសេនីយ៍ ហ្សាលូស្នី នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន នឹងធ្វើដំណើរទៅកាន់ទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំរបស់ក្រុមរដ្ឋមន្រ្ដីក្រសួងការពារជាតិ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ឬ អូតង់ នៅសប្ដាហ៍នេះ។ ប៉ុន្ដែអ្វីដែលកាន់តែច្បាស់ នៅគឺនៅថ្ងៃចន្ទ ដែលនឹងមិនអាចកើតឡើង ទើបមេទ័ពទាំង២ បានជួបគ្នាជាបន្ទាន់ នៅលើទឹកដីប៉ូឡូញ ជិតព្រំដែនអ៊ុយក្រែន។

រហូតមកដល់ពេលនវ ថ្វីបើមានមេដឹកនាំស៊ីវិលរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន យ៉ាងណាក្ដី ប៉ុន្ដែរដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) បានបញ្ជាក់យ៉ាងច្បាស់ ថា គ្មានកងទ័ពសហរដ្ឋអាមេរិកណាម្នាក់ ស្លៀកពាក់ឯកសណ្ឋានយោធា ចូលទៅក្នុងប្រទេសអ៊ុយក្រែន ក្រៅតែពីអ្នកមានទំនាក់ទំនង ជាមួយស្ថានទូត នៅក្នុងរដ្ឋធានីកៀវ តែប៉ុណ្ណោះ។

អ្នកនាំពាក្យ រូបនេះ បានសង្កត់ធ្ងន់ ថា ជំនួបរវាងមេទ័ពកំពូលទាំង២ប្រទេស នៅលើទឹកដីរបស់ប៉ូឡូញ នោះ នឹងអនុញ្ញាតឱ្យលោកឧត្ដមសេនីយ៍ Milley ពាំនាំនូវការព្រួយបារម្ភ និងព័ត៌មានរបស់លោកឧត្ដមសេនីយ៍ Zaluzhnyi ទៅកាន់មេដឹកនាំយោធាផ្សេងៗទៀត នៅក្នុងកិច្ចប្រជុំរបស់ប្រមុខណាតូ។ ទន្ទឹមគ្នានេះ លោកឧត្ដមសេនីយ៍ Milley នឹងអាច ពិពណ៌នា អំពីលក្ខខណ្ឌយុទ្ធសាស្ត្រ និង ប្រតិបត្តិការ នៅលើសមរភូមិ ក៏ដូចជាអ្វីដែលកងទ័ពត្រូវការ សម្រាប់សង្គ្រាមនេះផងដែរ។ ចំណែកយុទ្ធសាស្រ្ដផ្សេងៗ ដែលលោកឧត្ដមសេនីយ៍ រៀបចំនោះ គឺជាការយល់ដឹងដោយខ្លួនឯង ហើយគាត់តែងតែនិយាយជាមួយនឹងលោកឧត្ដមសេនីយ៍ Zaluzhnyi ជាទៀងទាត់ផងដែរ។

លោកឧត្ដមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) នាយកអគ្គសេនាធិការចម្រុះរបស់កងទ័ពសហរដ្ឋអាមេរិក ក៏នឹងអាចរៀបរាប់ អំពីការហ្វឹកហ្វឺនថ្មី ដល់កងទ័ពអ៊ុយក្រែន ដែលសហរដ្ឋអាមេរិក កំពុងតែធ្វើ នៅតំបន់ហ្វឹកហ្វឺន Grafenwoehr (ហ្ក្រាហ្វែនវូ) ស្ថិតក្នុងប្រទេសអាល្លឺម៉ង់។ មេទ័ពកំពូលរបស់អាមេរិក បានណែនាំ អំពីគ្រឿងសព្វាវុធ នៅក្នុងអំឡុងដំណើរទស្សនកិច្ច រយៈពេលជិតពីរម៉ោង នៅទីនោះ កាលពីថ្ងៃចន្ទ ហើយគាត់បាននិយាយថា គាត់នឹងរៀបចំកងទ័ពអ៊ុយក្រែន ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីចាប់ផ្តើមការវាយលុក ឬ ប្រឆាំងនឹងការវាយប្រហារ កាន់តែខ្លាំងឡើងពីកម្លាំងទាហានរុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×