ភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបានជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពឆក់យកកាបូបពីចង្កេះតែមិនបានសម្រេច បណ្តាលឲ្យធ្លាក់ត្រូវរ៉ឺម៉កកិនពីលើរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។
ហេតុការណ៍ខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ចំណុចចុងស្ពានអាកាសស្ទឹងមានជ័យ ខាងជើង ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះមានឈ្មោះ ម៉ី រ៉ូ អាយុ៣៥ឆ្នាំ មុខរបរលក់បន្លែ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្បែរផ្សារដើមគរ ក្នុងខណ្ឌទួលគោក មានស្រុកកំណើត នៅខេត្តស្វាយរៀង។
បើយោងតាមការបញ្ជាក់ពីបុរសជាប្តីស្រ្តីរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុដោយរូបគាត់ និងប្រពន្ធបានបើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ដឹកបន្លែចេញពីផ្សារដើមគរ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីកើតមកលិច គោលបំណង យកបន្លែទៅលក់នៅផ្សារជម្ជូវន្ត ខណៈពេលបើកមដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងមិនចាំម៉ាក ធ្វើដំណើរស្របទិសពីក្រោយ រួចក៏ឆក់យកកាបូបពីស្រ្តីជាប្រពន្ធចងជាប់នៅនឹងចង្កេះមិនបានសម្រេច បណ្តាលឲ្យធ្លាក់មកក្រោមបោកក្បាលនៅនឹងថ្នល់ ត្រូវរ៉ឺម៉កកិនពីលើបន្ថែមទៀត រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួន ទៅដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចខណ្ឌទួលគោក។

ក្រោយកើតហេតុខាងលើដោយមិនមានបាត់ទ្រព្យសម្បត្តិ អ្វីនោះទេ និងមិនមានវត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់បឹងសាឡាង ចុះទៅក៏បងប្អូនជនរងគ្រោះយកម៉ូតូសណ្តោងរ៉ឺម៉កទៅរក្សារទុក ឲ្យជនរងគ្រោះតែម្តងទៅ៕ រក្សាសិទ្ធិដោយ ៖ សា មេត





