Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសចរកម្ពុជា ចេញទៅកម្សាន្តនៅក្រៅប្រទេសនាឆ្នាំ ២០២២មានចំនួនជាង ៩៧ម៉ឺននាក់

spot_img

ភ្នំពេញ៖ ទិន្ន័យរបស់ក្រសួងទេសចរណ៍ បានបង្ហាញឲ្យដឹងថា ទេសចរជាប្រជាជនកម្ពុជា មានចំនួនប្រមាណជាង ៩៧ម៉ឺននាក់ បានធ្វើដំណើរចេញក្រៅប្រទេស នៅឆ្នាំ ២០២២ កើនឡើង ៣០៧៩,៥% បើធៀបនឹងឆ្នាំ ២០២១ ដែលមានប្រមាណតែជាង ៣០ម៉ឺននាក់ប៉ុណ្ណោះ។

ចំនួនប្រជាជនកម្ពុជា ដែលបានធ្វើដំណើរចេញទៅក្រៅប្រទេសមានការកើនឡើងនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យនាខែវិច្ឆិកាឆ្នាំ ២០២១កន្លងទៅ ក្នុងពេលដែលរាជរដ្ឋាភិបាលទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ ស្ថានភាពការរាត្បាតសកលក៏មានការធូរស្រាលផងដែរ។

ទិន្នន័យក្រសួងទេសចរណ៍ ក៏បានបង្ហាញផងដែរថា ចន្លោះពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២២កន្លងទៅថ្មីៗនេះ កម្ពុជា មានទេសចរផ្ទៃក្នុងដើរកម្សាន្តទៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រ ទេស ក្នុងនោះទេសចរផ្ទៃក្នុងជាតិ មានប្រមាណជាង ១៣,៩៣លាននាក់ និងទេសចរផ្ទៃក្នុងអន្តរជាតិ មានប្រមាណជាង ១,៨៧លាននាក់ កើនឡើង ១៩៨,៨% និង៥៧២,២% រៀងគ្នា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។

ដោយឡែកភ្ញៀវទេសចរអន្តរជាតិរបស់កម្ពុជា នៅឆ្នាំ ២០២២ មានប្រមាណជាង ២,២៧លាននាក់ កើនឡើង ១០៥៨,៦% បើធៀបនឹងឆ្នាំ ២០២១។

ចំនួនប្រជាជនកម្ពុជាចេញដំណើរទៅប្រទេសភាគច្រើន គឺក្នុងតំបន់ ដែលមានដូចជា ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន កូរ៉េ និងជប៉ុន ជាដើម។ ចំណែកឯគោលបំណងរបស់ពួកគេភាគច្រើន គឺទៅដើរកម្សាន្ត បំពេញការងារ ការធ្វើអាជីវកម្ម និងព្យាបាលជំងឺរបស់ខ្លួនជាដើម។ 

គួរបញ្ជាក់ថា ការធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសរបស់ប្រជាជនកម្ពុជា គឺបានថយចុះខ្លាំង ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានការរាតត្បាតខ្លាំងនៅទូទាំងពិភពលោក នាឆ្នាំ២០២០ និងឆ្នាំ ២០២១កន្លងទៅ។ ដោយក្នុងនោះ ប្រជាពលរដ្ឋខ្មែរចេញក្រៅប្រទេស មានប្រមាណតែជាង ៣២ម៉ឺននាក់ នៅក្នុងឆ្នាំ២០២០ និងចំនួនជាង ៣០ម៉ឺននាក់ប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០២១៕

spot_img
×