ភ្នំពេញ ៖ ឆ្លើយតបនឹងការចោទប្រកាន់ថា ការចាប់ខ្លួន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទាន គឺជាការគំរាមកំហែងផ្នែកនយោបាយ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានប្តឹងគណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់ថា គណបក្សកាន់អំណាច បានគំរាមកំហែងលើគណបក្សប្រឆាំងចំពោះការចាប់ខ្លួន លោក ថាច់ សេដ្ឋា ដែលតាមពិត គឺពាក់ព័ន្ធនឹងករណីចេញសែកស្អុយតែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងពិធីចុះពិនិត្យការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព» និងសំណេះសំណាលជាមួយក្រុមការងារសាងសង់ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដោយសម្តេចតេជោ បានសង្កត់ថា ការចាប់ខ្លួន លោក ថាច់ សេដ្ឋា គឺជារឿងអនុវត្តច្បាប់សុទ្ធសាធ មិនមានការពាក់ព័ន្ធនឹងនយោបាយទេ ហើយករណីនេះក៏ធ្លាប់កើតឡើងជាហូរហែកន្លងមកដែរចំពោះអ្នកដែលបានប្រព្រឹត្តកំហុសដូចគ្នានេះ ហើយត្រូវបានចាប់ខ្លួន។
កុំរឿងអី សុទ្ធតែរឿងនយោបាយទាំងអស់ ហើយខ្ញុំសូមទទូចអង្វរករផង តែក៏មានវិធានការផ្លូវច្បាប់ចំពោះអ្នកឯងដែរ អ្នកអត់អាចចេញសេចក្តីថ្លែងការណ៍បន្ទោសថា គណបក្សកាន់អំណាចគំរាមកំហែងអ្នកឯងទេ អ្នកឯងប្រយ័ត្នគណបក្សប្រជាជនកម្ពុជាប្តឹង អ្នកឯងចេញសែកអត់លុយ រឿងតុលាការប្តឹង ជារឿងសមហេតុផលណាស់ ស្រាប់តែមកទម្លាក់កំហុសថា គណបក្សប្រជាជនកម្ពុជាកាន់អំណាចជាអ្នកគំរាមកំហែងទៅវិញ។

ពេលនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមេធាវីគណបក្សប្រជាជនកម្ពុជា សិក្សាអំពីសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដើម្បីប្តឹងទៅតាមច្បាប់។ សម្តេចសង្កត់ធ្ងន់ថា ឱ្យហ្អែង សុំទោស បើមិនសុំទោសប្តឹងហ្អែងទៀត ខ្ញុំបានប្រាប់ទៅមេធាវីគណបក្សប្រជាជនកម្ពុជាហើយ ឱ្យមើលសេចក្តីថ្លែងការណ៍ហ្នឹង គណបក្សកាន់អំណាច វាមានតែគណបក្សប្រជាជន កម្ពុជា? តើគេកំហែងហ្អែងពីអង្កាល់ គំរាមនៅកន្លែងណា បើហ្អែងមិនដកពាក្យហ្នឹងទេ ប្តឹងមួយទៀត។
សូមបញ្ជាក់ថា លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» (សែកស្អុយ)។ បន្ទាប់ពីឃាត់ខ្លួន នៅល្ងាចថ្ងៃដដែលនេះ តុលាការបានសម្រេចឃុំខ្លួន លោក ថាច់ សេដ្ឋា នៅក្នុងពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN





