Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជា​នេសាទ​ចោទ​ឈ្មួញ​ចិញ្ចឹម​គ្រែង​ឈាម​ហ៊ុំព័ទ្ធ​ឆ្នេរសមុទ្រ​មិនអោយ​ប្រកប​របរ​នេសាទ​

​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ មាន​របរ​ធ្វើ​នេសាទ​សមុទ្រ នៅ​តំបន់​កោះ​ខ្យង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ចោទ​ឈ្មួញ​ចិញ្ចឹម​គ្រែង​ឈាម ឬ​ចិញ្ចឹម​កូន​គ្រែង មាន​ទីតាំងនៅ​ម្តុំ​តំបន់​កោះ​ខ្យង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ថា​បាន​ហ៊ុំព័ទ្ធ​ឆ្នេរសមុទ្រ​មាន​វិសាលភាព​ធំ​ទូលាយ ដោយ​ហាមឃាត់​មិនអោយ​ពលរដ្ឋ​ធ្វើ​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ចិញ្ចឹមជីវិត​អោយបាន​ទូលំទូលាយ​នោះទេ​។​

លោក សរ កក្កដា អភិបាលស្រុកព្រៃនប់

​ផ្តើម​ពី​បញ្ហា​នេះ ប្រជា​នេសាទ ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់ជាតិ ពិសេស​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​ជលផល​សមុទ្រ​ជាដើម ជួយ​ប​ញ្ចូ​ន​មន្ត្រី​ចុះ​ពិនិត្យ និង​ជួយ​អន្តរាគមន៍ អោយ​ប្រជា​នេសាទ​សមុទ្រ រស់នៅ​តំបន់​កោះ​ខ្យង អាច​ប្រក​បរបរ​នេសាទ​នៅលើ​ផ្ទៃសមុទ្រ​អោយបាន​ទូលំទូលាយ​ឡើងវិញ​។​

​អ្នកនេសាទ​រស់នៅ​តំបន់​កោះ​ខ្យង ចោទថា ឈ្មួញ​ចិញ្ចឹម​គ្រែង​ឈាម​មួយចំនួន បាន​បើក​ធ្វើ​ជំនួញ​នេះ ដោយ​អាងខ្នង​បង្អែក ឬ​អ្នកកាង​ការពារ​តែ​រៀងៗ​ខ្លួន ហើយ​ឈ្មួញ​ខ្លះ បាន​បើក​ធ្វើ​វារីវប្បកម្ម​ចិញ្ចឹម​គ្រែង​ឈាម​នេះ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​អោយបាន​ត្រឹមត្រូវ​ទេ​។

​ចំណែក​ឈ្មួញ​ខ្លះទៀត បាន​ហ៊ុំព័ទ្ធ​ស៊ុម​គ្រែង​ឈាម​នេះ លើស​ចំនួន​ទំហំ​ហិច​តារ ឬ​លើស​ទំហំ​ផ្ទៃសមុទ្រ ដែល​បាន​ស្នើសុំ ដោយ​ឈ្មួញ​ខ្លះ​បាន​ហ៊ុំព័ទ្ធ​លើសពី​ច្បាប់​អនុញ្ញាត​ច្បាប់ ចាប់ពី ១​ហិច​តារ រហូតដល់ ១០​ហិច​តារ​ជាដើម​។​
​ប្រជា​នេសាទ​ខ្លះទៀត បាន​អះអាងថា ឈ្មួញ​មួយចំនួន បាន​បើក​ធ្វើ​អាជីវកម្ម​ចិញ្ចឹម​គ្រែង​ឈាម​នៅ​តំបន់​កោះ​ខ្យង​នេះ ក្រោមរូបភាព​យក​ប្រជាពលរដ្ឋ​ធ្វើជា​ខែល ដើម្បី​ពាំង​មុខរបរ​ល្មើស របស់​ពួកគេ​..​។​ល​។​

​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្រុមការងារ​ចម្រុះ ដឹកនាំ​ដោយ លោក សរ កក្កដា អភិបាលស្រុក​ព្រៃនប់ បាន​ចុះ​ត្រួតពិនិត្យ និង វាស់វែង​ទីតាំង​ធ្វើ​វារីវប្បកម្ម​ចិញ្ចឹម​គ្រែង​ឈាម​ចំនួន ៣​ទីតាំង ស្ថិតនៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
​កោយ​បញ្ចប់​សកម្ម​ភាពចុះ​ពិ​នុ​ត្យ​ទីតាំង​ចិញ្ចឹម​គ្រែង​ឈាម​ទាំងនោះ លោក សរ កក្កដា បាន​ប្រាប់​ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ​ថា ទីតាំង​ចិញ្ចឹម​គ្រែង​ឈាម​ទាំង ៣​ទីតាំង​នោះ ជា​លទ្ធផល​បន្ទាប់ពី​បាន​ចុះ​វាស់វែង​ទីតាំង របស់​ឈ្មោះ​លោកស្រី ផេង នី​,​លោក លីវ លីម និង​ឈ្មោះ ស៊ូ ចាន់​ផន​។​

