Thursday, February 9, 2023

ប្រាក់បំណុលរបស់សហរដ្ឋអាមេរិក កើនដល់ដែនកំណត់

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលសភាសហរដ្ឋអាមេរិក បានខកខាន មិនបានអនុម័តច្បាប់បង្កើនកម្រិតបំណុល កាលពីថ្ងៃព្រហស្បតិ៍ នោះមក រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី ចាណែត យ៉ែលឡែន (Janet Yellen) បានប្រាប់ដល់សមាជិកសភា ថា ក្រសួងរបស់លោកស្រី បានចាប់ផ្តើមអនុវត្តនូវអ្វីដែលជា«វិធានការពិសេសថ្មីមួយ»។

សារព័ត៌មាន UPI របស់ឥណ្ឌា បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២០ ខែមករា ថា សហរដ្ឋអាមេរិក បានឈានដល់កម្រិតបំណុលជាតិ ទំហំទឹកប្រាក់ ៣១,៤លានលានដុល្លារ ($31.4 trillion) គិតត្រឹមថ្ងៃព្រហស្បតិ៍ ហើយតម្រូវឱ្យសភាបង្កើនប្រាក់បំណុល ដើម្បីបំពេញកាតព្វកិច្ចហិរញ្ញវត្ថុជាតិ ដែលមានស្រាប់។

លោកស្រី ចាណែត យ៉ែលឡែន (Janet Yellen) រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានផ្ដល់នូវការកត់ស្គាល់ ដល់មេដឹកនាំសភារបស់ប្រទេសមហាអំណាចកំពូល នៅលើពិភពលោកទាំងសេដ្ឋកិច្ច និង យោធា នៅក្នុងលិខិតមួយច្បាប់ ដោយបានបញ្ជាក់ ថា លោកស្រីកំពុងតែអនុវត្ដនូវវិធានការវិសាមញ្ញមួយ សម្រាប់ឆ្លើយតបនឹងការបង់ប្រាក់ទាំងនោះ។

លោកស្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានសរសេរលិខិត ជូនទៅលោក ខេវិន មឺកខាធី (Kevin McCarthy) ប្រធានសភា ថា «ខ្ញុំសូមគោរពសភា សូមឱ្យធ្វើសកម្មភាពភ្លាមៗ ដើម្បីការពារទំនុកចិត្ត និង ឥណទានពេញលេញរបស់សហរដ្ឋអាមេរិក»។

សមាជិកសភារបស់សហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានបង្ហាញ ថា ពួកគាត់នឹងទាមទារឱ្យមានការកាត់បន្ថយនូវការចំណាយយ៉ាងច្រើន មុនពេលយល់ព្រម ដំឡើងប្រាក់បំណុលដ៏ខ្ពស់កប់ពពក ខណៈរដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) ចង់ឲ្យកម្រិតអតិបរមាប្រាក់បំណុលរបស់សហព័ន្ធន៍ កើនឡើង ដោយគ្មានដែនកំណត់។

លោកស្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានព្រមានទៅដល់មេដឹកនាំសភា ថា ការខកខាននៅក្នុងការដំឡើងនូវកម្រិតប្រាក់បំណុល ឲ្យដល់ដែនកំណត់ មិនឲ្យទាន់ពេលវេលា នឹងបង្កឱ្យមានគ្រោះថ្នាក់ ដែលមិនអាចស្ដារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកឡើងវិញបានឡើយ។

បើទោះជាមានការព្រមាន និង បង្ហាញការពិត ដោយបានលើកឡើង ថា ការបង្កើនដល់កម្រិតដែនកំណត់ប្រាក់បំណុល គឺជាសកម្មភាពធម្មតា ដែលបានកើតឡើង នៅក្រោមអំណាចរបស់ប្រធានាធិបតី ទាំងពីមកពីគណបក្សប្រជាធិបតេយ្យ និង គណបក្សសាធារណរដ្ឋ យ៉ាងណាក៏ដោយ ក៏លោក McCarthy បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន នៅសប្តាហ៍នេះ ថា ការបង្កើនកម្រិតដែនកំណត់ប្រាក់បំណុល ដោយមិនបានកាត់បន្ថយនូវការចំណាយ ចេញពីលើតុ។

នៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ លោកស្រី ការីន ហ្សង់ព្យា (Karine Jean-Pierre) មន្រ្ដីទទួលបន្ទុកព័ត៌មាន ប្រចាំសេតវិមាន បានបញ្ជាក់ ថា គណបក្សសាធារណរដ្ឋ កំពុងតែគំរាមកំហែង សម្លាប់ការងារដល់មនុស្សរាប់លាននាក់ និង ផែនការ ប្រហែល ៤០១ ០០០គម្រោង ដោយព្យាយាមកាន់កាប់ដែនកំណត់កម្រិតប្រាក់បំណុល ធ្វើជាចំណាប់ខ្មាំង លុះត្រាតែពួកគេអាចធ្វើម្តងទៀត កាត់ផ្ដាច់សន្តិសុខសង្គម កាត់ផ្ដាច់ការថែទាំសុខភាព។

លោកស្រី បានបន្ថែម ថា រដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន នឹងមិនចរចា ហើយកម្រិតប្រាក់បំណុល នឹងកើនឡើង ដោយគ្មានដែនកំណត់។

លោកស្រី ហ្សង់ព្យា បានសង្កត់ធ្ងន់ ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន នឹងមិនអនុញ្ញាតឲ្យសមាជិកគណបក្សសាធារណរដ្ឋ ចាប់យកសេដ្ឋកិច្ច ធ្វើជាចំណាប់ខ្មាំង ឬ ធ្វើឱ្យជនជាតិអាមេរិក ត្រូវបង់ថ្លៃ សម្រាប់គម្រោងរបស់ពួកគេ ដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រជាជនអាមេរិក ដែលមានបំផុត និង ផលប្រយោជន៍ពិសេសផងដែរ»។

បើតាមលោកស្រី រដ្ឋមន្រ្ដី បានឲ្យដឹងថា ករណីនេះ មិនច្បាស់ទេថា រយៈពេលប៉ុន្មានដែលសាច់ប្រាក់របស់រដ្ឋាភិបាល និង វិធានការវិសាមញ្ញ អាចដំណើរការ សម្រាប់បំពេញកាតព្វកិច្ចសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះបាន ប៉ុន្តែលោកស្រី បាននិយាយ ថា វាមិនទំនងជាថា ធនធាននឹងត្រូវអស់ នៅមុនដើមខែមិថុនានោះដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២