ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង (Phan Van Giang) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ដវៀតណាម អនុប្រធានគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជា រដ្ឋមន្ត្រីការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូនៃក្រសួងការពារប្រទេសវៀតណាម មកបំពេញទស្សនកិច្ចការងារ និងជាផ្លូវការផងដែរ នៅក្នុងទឹកដីនៃខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរឹតចំណងមេត្រីភាព សាមគ្គីភាព ក្នុងនិងក្រៅប្រទេស ភូមិផងរបងជាមួយ និងជា អ្នកជិតខាងដ៏ល្អជាយូរអង្វែងមកហើយជាមួយនឹងព្រះរាជាណាចក្រកម្ពុជាយើង នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងមួយថ្ងៃ ពោលគឺនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយឯកឧត្តម ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅកាន់ទឹកដីនៃខេត្ត គេដេញ សាធារណរដ្ឋសង្គមនិយមវៀតណាម និងខេត្ត គេដេញ វៀតណាមជាប់នឹងខេត្តស្វាយរៀង ជាដំណើរទស្សនកិច្ច ដែលមានទាំងទៅ មានទាំងមក តាមការអញ្ជើញទៅវិញ ទៅមកជាប់គ្នា ក្នុងវេលាសឹងតែមួយ ដ៏កម្រមានហើយធ្វើឡើង ក្នុងកាលៈទេសៈ ដែលព្រំដែននៃប្រទេសទាំងពីរ ស្ថិតនៅក្នុងសុខសន្តិភាព សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងប្រជាជាតិ និងប្រជាជនទាំងពីរ កម្ពុជា វៀតណាម ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋ នៃប្រជាជនទាំងកម្ពុជា ទាំងវៀតណាម ជាពិសេស ប្រជាជនទាំងពីរប្រទេស ដែលរស់នៅតាមបណ្ដាខេត្តនៃកម្ពុជា ជាប់នឹងបណ្ដាខេត្តនៃវៀតណាម តាមព្រំប្រទល់នៃប្រទេសទាំងពីរ។
សកម្មភាពដ៏មានសារៈសំខាន់ ពិសេសៗទាំងឡាយ នៅលើទឹកដីខេត្តនាយ ងញ (វៀតណាម) និង ទឹកដីខេត្តស្វាយរៀង (កម្ពុជា) ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ប្រមុខការពារជាតិកម្ពុជា និង នាយឧត្តមសេនីយ៍ប្រមុខការពារប្រទេសវៀតណាម ហ្វាន វ៉ាន់យ៉ាង (Phan Van Giang) មានជាអាទិ៍ រួមមាន ការចុះហត្ថលេខាលើឯកសារ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ រួមគ្នាដាំដើមឈើមិត្តភាព សមយុទ្ធរួមនៃកងយុទ្ធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាម (ឬ កងទ័ពអ៊ុំហូ) ដែលធ្លាប់កៀកស្មាគ្នា រួមគ្នាក្នុងលេណដ្ឋានតែមួយប្រឆាំងសត្រូវរួមអាណានិគមនិយម ចក្រពត្តិនិយម កិច្ចសន្ទនានយោបាយការពារជាតិ ការពរបង្គោលព្រំដែនមិត្តភាព ដែលបានបោះរួច តាមភាគីកម្ពុជា វៀតណាម បានរួមចិត្ត កំណត់ឯកភាពគ្នារួចជាស្រេចហើយ ការបញ្ចុះបឋមសិលាកសាងសាលារៀនជូនកម្ពុជា លើទឹកដីនៃខេត្តស្វាយរៀង។ល។ ទាំងនោះ គឺជាសក្ខីភាពនៃមិត្តភាពដ៏យូរអង្វែង រឹងមាំ រវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ នឹងការកសាងព្រំដែនមិត្តភាពកម្ពុជាវៀតណាម ឲ្យកាន់តែទទួលបានសុខសន្តិភាព រឹងមាំយូរអង្វែង ជាប្រយោជន៍ដល់ការប្រកបរបរចិញ្ចឹមជីវិត ធ្វើមាន ធ្វើបាន សម្រាប់ប្រជាជនកម្ពុជា និងវៀតណាម សម្រាប់បច្ចុប្បន្ន និងបន្តទៅអនាគតយូរអង្វែងទៀត។
ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម កូនចៅនៃអម្បូរកម្មករ មកពីទីក្រុងណាមឌីញ ទីក្រុងដែលមានប្រតិបត្តិការងើបឡើងយ៉ាងក្លាហានមោះមុត តស៊ូប្រឆាំងអាណានិគម ចក្រពត្តិនិយម ទាមទារឯករាជ្យ និងសេរីភាព ក្នុងជន្មាយុជាង៦៥ឆ្នាំហើយ បានចូលបម្រើក្នុងជួរកងទ័ពប្រជាជនវៀតណាម តាំងពីឆ្នាំ១៩៧៨ តាំងពីមានឋានៈជាពលតូច មកកាន់ឋានៈដ៏ខ្ពង់ខ្ពស់ ជានាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងការពារប្រទេស ដោយឆ្លងកាត់សាលារថក្រោះ និងរថពាសដែក រហូតមកកាន់កម្រិតសិក្សាខ្ពស់បំផុតជាបណ្ឌិត សហយោធា ឆ្លងកាត់ការប្រយុទ្ធនិងសមរភូមិ ដ៏ជាញជ័យជាច្រើនលើក បានមកកាន់ទឹកដីនៃខេត្តស្វាយរៀង(ខេត្តខ្មែរ) ដែលពោរពេញដោយស្មារតីស្នេហាជាតិ ប្រឆាំងអាណានិគមនិយមបរទេសចក្រពត្តិនិយម របបប្រល័យពូជសាសន៍ប៉ុលពត ដោយទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងដំណើរសន្តិភាពនិយម គោរពស្រឡាញ់រាប់អាន កងទ័ព និងប្រជាជនកម្ពុជា រក្សាខ្ជាប់នូវវិន័យនៃកងទ័ពអ៊ុំហូ។
សំណើច និងស្នាមញញឹមរបស់ប្រជាជនកម្ពុជា ជាពិសេសប្រជាជនកម្ពុជាខេត្តស្វាយរៀង ដែលបានជួបផ្ទាល់ ទឹកមុខ និងស្នាមញញឹមដ៏ស្រស់ដ៏ស្រទន់ ពេញដោយប្រជាប្រិយភាពរបស់ឯកឧត្ដម ហ្វាន វ៉ាន់យ៉ាង ជាការបង្ហាញថា លោកជាមេទ័ពវៀតណាមនាំមុខ ឈានមុខ ស្រឡាញ់សន្តិភាព ស្រឡាញ់ និងគោរពជំនឿ ទំនៀមទំលាប់របស់ប្រជាជនកម្ពុជា រួមវិភាគទានដ៏មហាធំធេង ដល់ការកសាងព្រំដែនសន្តិភាព វិបុលភាពរវាងកម្ពុជា និងវៀតណាម។
ព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះមហាក្សត្រគ្រងរាជ្យសម្បត្តិជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច ហើយនឹងបន្តគ្រប់គ្រងអំណាច តាមរយៈសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជាជាយូរអង្វែង ទៅមុខទៀត ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមកត់ត្រាទុកក្នុងក្រាំងមាសប្រវត្តិសាស្ត្រ នៅដំណើរមកកាន់ខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជា របស់ប្រមុខការពារជាតិវៀតណាម ហ្វាន វ៉ាន់យ៉ាង ដ៏ស្អាតស្អំបរិសុទ្ធ ក្នុងឋានៈជាកុលបុត្រដ៏ឆ្នើមនៃប្រជាជាតិប្រជាជនវៀតណាម ក្រោមការដឹកនាំដ៏មហាឈ្លាសវៃនៃបក្សកុម្មុយនីស្តវៀតណាម ដោយមានឯកឧត្តម តូ ឡឹម ជាប្រមុខដឹកនាំ ឬជាអគ្គលេខាបក្ស។
យើងខ្ញុំ សូមគោរពជូនពរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង និងសមាជិក សមាជិកានៃគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមទាំងអស់ បំពេញទស្សនកិច្ចការងារបែបផ្លូវការប្រវត្តិសាស្ត្រ កម្រកើតមានលើទឹកដីនៃក្រុងបាវិត ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលមាន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តនេះ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ក្នុងស្មារតី ជាឥស្សរជនកំពូល ឥស្សរជននិងជាមន្ត្រីកងទ័ពប្រជាជនវៀតណាម ដែលបាននាំមកនូវការពង្រឹងថែមទៀត ដល់សុខសន្តិភាព វិបុលភាព វឌ្ឍនភាពសេដ្ឋកិច្ចសង្គម តាមព្រំដែននៃកម្ពុជា និងវៀតណាម ពង្រឹងចំណងទាក់ទង មេត្រីភាពជាអ្នកជិតខាងល្អ សាមគ្គីភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ កម្ពុជា និងវៀតណាម ព្រមទាំងរួមវិភាគទានដល់ការពង្រឹង សន្តិភាពវិបុលភាពក្នុងតំបន់ និងពិភពលោក។
ជយោ !អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតស្ថេរយូអង្វែង!៕ រក្សាសិទ្ធដោយ៖ CEN