​ទីតាំង​ទាំង ៣​ខាងលើ គឺមាន​ទីតាំង​ខ្លះ មាន​លិខិតអនុញ្ញាត​ច្បាប់​ចេញ ដោយ​ស្ថាប័ន​ជំនាញ ឲ្យ​បាន​ត្រឹមត្រូវ និង​ខ្លះទៀត​មិនទាន់​មានច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​អោយ​គ្រប់​ចំនួន​ទេ​។
​លោក សរ កក្កដា បន្ថែមថា តាម​ការពិនិត្យ​ជាក់ស្តែង​ដក់​ទីតាំង​ចិញ្ចឹម​គ្រែង​ឈាម គឺមាន​ម្ចាស់​ធ្វើ​អាជីវកម្ម​ខ្លះ បាន​បោះបង្គោល​ហ៊ុំព័ទ្ធ​កំណត់​ផ្ទៃ​ទឹកសមុទ្រ​ខុសគ្នា​នឹង​ទំហំ ដែល​ពួកគេ​បានស្នើ​សុំ ក្នុងនោះ លោកស្រី ផេង នី បានស្នើ​សុំ ១០​ហិកតា ប៉ុន្តែ​ជាក់ស្តែង​បាន​បោះបង្គោល​ហ៊ុំព័ទ្ធ​រំលោភ​ប្រមាណ ២០​ហិច​តារ និង​មាន​សង់រោង​ចំនួន ៣​នៅលើ​ទីតាំង​នោះ​។ លោក លីវ លីម បានស្នើ​សុំ ៥​ហិកតា ជា​បោះបង្គោល​ហ៊ុំព័ទ្ធ​ជាក់ស្តែង​ប្រមាណ ៦​ហិច​តារ និង​មាន​សង់រោង​ចំនួន​១ នៅលើ​ទីតាំង​នោះ និង លោក ស៊ូ ចាន់​ផន បានស្នើ​សុំ ៥​ហិកតា ប៉ុន្តែ​ជាក់ស្តែង បាន​បោះបង្គោល​ហ៊ុំព័ទ្ធ​ប្រមាណ ១០​ហិច​តារ និង​មាន​សង់រោង ១ នៅលើ​ទីតាំង​ជាក់ស្តែង​។​
​ត្រង់ចំណុច​នេះ លោក សរ កក្កដា បាន​ព្រមាន​ថា ចំពោះ​ទីតាំង​ចឹ​ញ្ចឹ​ម​គ្រែង​ឈាម​ទាំងឡាយណា ដែល​បាន​ហ៊ុំព័ទ្ធ​ហួស​ប្បាប់​អនុញ្ញាត លោក​នឹង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ដើម្បី​ជៀសវាង ការឆ្លើយ​ដាក់គ្នា រវាង​ឈ្មួញ​ចិញ្ចឹម​គ្រែង​ឈាម នៅ​តំបន់​កោះ​ខ្យង ហើយ​បាន​ហ៊ុំព័ទ្ធ​ផ្ទៃ​ទឹកសមុទ្រ​លើសពី​ទំហំ ដែល​ច្បាប់​បានអនុញ្ញាត​។ ជាពិសេស​បាន​នាំអោយ​ប៉ះពាល់​ដល់​ការធ្វើ​របរ​នេសាទ ជា​លក្ខណៈ​គ្រួសារ​នៅ​ប្រទេស​កម្ពុជា របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​។ លោក សរ កក្កដា សង្កត់ធ្ងន់ថា ម្ចាស់​ទីតាំង​ល្មើស​ទាំងនោះ នឹង​តម្រូវអោយ​អនុវត្ត​ទៅតាម​ទំហំ ដែល​បាន​ស្នើសុំ​ពី​ស្ថាប័ន​ជំនាញ បើ​មាន​អ្នក​រឹងទទឹង​នឹងមាន​វិធានការ​ផ្លូវច្បាប់​ធ្ងន់ធ្ងរ​។​

​ចំណែក លោក ឯម ភា នាយ​សង្កាត់​ជលផល​ស្រុក​ព្រៃនប់ បានអោយដឹងថា ចំពោះ​ទីតាំង​ចិញ្ចឹម​គ្រែង​ឈាម​ទាំង ៣​ទីតាំងនៅ​តំបន់​កោះ​ខ្យង​ខាងលើ គឺ​បាន​សុំច្បាប់​អនុញ្ញាត ពី​មន្ត្រី​ស្ថាប័ន​ជំនាញ​រៀងៗ​ខ្លួន ប៉ុន្តែ​នៅមាន​ចំណុច​ស្មើ​ស​ច្បាប់​មួយចំនួន ដែល​តម្រូវអោយ​ម្ចាស់​ទីតាំង​ចិញ្ចឹម​គ្រែង​ឈាម​ទាំងនោះ​ត្រូវអនុវត្ត​អោយស្រប​តាមច្បាប់​អុ​ញ្ញាត ចេញ​ដោយ​ស្ថាប័ន​ជំនាញ​។​

​មន្ត្រី​ជំនាញ​រូបនេះ ឲ្យ​ដឹងថា ច្បាប់​ចិញ្ចឹម​កូន​គ្រែង​ឈាម អ្នកធ្វើអាជីវកម្ម​ទាំងអស់ តម្រូវអោយ​សុំច្បាប់ ១​ឆ្នាំ​ម្តង ហើយ​យោងតាម​ច្បាប់​ថ្មី អាជីវករ ដែល​ពុំទាន់​បាន​សុំច្បាប់​អនុញ្ញាត​ទីតាំង​ចិញ្ចឹម​គ្រែង​ឈាម​កន្លងមក គឺ ត្រូវសុំ​ច្បាប់​បន្ថែម ពី​ក្រសួងបរិស្ថាន ព្រោះ​ក្រសួងបរិស្ថាន ជា​ស្ថាប័ន​មាន​សមត្ថកិច្ច ក្នុងការ​អនុញ្ញាត​ទីតាំង​ទាំងនោះ​។ រីឯ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​អ្នក​អនុញ្ញាត​ច្បាប់​ទាក់ទង​បច្ចេកទេស​ជាដើម​៕ ដោយ​៖ ដែន សីមា​

×