Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យមេធាវីរាជរដ្ឋាភិបាល ពិនិត្យសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលចោទថា គណបក្សប្រជាជនកម្ពុជា គំរាមកំហែងបក្សខ្លួន

ភ្នំពេញ ៖ ពាក់ព័ន្ធនឹងបញ្ហានយោបាយ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍រំលឹកថា សូមកុំចាត់ទុកគ្រប់រឿងរបស់អ្នកនយោបាយ ជារឿងនយោបាយ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសជាថ្មីព្រមានចាត់វិធានការច្បាប់ រាល់សម្តីប៉ះពាល់ដល់កិត្តិយសបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ទៀតថា សំណុំរឿងលោក ថាច់ សេដ្ឋា មិនជាប់ពាក់ព័ន្ធនឹងនយោបាយទេ។

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់ នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១,២០០ នាក់។

សម្តេចតេជោបានមានប្រសាសន៍ទៀតថា ចាប់ពីពេលនេះតទៅគណបក្សប្រជាជនកម្ពុជា នឹងប្រើប្រាស់វិធានការច្បាប់ ដើម្បីការពារភាពស្អាតស្អំ។ សម្តេចក៏បានណែនាំឲ្យមេធាវីរាជរដ្ឋាភិបាល ពិនិត្យសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលចោទថា គណបក្សប្រជាជនកម្ពុជាគំរាមកំហែងបក្សខ្លួន ដែលចេញផ្សាយការពារម្សិលមិញនេះ។ សម្តេចតេជោក៏បានហាមជនបរទេសកុំអោយលូកដៃក្នុងបទល្មើសរបស់អ្នកនយោបាយនៅកម្ពុជា ព្រោះប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ មិនចំណុះឱ្យប្រទេសណាមួយនោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានប្តឹងគណបក្សភ្លើងទៀន ដែលចេញបានសេចក្តីថ្លែងការណ៍ចោទប្រកាន់ថា គណបក្សកាន់អំណាច បានគំរាមកំហែងលើគណបក្សប្រឆាំងចំពោះការចាប់ខ្លួន លោក ថាច់ សេដ្ឋា​ អនុប្រធានគណបក្សភ្លើងទៀន ដែលពាក់ព័ន្ធនឹងករណីចេញសែកស្អុយ។ ការចាប់ខ្លួន លោក ថាច់ សេដ្ឋា គឺជារឿងអនុវត្តច្បាប់សុទ្ធសាធ មិនមានការពាក់ព័ន្ធនឹងនយោបាយទេ ហើយករណីនេះក៏ធ្លាប់កើតឡើងជាហូរហែរកន្លងមកចំពោះអ្នកដែលបានប្រព្រឹត្តកំហុសនេះដូចគ្នា។

សម្តេចតេជោ លើកឡើងថា កុំរឿងអីសុទ្ធតែរឿងនយោបាយទាំងអស់ ហើយខ្ញុំសូមទទូចអង្វកផង តែក៏មានវិធានការផ្លូវច្បាប់ចំពោះអ្នកឯងដែរ អ្នកអត់អាចចេញសេចក្តីថ្លែងការណ៍បន្ទោសថាគណបក្សកាន់អំណាចគំរាមកំហែងអ្នកឯងទេ អ្នកឯងប្រយ័ត្នគណបក្សប្រជាជនប្តឹង អ្នកឯងចេញសែកអត់លុយ រឿងតុលាការប្តឹង ជារឿងសមហេតុផលណាស់។
ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមេធាវីគណបក្សប្រជាជនកម្ពុជា សិក្សាអំពីសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដើម្បីប្តឹងទៅតាមច្បាប់។ សម្តេចបញ្ជាក់ទៀតថា៖ «ឱ្យហ្អែង សុំទោស បើមិនសុំទោសប្តឹងហ្អែងទៀត ខ្ញុំបានប្រាប់ទៅមេធាវីគណបក្សប្រជាជនមើលសេចក្តីថ្លែងការណ៍ហ្នឹង គណបក្សកាន់អំណាច វាមានតែគណបក្សប្រជាជន គំហែងហ្អែងពីអង្កាល គំរាមនៅកន្លែងណា បើហ្អែងមិនដកពាក្យហ្នឹងទេ ប្តឹងមួយទៀត»។

សម្តេចបន្តថា សម្រាប់វប្បធម៌សុំទោសគួរតែល្មមឈប់ហើយ ដោយសារតែកន្លងទៅគឺអ្នកដែលប្រព្រឹត្តខុសអាងតែសុំទោស។ ក្នុងនាមជាមេដឹកនាំ សម្តេចមិនអនុញ្ញាតឱ្យគណបក្សប្រឆាំងប្រមាថដល់គណបក្សប្រជាជនទៀតទេ។ សម្តេចបានណែនាំឱ្យគណបក្សនយោបាយរៀនសូត្រអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលក្រុមហ៊ុនមួយ មិនបានវាយប្រហារទៅលើក្រុមហ៊ុនមួយទៀតទេ។ពួកអាចង្រៃនេះ បើវ៉ាប់ឡើងគិតតែពីជេរឯងតែម្តង ពីថ្ងៃនេះទៅអត់មានអត់ឱន មិនលើកលែងមិនអត់ឱន តាំងពីក្រោមដល់លើ បើត្រូវវ៉ៃខ្នោះគឺវ៉ៃភ្លាមតែម្តង។

សម្តេចបានបញ្ជាក់បន្ថែមថា ចាប់ពីពេលនេះទៅ គណបក្សប្រជាជនត្រូវតែលុបបំបាត់នូវការចោទប្រកាន់ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្លួន ដោយទី១ គឺពាក្យដែលចោទគណបក្សប្រជាជនកម្ពុជាថា លួចសន្លឹកឆ្នោត និងចំណុចទី២ គឺការចោទប្រកាន់លើប្រវត្តិគណបក្សប្រជាជនកម្ពុជា។

សម្តេចបានបន្ថែមទៀតថា ខ្ញុំមានដែលទៅប៉ះពាល់បក្សអ្នកឯងឯណា ហេតុអីបានអ្នកឯងមកប៉ះពាល់គណបក្សប្រជាជន សូម្បីតែគណបក្សប្រជាជនកើតពីត្រង់ណាអីត្រង់ណាអ្នកឯងមកថ្កោលទោស អ្នកឯងស្គាល់លទ្ធិប្រជាធិបតេយ្យគ្រប់គ្រាន់ហើយនៅ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅជនបរទេសទាំងឡាយ កុំឱ្យមានការលូកដៃ ប្រសិនបើសម្តេចចាត់វិធានការទៅលើការចោទប្រកាន់ដោយមិនមានមូលដ្ឋាន និងវាយប្រហារលើគណបក្សប្រជាជនកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×