ភ្នំពេញ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានថ្លែងក្រើនរំលឹកថាក្នុងស្ថានភាពដែលសេដ្ឋកិច្ចប្រឈមនឹងភាពមិនច្បាស់លាស់ កំណើនឥណទានខ្ពស់នៅតែជាហានិភ័យចម្បងមួយចំពោះប្រព័ន្ធធនាគារ ជាពិសេសក្នុងពេលដែលកម្រិតបំណុលរបស់ក្រុមហ៊ុន-សហគ្រាស និងអង្គភាពគ្រួសារ បានកើនឡើង ដោយសារវិបត្តិកូវីដ-១៩។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា កំណើនឥណទានរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានបន្តកើនឡើង ២១,៧៣ភាគរយ នៅឆ្នាំ ២០២២ បើធៀបនឹងឆ្នាំ ២០២១ ដែលមានទំហំទឹកប្រាក់ ៥៦ពាន់លានដុល្លារ ដែលត្រូវបានបែងចែកទៅគ្រប់វិស័យ។

ការជឿទុកចិត្តមកលើប្រព័ន្ធធនាគារ បានបន្តមានភាពរឹងមាំ ជាមួយកំណើនប្រាក់បញ្ញើអតិថិជនដែលមានអត្រា ១៥,៣៨ភាគរយ ស្មើនឹង ៤៥ពាន់លានដុល្លារ។ ឥណទានត្រូវបានផ្តល់ទៅកាន់វិស័យសំខាន់ៗ ដែលមានកំណើនខ្ពស់ជាងគេ ដូចជា វិស័យជួញដូររាយ និងជួញដូរដុំ, កម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន, កសិកម្ម, សំណង់, ការជួញដូរអចលនទ្រព្យ, ពាណិជ្ជកម្ម និងជំនួញ, កម្មមន្តសាល និងកម្ចីជាបុគ្គល។

ឯកឧត្តម ជា ចាន់តូ បានថ្លែងថា ការកើនឡើងអត្រាការប្រាក់លើទីផ្សារអន្តរជាតិ ដែលជាប្រភពទុនមួយផ្នែកនៃប្រព័ន្ធធនាគារកម្ពុជា ក៏បានបណ្តាលឱ្យអត្រាការប្រាក់នៅកម្ពុជាកើនឡើងបន្តិចបន្តួចដែរ។ កន្លងមក កម្រិតខ្ពស់នៃសន្ទនីយភាពបានជួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុគ្រប់គ្រងសម្ពាធនៃការកើនឡើងអត្រាការប្រាក់ ក៏ប៉ុន្តែប្រសិនបើអត្រាការប្រាក់លើទីផ្សារអន្តរជាតិកើនឡើងបន្ថែមទៀត នោះក៏អាចនាំឱ្យអត្រាការប្រាក់នៅកម្ពុជាកើនឡើងដែរ។

ឯកឧត្តមបានលើកឡើងថា ឆ្នាំ២០២២កន្លងទៅ ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែរក្សាភាពរឹងមាំទាំងការផ្តល់កម្ចី និងទទួលប្រាក់បញ្ញើ ទោះបីពិភពលោកប្រឈមកំណើនសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ។

គួរបញ្ជាក់ថា បើយោងតាមធនាគារជាតិនៃកម្ពុជា បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០២២ មានកំណើនក្នុងអត្រា ៥,១%។ ចំណែកសេដ្ឋកិច្ចពិភពលោក ត្រូវបាន IMF ប៉ាន់ប្រមាណថា នឹងមានកំណើនក្នុងអត្រា ៣,២% នៅឆ្នាំ ២០២២ និង ២,៧% នៅឆ្នាំ ២០២៣ ដែលកំណើននេះ ទាបជាងការរំពឹងទុក ដែលបណ្តាលមកពីការហក់ឡើងនៃសម្ពាធអតិផរណាខ្ពស់ជាសកល៕