រាជធានីអូស្លូ(Oslo)៖ ចាប់តាំងពីប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន បានបញ្ជាឲ្យកងទ័ពរុស្ស៊ី វាយប្រហារ ចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី២៣ ខែមករា គឺមានរយៈពេល៣៣៤ថ្ងៃមកហើយ ខណៈការវាយប្រយុទ្ធគ្នាកំពុងតែបន្ដ កាន់តែមានសភាពសាហាវឃោរឃៅខ្លាំងឡើង ហើយមេទ័ពកំពូលរបស់ន័រវ៉ែស បានអះអាង ថា ទាហានរុស្ស៊ី ប្រហែលជិត២សែននាក់ បានស្លាប់ និង រងរបួស។
សារព័ត៌មានសិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៣ ខែមករា ថា មេទ័ពកំពូលរបស់ន័រវ៉ែស បានចេញផ្សាយនូវការប៉ាន់ប្រមាណរបស់ខ្លួន កាលពីថ្ងៃអាទិត្យ ថា រហូតមកដល់ពេលនេះ រុស្ស៊ី បានរងការខូចខាតដល់កម្លាំងទាហាន ទាំងស្លាប់ ឬ របួស នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន ប្រហែល ១៨០ ០០០នាក់។ ចំណែកកងទ័ពអ៊ុយក្រែន ក៏បានរងគ្រោះថ្នាក់ ប្រហែល ១០០ ០០០នាក់ផងដែរ ខណៈជនស៊ីវិល ប្រហែល ៣០ ០០០នាក់ត្រូវសម្លាប់ នៅក្នុងសង្គ្រាមដ៏ឃោរឃៅនេះ។

លោកឧត្ដមសេនីយ៍ អេរីក គ្រីស្ដូហ្វហ័រសេន (Eirik Kristoffersen) ប្រមុខការពារជាតិន័រវ៉ែស បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងទូរទស្សន៍ TV2 ដោយមិនបានបញ្ជាក់ អំពីរបៀបចំនួន ត្រូវបានគណនា ថា «ការខូចខាតរបស់រុស្ស៊ី មានស្លាប់ ឬ របួសដល់កងទ័ព ប្រហែល ១៨០ ០០០នាក់ ខណៈអ៊ុយក្រែន ក៏បានរងការខូចខាត ប្រហែល ១សែននាក់ ហើយជនស៊ីវិល ប្រហែល ៣០ ០០០ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមនេះ»។
ន័រវ៉ែស ជាប្រទេសអឺរ៉ុបខាងជើង មានព្រំដែនជាប់ជាមួយនឹងប្រទេសរុស្ស៊ី ហើយក្រុងអូស្លូ បានចូលជាសមាជិករបស់អង្គការណាតូ ចាប់តាំងពីអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ បានបង្កើនឡើង នៅក្នុងអំឡុងឆ្នាំ១៩៤៩មកម៉្លេះ។
លោក ម៉ាក មីលឡេ (Mark Milley) នាយអគ្គសេនាធិការចម្រុះ កងទ័ពសហរដ្ឋអាមេរិក ធ្លាប់បានលើកឡើង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ថា រុស្ស៊ី បានរងនូវការខូចខាតកម្លាំងទាហាន ទាំងស្លាប់ ឬ របួស ប្រហែលជាង ១សែននាក់ ខណៈអ៊ុយក្រែន មានរងគ្រោះថ្នាក់ ប្រហាក់ប្រហែលគ្នានេះដែរ។

ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងកៀវ មិនបានផ្ដល់តួលេខ អំពីចំនួនការខូចខាតកម្លាំងទ័ពរបស់ពួកគេ នៅក្នុងរយៈពេលប៉ុន្មានខែមកនេះ គួរឲ្យទុកចិត្តនោះឡើយ។ ជាមួយគ្នានេះ ក៏មិនទាន់មានប្រភពឯករាជ្យណាមួយ បញ្ជាក់ អំពីចំនួនកងទ័ពទាំងសងខាង រងគ្រោះថ្នាក់ ឲ្យបានជាក់លាក់នោះដែរ។
ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ ប្រមុខការពារជាតិន័រវ៉ែស ក៏បានអំពាវនាវ ឲ្យបញ្ជូនរថក្រោះ ទៅកាន់អ៊ុយក្រែន ឲ្យបានឆាប់បំផុត ដែលរហូតមកដល់ពេលនេះ អាល្លឺម៉ង់ នៅតែគ្រប់គ្រងរថក្រោះធុនធ្ងន់ទំនើបៗច្រើនជាងគេ។ ឥឡូវនេះ អ៊ុយក្រែន កំពុងតែធ្វើសង្គ្រាម នៅក្នុងរដូវរងា ដូច្នេះពួកគេចាំបាច់ត្រូវការគ្រឿងចម្បាំងធុនធ្ងន់ឲ្យបានលឿនបំផុត។
ថ្វីបើមានការអំពាវនាវជាបន្ទាន់ ពីអ៊ុយក្រែន និង បណ្ដាប្រទេសអឺរ៉ុបយ៉ាងណាក្ដី ប៉ុន្ដែក្រុងប៊ែរឡាំង កាលពីថ្ងៃសុក្រ សប្ដាហ៍មុន នៅតែបដិសេធនូវការផ្គត់ផ្គង់រថក្រោះ Leopard 2
ទៅកាន់ក្រុងកៀវ ដដែល។ រថក្រោះធុនធ្ងន់ទាំងនេះ មានវត្ដមាន នៅក្នុងតំបន់អឺរ៉ុបជាច្រើនប្រទេស រួមមាន ន័រវ៉ែស ដាណឺម៉ាក ហ្វាំងឡង់ដ៍ ប៉ូឡូញ អាល្លឺម៉ង់…ជាដើម៕ រក្សាសិទ្ធិដោយ ៖ សារាយSN






